កាល​ពី​ថ្ងៃ​សុក្រ ទី​ ២៥ កុម្ភៈ ​ក្រសួង​ការបរទេស​រុស្ស៊ី​ ​បាន​ព្រមាន​ប្រទេស​​ស៊ុយអែត​ និង​ហ្វាំងឡង់​ថា​ពួកគេ​នឹង​បង្ក​ «ផល​ប៉ះពាល់​យោធា និង​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ» ប្រសិន​បើ​ពួកគេ​ចូល​ជា​សមាជិក​នៃ​សម្ព័ន្ធ​ភាព​យោធា​លោក​ខាង​លិច​ណាតូ​។

ក្នុង​អំឡុង​ពេល​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​ ​លោកស្រី​ម៉ារីយ៉ា ហ្សាការ៉ូវ៉ា បាន​និយាយ​ថា​៖ «ហ្វាំងឡង់ និង​ស៊ុយអែត មិន​គួរ​រៀប​ចំ​គោលនយោ បាយ ​សន្តិសុខ​របស់​ពួកគេ​ដោយ​ផ្អែក​លើ​ការ​បំផ្លាញ​សន្តិសុខ​របស់​ប្រទេស​ដទៃ​ទេ ហើយ​ការ​ចូល​ជា​សមាជិក​អង្គការ​ណាតូ​អាច​បង្ក​ឱ្យ​មាន​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​នឹង​ប្រឈម​មុខ​នឹង​ផលវិបាក​ផ្នែក​យោធា និង​នយោបាយ​មួយ​ចំនួន​»។ លោកស្រី​ បាន​លើកឡើង​បែប​នេះ​ ខណៈ​ពេល​កងយោធា​រុស្សី​បន្ត​ការ​វាយ​ប្រហារ​ចូល​ក្នុង​ប្រទេស​អ៊ុយក្រែន​ ជុំវិញ​ការ​លម្អៀង​ទៅ​លោក​ខាង​លិច​។

ក្រោយ​មក​ ក្រសួង​ការបរទេស​រុស្ស៊ី​ ​បាន​ធ្វើ​ការ​ព្រមាន​នេះ​ម្ដង​ទៀត​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ដោយ​សរសេរ​ថា​៖ «យើង​ចាត់​ទុក​ការប្ដេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ហ្វាំងឡង់​ចំពោះ​គោលនយោបាយ​មិន​ចូល​បក្ស​សម្ព័ន្ធ​យោធា ​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​ធានា​សន្តិសុខ និង​ស្ថិរភាព​នៅ​អឺរ៉ុប​ខាង​ជើង។ ការ​ចូល​ជា​សមាជិក​របស់​ហ្វាំងឡង់​ទៅ NATO នឹង​មាន​ផល​ប៉ះពាល់​យោធា និង​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ»​។

ឯកអគ្គរដ្ឋទូត​ហ្វាំងឡង់​ប្រចាំ​សហរដ្ឋអាមេរិក​លោក​មីកកូ ហាតាឡា​ បាន​សរសេរ​លើ​ Twitter ថា​៖ «ភាព​ជា​ដៃគូ​ជាមួយ​សម្ព័ន្ធ​ភាព​នេះ​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​យើង​។ ខណៈ​ពេល​ដែល​ការ​រក្សា​ការពារ​ជាតិ​ដ៏​រឹង​មាំ​ យើង​រក្សា​ឱកាស​ដាក់​ពាក្យ​ចូល​ជា​សមាជិក​។ វា​ជា​សិទ្ធិ​អធិបតេយ្យភាព​របស់​ប្រទេស​នីមួយ​ៗ​ក្នុង​ការ​សម្រេច​ចិត្ត​លើ​គោលនយោបាយ​សន្តិសុខ​របស់​ខ្លួន​»​។

ប្រទេស​អ៊ុយក្រែន​បាន​បង្ហាញ​គោលបំណង​ចង់​ចូល​ជា​សមាជិក​អង្គការ​ណាតូ ប៉ុន្តែ​រុស្ស៊ី​​បាន​ប្រឆាំង​ចំពោះ​ការ​ពង្រីក​របស់​អង្គការ​នេះ​មក​ជិត​ព្រំដែន​របស់​ខ្លួន​ ដោយ​និយាយ​ថា ​វា​ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​របស់​ខ្លួន​៕