កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​ ២៨ កុម្ភៈ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​កោះ​ហៅ​សម័យ​ប្រជុំ​អាសន្ន​នៃ​មហាសន្និបាត​នៃ​ប្រទេស​ទាំង​ ១៩៣ ដើម្បី​ពិភាក្សា​ការ​ឈ្លានពាន​របស់​រុស្ស៊ី​​ចូល​ទៅ​អ៊ុយក្រែន​។

ការ​បោះឆ្នោត​ដោយ​ក្រុម​ប្រឹក្សា​ដែល​មាន​សមាជិក​ទាំង ១៥ គឺ​ជា​ការ​បោះឆ្នោត​នីតិវិធី ដូច្នេះ​រុស្ស៊ី​មិន​អាច​ប្រើ​អំណាច​វេតូ​របស់​ខ្លួន​បាន​ទេ។ សេចក្ដី​សម្រេច​មួយ​ដែល​បើក​សម័យ​ប្រជុំ​មហាសន្និបាត​ត្រូវ​បាន​អនុម័ត​ដោយ​សំឡេង​គាំទ្រ​ចំនួន ១១។ រុស្ស៊ី​បាន​បោះឆ្នោត​ប្រឆាំង ខណៈ​ចិន ឥណ្ឌា និង​អេមីរ៉ាត់​អារ៉ាប់​រួម​បាន​អនុប្បវាទ​មិន​បោះ​ឆ្នោត​។

នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​ដ៏​មមាញឹក​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង​ញូវយក​។ វា​បាន​កើត​ឡើង​បន្ទាប់​ពី​រុស្ស៊ី​ បាន​វេតូ​សេចក្ដី​សម្រេច​មួយ​កាល​ពី​ថ្ងៃ​សុក្រ ដែល​នឹង​ថ្កោល​ទោស​សកម្មភាព​របស់​រុស្ស៊ី​​ និង​ទាមទារ​ឱ្យ​រុស្ស៊ី​ដក​ទ័ព​ចេញ​ពី​អ៊ុយក្រែន​។

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក​ ស្រី​លីនដា ថូម៉ាស់-ហ្គ្រីនហ្វីល​បាន​និយាយ​ថា​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​អាច​បោះឆ្នោត​លើ​សេចក្ដី​សម្រេច​ស្រដៀង​នឹង​សេចក្ដី​សម្រេច​ខាង​លើ​នេះ​។ គ្មាន​ប្រទេស​ណា​មួយ​មាន​អំណាច​វេតូ​នៅ​មហាសន្និបាត​ទេ ប៉ុន្តែ​សេចក្ដី​សម្រេច​​អនុម័ត​ដោយ​មហាសន្និបាត​គឺ​មិន​មាន​ទម្ងន់​ផ្លូវ​ច្បាប់​ទេ​។

បើ​ទោះ​បី​ជា​មិន​មាន​ទម្ងន់​ផ្លូវ​ច្បាប់​ក៏​ដោយ​ សេចក្ដី​សម្រេច​ទាំង​នេះ​មាន​ទម្ងន់​នយោបាយ​។ សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​មិត្ត​របស់​ពួកគេ​មើល​សកម្មភាព​នៅ​អង្គការ​សហប្រជាជាតិ​ជា​ឱកាស​សម្រាប់​បង្ហាញ​ថា​រុស្ស៊ី​​នៅ​តែ​ឯង​លើ​ឆាក​ពិភពលោក​ បន្ទាប់​ពី​ការ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​៕