​ប្រជាជន​សេ​ណេ​ហ្គា​ល់​រាប់ពាន់នាក់ បាន​ប្រមូល​ផ្តុំគ្នា​កាលពី​សប្ដាហ៍​មុន ដើម្បី​អបអរ​ការបើក​សម្ពោធ​កីឡដ្ឋាន​ដ៏​ធំ​សម្បើម​មួយ ក្នុង​គោល​​បំណង​ធ្វើឱ្យ​ប្រទេស​អាហ្វ្រិ​ក​ក្លាយជា​កន្លែង​សម្រាប់​ព្រឹត្តិការណ៍​អន្តរជាតិ​។​

​កីឡដ្ឋាន​នេះ ស្ថិតនៅក្នុង​ក្រុង Diamniadio ដែលជា​ទីក្រុង​កំពុង​សាង​​សង់​ចម្ងាយ​ប្រហែល​ ៣០​ គីឡូម៉ែត្រ ពី​រដ្ឋធានី Dakar ដែល​ផ្លូវ​រថភ្លើង​ល្បឿន​លឿន បាន​បើក​ក្នុង​ខែធ្នូ​។ កីឡដ្ឋាន​ថ្មី​នេះ​មាន​ឈ្មោះថា Stade de Senegal នឹង​ក្លាយជា​កន្លែង​តែមួយគត់​ក្នុងប្រទេស​សេ​ណេ​ហ្គា​ល់ ដែល​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​បាល់​​ទាត់​អន្តរជាតិ​។​

​កីឡដ្ឋាន ដែលមាន​សមត្ថភាព​ផ្ទុក​អ្នកទស្សនា ៥ ​ម៉ឺន​កៅអី ត្រូវបាន​សាទរ​ដោយ​ការលេង​បាល់​មិត្តភាព​រវាង​ប្រធានាធិបតី​សេ​ណេ​ហ្គា​ល់ ​លោក Macky Sall និង​លោក Recep Tayyip Erdogan ប្រ​ធានា​​ធិបតី​ប្រទេស​តួ​ក​គី​។

​ការបង្ហាញ​ពី​ភាពរួស​រាយ​រាក់​ទាក់​នេះ ធ្វើឡើង​ក្នុងអំឡុងពេល​ពិធី​បើក​កីឡដ្ឋាន​ស្តង់ដា FIFA ដែល​សាងសង់ ដោយ​អ្នកម៉ៅការ​តួ​ក​គី Summa​។ ក្រុមហ៊ុន​នេះ ក៏បាន សាងសង់​សាលសន្និសីទ​ស​ណ្ឋា​គារ សាកលវិទ្យាល័យ អាកាស​​យានដ្ឋាន និង​ស្ថានីយ​រថភ្លើង​នៅ​ទូទាំង​ទ្វីប ហើយ​នេះ​គឺជា​គម្រោង​ទី​២២ ដែល​បានបញ្ចប់​នៅ​អនុតំបន់​សាហា​រ៉ាអាហ្វ្រិ​ក​។​

​ទោះបីជា​កីឡដ្ឋាន មិនមែនជា​​អំណោយ ដូច​អ្វីដែល​ចិន​បានផ្តល់​ដល់​បណ្តា​ប្រទេសអាហ្វ្រិក​ក៏ដោយ វា​បានបង្ហាញ​ពី​ឱកាស​មាស​សម្រាប់​ប្រទេស​តួ​ក​គី ក្នុងការ​​ផ្សព្វផ្សាយ​អ្នកម៉ៅការ​តួ​ក​គី​នៅ​ចំពោះមុខ​មេដឹកនាំ​អាហ្វ្រិក​ជាច្រើន​នាក់ និង​ទស្សនិកជន​ក្នុងស្រុក​ដែល​ពោរពេញ ដោយ​ភាព​រំភើប​អ្វី ដែល​សេ​ណេ​ហ្គា​ល់​ដែល​កំពុងតែ​ទទួលបាន ក្រោយ​យកជ័យ​ជម្នះ​នៅក្នុង​ការប្រកួត Africa Cup of Nations នៅ​ដើមខែ​នេះ​។​

១​ ថ្ងៃ​មុននេះ លោក Sall បាន​សរសើរ​អ្នកម៉ៅការ​នៅក្នុង​សន្និសីទកាសែត​ជាមួយ​លោក Erdogan ដោយ​និយាយថា អ្នកម៉ៅការ Summa បានបញ្ចប់​គម្រោង​ក្នុង​រយៈពេល ១៧ ខែ​ជំនួស​ឱ្យ ២៤ ​ខែ ដែល​បាន​គ្រោងទុក​ដំបូង​។​

​លោក​បាន​បន្តថា​៖ «​នេះ​គឺជា​ឧ​ទា​ហរ​ណ៍​ដ៏​អស្ចារ្យ​មួយទៀត​នៃ​របៀប ដែល​ក្រុមហ៊ុន​តួ​ក​­​គី​មាន​បំពេញការងារ​ល្អ​»​។ នា​ថ្ងៃ​ដដែល កិច្ចព្រមព្រៀង​ចំនួន​ ៥ ត្រូវបាន​ចុះហត្ថលេខា​រវាង​ប្រទេស​ទាំង​ ​២ រួមទាំង​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​សន្តិសុខ​ផងដែរ​។​

​ការសរសើរ​របស់លោក Sall បាន​ពង្រីក​ដល់​ក្រុមហ៊ុន​ផលិត​រោងចក្រ​ថាមពល​អណ្តែត​ទឹក​របស់​តួ​ក​គី Karpowership ដែល​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ទៅ ​១៥ ​ភាគរយ ដល់​ប្រទេស​សេ​ណេ​ហ្គា​ល់​។ ក្រុមហ៊ុន Calik Holding ក៏​កំពុង​សាងសង់​រោងចក្រ​ថាមពល​ឧស្ម័ន​ចម្រុះ ៣០០ មេ​ហ្គា​វ៉ា​ត់ និង Summa ក៏ដូចជា​អ្នក​​ម៉ៅការ​ដូចគ្នា Limak សម្រាប់​ការ​​បញ្ចប់​ព្រលានយន្តហោះ​អន្តរជាតិ Dakar Blaise Diagne ផងដែរ​។​

​អាកាសយានដ្ឋាន​នោះ ត្រូវបាន ចុះកិច្ចសន្យា​ដំបូង​ជាមួយ​ក្រុមហ៊ុន Saudi Binladin Group ប៉ុន្តែ​ក្រុម​​ហ៊ុន​អាច​សាងសង់​បានត្រឹមតែ ៧០​ ភាគរយ​នៃ​គម្រោង ដោយ​ចំណាយពេល ៩ ឆ្នាំ ប៉ុន្តែ​ក្រោយ​សម្ព័ន្ធ​តួ​ក​គី បាន​កាន់កាប់​បន្ត​ក៏បាន​បញ្ចប់​ក្នុង​រយៈពេល ៨ ​ខែ​។​

​លោក Erdogan កាលពី​ថ្ងៃ​អង្គារ បានធ្វើឱ្យ​ប្រាកដថា នឹង​បង្ហាញ​ពី​ការរួមចំណែក​របស់​ស​ម​ភាគី​អាហ្វ្រិក​របស់ខ្លួន​។ ​គាត់​បាន​និយាយថា ខណៈពេលដែល​កំពុង​អភិវឌ្ឍ​ទំនាក់ទំនង យើង​រៀបចំ​ផែនការ​យ៉ាង​ប្រុងប្រយ័ត្ន ដើម្បីឱ្យ​យើង​ប្រើប្រាស់​ធនធាន​​មនុស្ស​របស់​សេ​ណេ​ហ្គា​ល់​។

​ការសាងសង់​កីឡដ្ឋាន​នេះ បានផ្ដល់​ការងារ​ដល់ក​ម្មករ ១ ៥០០ ​នាក់ ដោយ​ក្នុងនោះ បានផ្ដល់​ការងារ​ដល់​ប្រជាជន​សេ​ណេ​ហ្គា​ល់ ១ ០០០ នាក់​។ លោក Summa បាន​និ​យាយ​ថា គម្រោង​នេះ​ក៏បាន​ប្រើប្រាស់អ្នកផ្គត់ផ្គង់​ក្នុងស្រុក​ចំនួន​ ១៥៥ ក្រុមហ៊ុន​ផងដែរ​។​

​ការ​ពិពណ៌នា​នេះ​ គឺ​ផ្ទុយស្រឡះ​ពី​គម្រោង​របស់​ចិន ដែលជា​រឿយៗ​ត្រូវបាន​រិះគន់ថា ពឹងផ្អែក​ខ្លាំង​លើ​កម្មករ​ចិន និង​សម្ភារ​របស់​ចិន​។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​ភាពជា​ដៃគូ​តួ​ក​គី​-អាហ្វ្រិ​ក​នាពេល​ថ្មីៗ​នេះ​ នៅទីក្រុងអ៊ី​ស្តង់​ប៊ុល សារព័ត៌មាន Nikkei Asia ​បាន​សង្កេតឃើញ លោក Erdogan ប្រមូលផ្តុំ​អ្នកម៉ៅការ​តួ​ក​គី និង​មេដឹកនាំអាហ្វ្រិ​ក​រួមគ្នា​នៅ​គ្រប់​ឱកាស​សម្រាប់​ការជជែក​រហ័ស​រវាង​កិច្ចប្រជុំ​ទ្វេភាគី​របស់គាត់ ដោយ​ចាប់យក ឱកាស​មិន​ថា​តូច ឬធំ​ក៏ដោយ​។​

​ដោយមាន​ប្រមុខរដ្ឋ​ចំនួន​ ១៦ និង​រដ្ឋមន្ត្រី​ជាង ១០០ នាក់ ​មកពី​ទ្វីបអាហ្វ្រិ​ក​ចូលរួម កិច្ចប្រជុំ​កំពូល និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់មេ​ដឹកនាំ​តួ​ក​គី បាន​ផ្តល់នូវ​លទ្ធផល​នៃ​កិច្ច​​ព្រមព្រៀង​។​

​លោក Federico Donelli អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Genoa ក្នុងប្រទេសអ៊ី​តា​លី និង​ជា​អ្នក​ឯកទេស​គោលនយោបាយអាហ្វ្រិ​ក​របស់​ប្រទេស​តួ​ក​គី បាន​ប្រាប់ Nikkei ថា ប្រទេស​តួ​ក​គី កំពុង​បង្ហាញ​ខ្លួនឯង​ថា ​ជា ​«​មធ្យោបាយ​ទី​៣» ដែលជា​ជម្រើស​មួយ​សម្រាប់​គំរូ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ស្ថាប័ន​សម្រាប់​ទ្វីប​អា​ហ្វ្រិក ដែល​ផ្តល់​ដោយ​ទីក្រុង​ប៉េកាំង ឬ​ប្រទេស​លោកខាងលិច​។​

​លោក​ Donelli ដែល​កាលពី​ឆ្នាំមុន​បានចេញ​ផ្សាយ​សៀវភៅ​ «​តួ​ក​គី​ក្នុង​ទ្វីបអាហ្វ្រិ​ក​» បាន​និយាយថា ទាំង​ការវិនិយោគ​របស់លោក​ខាងលិច និង​ចិន បានមក​ជាមួយនឹង​សំណុំ​នៃ​លក្ខខណ្ឌ​ផ្សេងគ្នា ដោយ​គំរូ​លោក​​ខាងលិច​សម្រាប់​ទ្វីប​អាហ្វ្រិ​ក គឺ​ដាក់​លក្ខខណ្ឌ​សេរីនិយម មូលធននិយម សេដ្ឋកិច្ច​និង​នយោបាយ ដើម្បី​ទទួលបាន​ការវិនិយោគ​។​

​ផ្ទុយទៅវិញ ប្រទេស​តួ​ក​គី កំពុង «​ព្យាយាម​នៅ​កណ្តាល​» ដោយ​មិន​ភ្ជាប់​លក្ខខណ្ឌ​ផ្សេងៗ នៅពេល​បង្កើត​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេសអាហ្វ្រិ​ក​៕