សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​លោកខាងលិច​របស់ខ្លួន​បានប្រកាស​ដាក់​ទណ្ឌ​​កម្ម​ប្រភេទ​ខ្លាំង​បំផុត​ទៅលើ​រុ​ស្សុី ដែល​ក្នុងចំណោម​ទណ្ឌកម្ម​ជាច្រើន​ទៀត​ដែល​ត្រូវ​បានដាក់​ក្នុងការ​ឆ្លើយតប​នឹង​ការ​​លុកលុយ​ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​វិធានការ​ប្រកាស​កាល​ពីថ្ងៃ​សៅរ៍ គឺ​ផ្ដោត​គោលដៅ​ដោយផ្ទាល់​ទៅលើ​ធនា​​គារ​កណ្ដាល​របស់​រុស្ស៊ី និង​រួមជាមួយ​ការកាត់ធ​នាគារ​រុស្ស៊ី​មួយចំនួន​ពី​បណ្ដាញ​ទូទាត់​ប្រាក់​អន្តរជាតិ SWIFT ក្នុង​គោល​​បំណង​កាត់ផ្ដាច់​ទំនាក់ទំនង​ប្រទេស​នេះ ​ពី​បណ្ដាញ​ស្ថាប័នហិរញ្ញវត្ថុ​ពិភពលោក​។ វិធានការ​នេះ មានបំណង​បង្ក​អស្ថិរភាព​ក្នុង​សេដ្ឋកិច្ច​រុស្ស៊ី និង​ជួយ​បង្កើន​ផល​ប៉ះ​​ពាល់​នៃ​ទណ្ឌកម្ម​ផ្សេងទៀត​ ដែល​ដាក់​ទៅលើ​សេដ្ឋី និង​ក្រុមហ៊ុន​រុស្ស៊ី​មួយចំនួន​។​

​មន្ត្រី​អាមេរិក ​១ ​រូប ​បាន​និយាយថា វិធានការ​នេះ គឺ​មានន័យថា ប្រទេស​រុស្ស៊ី «​ត្រូវបាន​ទាត់​ចេញពី​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​អន្តរជាតិ​» ហើយ​ក្លាយជា «​ជន​គេ​បន្សាត់​ចោល​ពី​បណ្ដាញ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពិភពលោក​»​។​

​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតា​លី និង​គណៈកម្មការ​អឺរ៉ុប បាន​និយាយថា​ វិធានការ​របស់​ពួកគេ នឹង​រារាំង​ធនាគារ​​កណ្ដាល​របស់​រុស្ស៊ី កុំឱ្យ​ប្រើប្រាស់​មូល​និ​ធិ​រូបិយប័ណ្ណ​បរទេស​ប្រមាណ​ជាង ៦៣០ ​ពាន់​លាន​ដុល្លារ​របស់​ពួកគេ​ ដើម្បី​ទប់ទល់​នឹង​ផលវិបាក​នៃ​ទណ្ឌកម្ម​ដទៃទៀត​។ ក្រុម​ប្រទេស​នេះ​មិនបាន​បញ្ជាក់ថា វិធានការ​ប្រឆាំងនឹង​ធនាគារកណ្ដាល​រុស្ស៊ី នឹង​អនុវត្ត​ដោយ​បែបណា​ទេ ប៉ុន្តែ​អ្នកវិភាគ​មួយចំនួន បាន​និយាយថា​ វិធី​ ១ ​គឺ​ការ​ដាក់ចូល​ «​បញ្ជី​កំណត់​ពិសេស​» របស់​អាមេរិក ដែល​នឹង​ហាមឃាត់​មិនឱ្យ​មានការ​ជួញដូរ​ជាមួយនឹង​បុគ្គល ឬ​ស្ថាប័ន​អាមេរិក​។​

​មូលនិធិ​រូបិយប័ណ្ណ​បរទេស គឺជា​សសរទ្រូង​សំខាន់​មួយ​សម្រាប់​កម្លាំង​សេដ្ឋកិច្ច​របស់​រុស្ស៊ី ហើយ​សម្ព័ន្ធភាព​លោកខាងលិច កំពុង​ព្យាយាម​រារាំង​ការ​​ប្រើប្រាស់​វា​។ ខណៈ​រុស្ស៊ីព្យាយាម​កាត់​​បន្ថយ​ការ​ស្តុក​ទុក​ដុល្លារ​អាមេរិក ផ្នែក​ដ៏​ធំ​មួយ​នៃ​មូលនិធិ​នេះ​ គឺ​ត្រូវបាន​ផ្ញើ​នៅ​សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង អង់គ្លេស អូទ្រីស និង​ជប៉ុន​។​

​ប្រសិនបើ​រុស្ស៊ី មិនអាច​ដោះដូរ​រូបិយ​​ប័ណ្ណ​បរទេស​មក​រូបិយប័ណ្ណ​របស់ខ្លួន​វិញ​នោះទេ គេ​ព្យាករ​ថា ​រុ​ស្សុី​នឹងរង​ផល​​ប៉ះពាល់​យ៉ាងខ្លាំង​។ កាលពី​ថ្ងៃ​ចន្ទ​តម្លៃ​រូបិយប័ណ្ណ​រូ​ប្លិ៍​របស់​រុស្ស៊ី បាន​ធ្លាក់​អស់​៣០ ​ភាគរយ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បច្ចុប្បន្ន​។ អ្នកវិភាគ​ជាច្រើន​និយាយថា ទណ្ឌកម្ម​បែបនេះ នឹង​បង្ក​ភាព​​ស្លន់ស្លោ​ក្នុងចំណោម​ប្រជាជន​រុស្ស៊ី​។ ប្រជាជន​ជាច្រើន​បានចាប់ផ្ដើម​ដក​ប្រាក់​ពី​ធនាគារ​រួចទៅហើយ ដោយ​ព្រួយបារម្ភ​ថា ប្រព័ន្ធ​ហិរញ្ញវត្ថុ​រុស្ស៊ី អាច​ជាប់គាំង​។​

​រុស្ស៊ី​នៅសល់​ចំណូល​បានមកពី​ការនាំ​​ចេញ​ប្រេង និង​ឧស្ម័ន​ជាង ១៩ ​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ទប់​ទល់នឹង​ផលប៉ះពាល់​មួយចំនួន​។ រុស្ស៊ី​នៅតែ​បន្ត​ទទួល​ចំណូល​ជា​រូបិយប័ណ្ណ​បរទេស​ពី​វិស័យនេះ ដែល​អាច​នឹង​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច ហើយ​ចំ​ណាយ​លើ​ការ​នាំចូល​ផលិតផល​។ សម្រាប់​ឥឡូវនេះ ធនាគារកណ្ដាល​រុស្ស៊ី បានផ្ដល់​ប្រាក់កម្ចី​ទៅឱ្យ​ធនាគារ​នានា ដើម្បី​ទ្រទ្រង់​ពួកគេ​កុំឱ្យ​ដួលរលំ​ ដោយ​​សារ​ការដក​ប្រា​ក់ដោយ​អតិថិជន​។​

​ប្រសិនបើ​ធនាគារកណ្ដាល​រុស្ស៊ី មិនអាច​ប្រើប្រាស់​មូលនិធិ​រូបិយប័ណ្ណ​បរទេស ពួកគេ​នៅមាន​ជម្រើស​ ២ គឺ​ការបង្កើន​ការប្រាក់ និង​ការគ្រប់គ្រង​រំហូរ​រូបិយ​​ប័ណ្ណ​ចេញចូល​ប្រទេស​។​

​ធនាគារ​នេះ​អាច​ស្វែងរក​ជំនួយ​ពី​ប្រ​​ទេស​ចិន ដែលជា​ទីកន្លែង​ខ្លួន បាន​ផ្ញើ​ជាង ១៤ ​ភាគរយ​នៃ​មូលនិធិ​រូបិយប័ណ្ណ​របស់ខ្លួន ដែល​បំណែក​ធំ​បំផុត​ដែល​រុស្ស៊ី​ផ្ញើ​នៅ​បរទេស​។ ប៉ុន្តែ​អ្នកវិភាគ​មួយចំនួន បាន​និយាយថា​ វា​នៅ​មិនទាន់​ច្បាស់​ទេ​ថា ចិន​នឹង​ផ្ដល់ជំនួយ​ដែរ ឬទេ ខណៈពេលដែល​ធនាគារ​ចិន​ជាច្រើន​នៅមាន​ការព្រួយបារម្ភ​អំពី​ការរង​ទណ្ឌកម្ម ដោយ​​សារ​ការផ្ដល់​ជំនួយ​ទៅឱ្យ ដែល​នឹង​កាត់​​ផ្ដាច់​ពួកគេ​ពី​ទីផ្សារ​ដុល្លារ និង​អឺរ៉ូ​។ ​ធនា​​គារ​ចិន​មួយចំនួន​បាន​រារាំង​ការទូទាត់​ប្រាក់​ក្នុងការ​ជួញដូរ​ប្រេង​រុស្ស៊ី​ទៅហើយ​។​

​ធនាគារកណ្ដាល​រុ​ស្សុី អាច​ព្យាយាម​លក់​មាស​ចំនួន ២ ២៩៩ ​តោន ដែល​ខ្លួន​និយាយថា ស្តុក​នៅ​ទឹកដី​រុស្ស៊ី ទៅកាន់​រដ្ឋាភិបាល​ដទៃ​ទៀត ប៉ុន្តែ​អាចមាន​ការ​​លំបាក​ដោយសារ​ហេតុផល​ដដែល​។​

​បន្ថែម​ពីលើ​នេះ ការ​កាត់ផ្ដាច់​ធនាគារ​រុស្ស៊ី ចេញពី​បណ្តាញ SWIFT នឹង​បង្កឱ្យមាន​ការរំខាន​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ព្រោះ​វា​នឹង​រឹតត្បិត​យ៉ាងខ្លាំង​ដល់​ការចូល​ទៅកាន់​ទីផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក​របស់​ប្រទេស​នេះ​។​

​ការហាម​ប្រាម​នេះ នឹងធ្វើ​ឱ្យមាន​ការ​​លំបាក​សម្រាប់​ក្រុមហ៊ុន និង​បុគ្គល​រុស្ស៊ី​ក្នុងការ​ទូទាត់​សម្រាប់​ទំនិញ​នាំចូល ឬ​ទទួលបាន​ការទូទាត់​សម្រាប់​ការនាំចេញ​របស់​ពួកគេ ដែល​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​ប្រេង និង​ឧស្ម័ន​ដ៏​សំខាន់​របស់​ប្រទេស​នេះ ដែល​ពឹងផ្អែក​ខ្លាំង​លើ SWIFT សម្រាប់​ចលនា​ទុន​។ វា​ក៏​នឹង​រឹតត្បិត​សមត្ថភាព​របស់​ប្រជាជន​រុស្ស៊ី​ក្នុងការ​វិនិយោគ ឬ​ខ្ចីប្រាក់​ពី​បរទេស​ផងដែរ​។​

​ការកាត់ធ​នាគារ​អ៊ី​រ៉ង់​ពី​បណ្ដាញ​នេះ ​គឺជា​ផ្នែក​មួយ​ដែល​បង្ក​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​ការនាំចេញ​ប្រេង​របស់​ប្រទេស​នេះ​។​

​សម្រាប់​ការ​កាត់ផ្ដាច់ លោកខាងលិច​ក៏​នៅ​មិនទាន់​បញ្ជាក់​ព័ត៌មាន​លម្អិត​ផង​​ដែរ​។ អ្វីដែល​គេ​ដឹង​នោះ ​គឺថា ​វិធានការ​នេះ នឹងមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការផ្គត់ផ្គង់​ថាមពល​ទៅកាន់​ទ្វីបអឺរ៉ុប​ដូច្នេះ​គេ​ព្យាករ​ថា ​វិធានការ​ខាងលើ​នឹងមាន​ការលើកលែង​សម្រាប់​ការទូទាត់​ប្រាក់​ក្នុង​វិស័យ​ថាមពល​។​

​ក្រៅពី SWIFT ​ស្ថាប័នហិរញ្ញវត្ថុ​រុស្ស៊ី​អាច​ប្រើប្រាស់​បណ្ដាញ​ផ្សេងទៀត​ដូចជា​ទូរស័ព្ទ កម្មវិធី​ផ្ញើ​សារ ឬ​អ៊ី​មែ​ល និង​ការធ្វើ​ការទូទាត់​តាមរយៈ​ធនាគារ​នៅក្នុង​ប្រទេស​ដែល​មិន​ដាក់ទណ្ឌកម្ម​។ ប៉ុន្តែ​ជម្រើស​ទាំងនេះ នឹង​មិនមាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​ដូច SWIFT ទេ ហើយ​អាច​នាំឱ្យមាន​ការចំណាយ​ខ្ពស់ និង​ការធ្លាក់ចុះ​នៃ​បរិមាណ​ប្រតិបត្តិការ​៕