កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​ ២៧ កុម្ភៈ ​ប្រធានាធិបតី​រុស្ស៊ី​ លោក ​វ្ល៉ាឌីមៀរ ពូទីន​ បាន​បញ្ជា​ឱ្យ​កង​កម្លាំង​នុយក្លេអ៊ែរ​ត្រៀម​ខ្លួន​កម្រិត​ខ្ពស់​បំផុត ខណៈ​ពេល​ដែល​លោក​ខាង​លិច​គាប​​សង្កត់​សេដ្ឋកិច្ច​ប្រទេស​នេះ​​ ជុំវិញ​ការ​សម្រេច​ចិត្ត​របស់ខ្លួន​​ក្នុង​ការ​ឈ្លានពាន​ចូល​ប្រទេស​អ៊ុយក្រែន​។

លោក ​ពូទីន​ ដែល​បាន​ហៅ​ការ​ឈ្លានពាន​របស់​លោក​ថា​ «ប្រតិបត្តិការ​ពិសេស​» បាន​លើក​ឡើង​ថា​ សំដី​អរិភាព​របស់​មេដឹកនាំ​អង្គការ​ណាតូ និង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដោយ​លោក​ខាង​លិច គឺ​ជា​ហេតុផល​ដែល​សម្រេច​បញ្ជា​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​នុយក្លេអ៊ែរ​ត្រៀម​ខ្លួន​បែប​នេះ​។

លោក​ ពូទីន ​បាន​និយាយ​នៅ​លើ​ទូរទស្សន៍​រុស្ស៊ី​ថា​៖ «មិន​ត្រឹម​តែ​បណ្តា​ប្រទេស​លោក​ខាង​លិច​ចាត់​វិធានការ​អរិភាព​ប្រឆាំង​នឹង​ប្រទេស​របស់​យើង​ក្នុង​ផ្នែក​សេដ្ឋកិច្ច​នោះ​ទេ - ខ្ញុំ​មាន​ន័យ​ថា ​ទណ្ឌកម្ម​ខុសច្បាប់​ដែល​មនុស្ស​គ្រប់​គ្នា​ដឹង​យ៉ាង​ច្បាស់​ - ប៉ុន្តែ​ក៏​មាន​មន្ត្រី​កំពូល​នៃ​ប្រទេស​នាំមុខ​គេ​ណាតូ​អនុញ្ញាត​ឱ្យ​ខ្លួន​គេ​ធ្វើ​សេចក្ដីថ្លែងការណ៍​ទាក់ទង​នឹង​ប្រទេស​របស់​យើង​»។

ប្រមុខ​ការទូត​សហភាព​អឺរ៉ុប​លោក ​យ៉ូសែប បូរេល ​បាន​និយាយ​ថា​លោក​ពូទីន​ កំពុង​គំរាម​កំហែង​យ៉ាង​ច្បាស់​អំពី​ការ​វាយ​ប្រហារ​នុយក្លេអ៊ែរ​ទៅ​លើ​ប្រទេស​ដែល​គាំទ្រ​ប្រទេស​អ៊ុយក្រែន​។ លោក​និយាយ​ថា​៖ «យើង​ខ្លាច​ថា​រុស្ស៊ី​ នឹង​មិន​ឈប់​នៅ​ត្រឹម​អ៊ុយក្រែន​»​។

រយ់ៈពេលមិនដល់ ​៤ ​​ថ្ងៃ​ បន្ទាប់​ការ​ឈ្លានពាន​បាន​ចាប់​ផ្ដើម លោក​ខាង​លិច​បាន​អនុម័ត​ទណ្ឌកម្ម​យ៉ាង​ទូលំទូលាយ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​រុស្ស៊ី​​។ កាល​ពី​ថ្ងៃ​ចន្ទ​ តម្លៃ​រូបិយប័ណ្ណ​រូប​របស់​រុស្ស៊ី​ បាន​ធ្លាក់​អស់​ ៣០ ភាគរយ​ ធៀប​នឹង​ដុល្លារ​អាមេរិក​ ដែល​ជា​កម្រិត​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​រុស្ស៊ី​ បន្ទាប់​ពី​បណ្ដា​ប្រទេស​លោក​ខាង​លិច​អនុវត្ត​វិធានការ​កាត់​ផ្ដាច់​ធនាគារ​រុស្ស៊ី​មួយ​ចំនួន​ពី​បណ្ដាញ​ទូទាត់​ប្រាក់​អន្តរជាតិ​ SWIFT​។ កាល​ពី​អាទិត្យ ប្រធានាធិបតី​ប្រទេស​ស្វ៊ីស​ ដែល​មាន​ប្រវត្តិប្រកាន់​គោលនយោបាយ​អព្យាក្រឹត បាន​ប្រកាស​ថា​ រដ្ឋាភិបាល​របស់​លោក​ គ្រោង​នឹង​ចាត់​វិធានការ​តាម​សហភាព​អឺរ៉ុប​ ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​សេដ្ឋកិច្ច​រុស្ស៊ី​ និង​បង្កក​ទ្រព្យ​សម្បត្តិ​សេដ្ឋី​រុស្ស៊ី​៕