
ប៉ូលិសអ៊ុយក្រែនឃាត់រថយន្តដើម្បីត្រួតពិនិត្យមនុស្ស ខណៈដែលពួកគេស្វែងរកជនសង្ស័យកាលពីថ្ងៃទី ២៧ កុម្ភៈ។ AFP
នៅពេលដែលរុស្ស៊ីចាប់ផ្ដើមការឈ្លានពាន ដោយមានទាហានជិត ២០០ ០០០ នាក់ ប្រមូលផ្ដុំនៅជិតព្រំដែនប្រទេសអ៊ុយក្រែន អ្នកសង្កេតការណ៍ជាច្រើន និងថ្នាក់ដឹកនាំរុស្ស៊ី បានរំពឹងថា កងកម្លាំងរុស្ស៊ី នឹងវាយចូលដោយមិនមានការតដៃធំដុំ ហើយការប្រយុទ្ធនឹងបញ្ចប់យ៉ាងឆាប់។ ប៉ុន្តែសង្គ្រាមរយៈពេល ៥ ថ្ងៃចុងក្រោយនេះ បានបង្ហាញអំពីអ្វីដែលទំនងជាការគណនាខុសរបស់រុស្ស៊ីអំពីយុទ្ធសាស្ត្រ និងអំពីសំណួរថា តើអ៊ុយរែននឹងតដៃខ្លាំងដល់កម្រិតណា។
រុស្ស៊ីនៅមិនទាន់ចូលកាន់កាប់ទីក្រុងសំខាន់ណាមួយនៅឡើយទេ ហើយការប្រតិបត្តិការទម្លុះទៅកាន់ក្រុងកៀវ ត្រូវបានបង្អាក់ដោយការតដៃយ៉ាងខ្លាំង និងបញ្ហាផ្គត់ផ្គង់។ អ៊ុយក្រែនបានកោះហៅកងទ័ពបម្រុង ហើយកែន និងផ្ដល់អាវុធឱ្យជនស៊ីវិល ដើម្បីបង្កើនកងកម្លាំងការពារ ខណៈពេលដែលពួកគេធ្វើការឆ្មក់វាយប្រហារទៅលើខ្សែចង្វាក់ផ្គត់ផ្គង់ និងក្បួនរថយន្តរបស់ទ័ពជួរមុខរុស្ស៊ី ដោយបន្សល់គំនររថយន្តឆាបឆេះជាច្រើននៅតាមដងផ្លូវ។
ប៉ុន្តែគេសង្កេតឃើញសញ្ញាថា រុស្ស៊ីកំពុងផ្លាស់ប្ដូរយុទ្ធសាស្ត្រ ដែលអាចនឹងបង្ហាញថា តើរុស្ស៊ីសុខចិត្តធ្វើអ្វីខ្លះ ដើម្បីបង្ក្រាបប្រទេសអ៊ុយក្រែន។ រុស្ស៊ីមានប្រវត្តិសាស្ត្រប្រើប្រាស់ ធ្វើការវាយប្រហារយ៉ាងខ្លាំងក្នុងការអន្តរាគមន៍នៅសង្គ្រាមស៊ីវិលស៊ីរី និងការបង្ក្រាបក្រុមផ្ដាច់ខ្លួននិយមនៅតំបន់ឆេចនី ដែលអាចបង្ហាញតម្រុយអំពីអនាគតនៃសង្គ្រាមនៅអ៊ុយក្រែន។
តម្រុយទាំងនេះ បង្ហាញខ្លួននៅក្រុងកាកៀវ កាលពីថ្ងៃចន្ទ នៅពេលដែលរុស្ស៊ី បានបង្កើនការបាញ់ផ្លោងចូលក្រុងនេះ ដោយមានការបាញ់ផ្លោងទៅលើតំបន់លំនៅឋាន ធ្វើឱ្យមានការស្លាប់ជនស៊ីវិល និងកុមារ។ ក្នុងការវាយប្រហារនេះ អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថា បានប្រើប្រាស់ក្បាលគ្រាប់ចង្កោមដែលត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់នៅប្រទេស ភាគច្រើននៅជុំវិញពិភពលោក ប៉ុន្តែរុស្ស៊ី និងអ៊ុយក្រែនមិនបានប្ដេជ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់ប្រភេទនេះទេ។
អ្នកវិភាគជាច្រើនបាននិយាយថា នេះគឺគ្រាន់តែជាដំណាក់កាលដំបូងនៃការវាយប្រហារប៉ុណ្ណោះ ហើយរុស្ស៊ីនៅមានជម្រើសជាច្រើនទៀត ដើម្បីបន្តធ្វើការវាយប្រហារចូលប្រទេសអ៊ុយក្រែន។
យុទ្ធសាស្ត្រយោធារុស្ស៊ី ដើម្បីចូលកាន់កាប់ទីក្រុងណាមួយក្នុងសង្គ្រាមមុនៗ គឺការបាញ់ផ្លោងកាំភ្លើងធំ មីស៊ីល និងទម្លាក់គ្រាប់បែក ដើម្បី «បន្ទន់» ទីក្រុង។ ការធ្វើបែបនេះ គឺដើម្បីបន្លាចឱ្យជនស៊ីវិលភៀសខ្លួន ហើយនឹងសម្លាប់កងកម្លាំងសត្រូវនៅទីនោះ មុននឹងបញ្ជូនកងកម្លាំងថ្មើរជើងឱ្យចូលទៅកាន់កាប់។
កងកម្លាំងរុស្ស៊ី ដែលកំពុងវាយលុកទីក្រុងកៀវ ត្រូវបានបង្អាក់ដោយការតដៃដ៏មានប្រសិទ្ធភាពពីកងកម្លាំងអ៊ុយក្រែន ប៉ុន្តែអ្នកវិភាគយោធាជាច្រើនបាននិយាយថា មេបញ្ជាការរុស្ស៊ី នឹងបានស្គាល់មេរៀនពីការបរាជ័យរបស់ពួកគេ ហើយសម្របខ្លួននឹងយុទ្ធសាស្ត្រថ្មី ដូចពួកគេបានធ្វើក្នុងការអន្តរាគមន៍នៅប្រទេសស៊ីរី។
អ្នកជំនាញជាច្រើនបាននិយាយថា គោលបំណងរុស្ស៊ី គឺការផ្ដួលរលំរបស់រដ្ឋាភិបាលរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឌីមៀរ ហ្សេលេនស្គី ហើយរំពឹងថា ប្រជាជនអ៊ុយក្រែននឹងរក្សាភាពស្ងប់ស្ងាត់ និងមិនរើបម្រះ។ ហេតុនេះហើយទើបគេគិតថា រុស្ស៊ីបានបញ្ជូនកងកម្លាំងមួយផ្នែកតូចទៅលុកលុយក្រុងកៀវ។
ផ្ទុយទៅវិញ ប្រជាជនកៀវបានបង្ហាញការប្រឆាំងយ៉ាងខ្លាំងចំពោះការលុកលុយរបស់រុស្ស៊ី ហើយប្រជាជនជាច្រើនបានស្ម័គ្រចិត្តកាន់អាវុធប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ កងកម្លាំងឆត្រយោងរុស្ស៊ី ១ ក្រុម បានរងការបាត់បង់យ៉ាងខ្លាំងក្នុងការប្រយុទ្ធគ្នាដណ្ដើមអាកាសយានដ្ឋានមួយនៅជិតក្រុងកៀវ។
រុស្ស៊ីបានធ្វើការគណនាខុសក្នុងការសន្មតថា អ៊ុយក្រែននឹងដួលរលំក្នុងពេលដ៏ខ្លី ហើយបានសម្រេចមិនប្រើប្រាស់កងកម្លាំងភាគច្រើនរបស់ខ្លួន។ អ្នកវិភាគជាច្រើនបាននិយាយថា ក្នុងរយៈពេលខាងមុខនេះ គេនឹងសង្កេតឃើញការដាក់ពង្រាយកងកម្លាំងចូលក្នុងប្រទេសអ៊ុយក្រែន។
បច្ចុប្បន្នកងកម្លាំងរុស្ស៊ី កំពុងព្យាយាមធ្វើការឡោមព័ទ្ធក្រុងកៀវ កាកៀវ និងម៉ារីអូប៉ូល ពីខាងក្រៅ ដែលនឹងកាត់ផ្ដាច់ក្រុងទាំងនេះពីខ្សែចង្វាក់ផ្គត់ផ្គង់របស់អ៊ុយក្រែន ហើយនឹងធ្វើឱ្យការតដៃដោយកងកម្លាំងនៅទីនោះកាន់តែលំបាក។ រុស្ស៊ីក៏កំពុងព្យាយាមចូលកាន់កាប់ស្ពានតភ្ជាប់ដែនដីអ៊ុយក្រែន និងឧបទ្វីបគ្រីមា ហើយព្យាយាមរារាំងកុំឱ្យកងកម្លាំងនៅខាងកើតអ៊ុយក្រែនឆ្លងមកជួយកងកម្លាំងនៅក្នុងទីក្រុងកៀវ។
ខណៈពេលដែលកងកម្លាំងរុស្ស៊ីប្រឈមមុខបញ្ហាផ្គត់ផ្គង់កងកម្លាំងជួរមុខ ដោយក្នុងករណីខ្លះរថក្រោះអស់ប្រេងម៉ាស៊ូតនៅកណ្ដាលផ្លូវ អ្នកជំនាញជាច្រើននិយាយថា អ៊ុយក្រែនជួបបញ្ហាដូចរុស្សុី ប៉ុន្តែមានលក្ខណៈធ្ងន់ធ្ងរជាង។ កងកម្លាំងអ៊ុយក្រែននឹងអស់គ្រាប់រំសេវនៅសប្ដាហ៍នេះ ហើយមីស៊ីលប្រឆាំងរថក្រោះ និងយន្តហោះផ្គត់ផ្គងដោយលោកខាងលិច នឹងអស់មុននេះទៅទៀត។
បណ្ដាប្រទេសលោកខាងលិច បានធ្វើការផ្គត់ផ្គង់គ្រាប់រំសេវ និងមីស៊ីលទៅកាន់អ៊ុយក្រែនតាមរយៈច្រកព្រំដែនជាមួយប្រទេសប៉ូឡូញ។ បន្ថែមពីលើនេះទៅទៀតសហភាពអឺរ៉ុបបានប្រកាសវិធានការមិនធ្លាប់មានពីមុនមកក្នុងការផ្ដល់ប្រាក់ ៤៥០ លានអឺរ៉ូ ទៅសមាជិកនានាដែលបានជួយទិញអាវុធទៅឱ្យអ៊ុយក្រែន។
ប៉ុន្តែរុស្ស៊ីអាចកាត់ផ្ដាច់ការផ្គត់ផ្គង់អាវុធទាំងនេះ ដោយចូលកាន់កាប់ទីក្រុងព្រំដែនទាំងនេះ។ ឧទ្ធម្ភាគចក្ររុស្ស៊ី បានចាប់ផ្ដើមធ្វើការវាយប្រហារ ជិតព្រំដែនប៉ូឡូញរួចទៅហើយ បន្ថែមពីលើនេះកងកម្លាំងរុស្ស៊ី អាចធ្វើការវាយប្រហារពីទឹកដីបេឡារុស ដើម្បីកាត់ផ្ដាច់ខ្សែចង្វាក់ផ្គត់ផ្គង់នេះ។ ប្រសិនបើបេឡារុសសម្រេចបញ្ជូនកងកម្លាំងមកគាំទ្រកងកម្លាំងរុស្ស៊ី បញ្ហានេះនឹងកាន់តែលំបាក។
កាលពីអតីតកាល ភាពរអាក់រអួលក្នុងការចាប់ផ្ដើមការវាយប្រហារ មិនមានន័យថារុស្ស៊ី នឹងមិនទទួលជ័យជម្នះទេ។
នៅប្រទេសស៊ីរី កងកម្លាំងរុស្ស៊ីបានប្រឈមនឹងការបរាជ័យជាច្រើនក្នុងដំណាក់កាលដំបូង ប៉ុន្តែពួកគេបានសម្របខ្លួនទៅប្រើប្រាស់មីស៊ីលកាំភ្លើង និងការទម្លាក់គ្រាប់បែកដើម្បី បណ្ដេញក្រុមបះបោរឱ្យចេញពីក្រុងធំៗ។ ការធ្វើបែបនេះ បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៥ ៧០០ នាក់ ដោយក្នុងនោះជាង ១ ភាគ ៤ គឺជាកុមារ។
នៅសង្គ្រាមទាំង ២ ក្នុងដែនដីឆេឆេនី រុស្ស៊ីបានប្រើប្រាស់វិធីសាស្ត្រនេះយ៉ាងចាស់ដៃ ហើយស្ទើរតែកម្ទេចរដ្ឋធានីហ្គ្រហ្សីនីទាំងមូល។ ជនជាតិឆេឆិនរាប់ពាន់នាក់បានស្លាប់មុននឹងរុស្ស៊ី បានស្ដារការគ្រប់គ្រងរបស់ខ្លួននៅតំបន់នេះ៕