សហរដ្ឋអាមេរិក​ចក្រ​ភព​អង់គ្លេស និង​សហភាព​អឺរ៉ុប បានអនុម័ត​ទណ្ឌ​កម្ម​ដែលមាន​បំណង​បង្កក​ទ្រព្យ​សម្បត្តិ​ប្រធានាធិបតី​រុស្ស៊ី ​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន និង​រដ្ឋមន្ត្រីការបរទេស​របស់គាត់ គឺ​លោក Sergei Lavrov ជាការ​ឆ្លើយតប​ទៅនឹង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។​

​ប្រទេស​ដដែល​ទាំងនេះ ក៏មាន​គម្រោង​ដាក់ទណ្ឌកម្ម​លើ​ធនាគារ​​កណ្តាល​រុស្ស៊ី និង​ដក​អ្នក​ផ្តល់ប្រាក់​កម្ចី​របស់​ប្រទេស​មួយចំនួន​ចេញពី​ប្រព័ន្ធ​ទូទាត់​សកល ​Swift បន្ថែម​ពីលើ​ទណ្ឌកម្មសេដ្ឋកិច្ច​ផ្សេងទៀត​។ សម្ព័ន្ធមិត្ត​ផ្សេងទៀត រួមទាំង​ប្រទេស​ជប៉ុន កាណាដា អូស្ត្រាលី និង​កូរ៉េ​ខាង​ត្បូង ក៏បាន​អនុម័ត​ទណ្ឌកម្ម​ផងដែរ​។​

​ទ្រព្យសម្បត្តិ​ដែល​កាន់កាប់​ដោយ​បរទេស​របស់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ​ពូ​ទីន នៅក្នុង​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស ត្រូវបាន​បង្កក ប៉ុន្តែ​លោក​ក៏​នៅតែ​ត្រូវ បាន​គេ​អនុញ្ញាតឱ្យ​ធ្វើដំណើរ​ទៅកាន់​ដែន​សមត្ថកិច្ច​ទាំងនោះ​។​

​បើ​យោងតាម​អត្ថបទ​ច្បាប់​របស់​សហភាព​អឺរ៉ុប​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ ហេតុផល​នៃ​ការ​បង្កក​ទ្រព្យសម្បត្តិ​នេះ គឺ​ដោយសារ​រុស្ស៊ី​បញ្ជា​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ចូលទៅក្នុង​តំបន់ Donetsk និង Luhansk ដើម្បី​លុកលុយ​អ៊ុយ​ក្រែ​ន​ពេញលេញ​។

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergei Lavrov ក៏ត្រូវ​រង​ការ​បង្កក ទ្រព្យសកម្ម ដោយ​សហភាព​អឺរ៉ុប ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​ផងដែរ សម្រាប់​ការ «​ទទួលខុសត្រូវ និង​គាំទ្រ​យ៉ាងសកម្ម​សកម្មភាព​ដែល​បំផ្លាញ​បូរណភាព​ទឹកដី អធិបតេយ្យ​ភាព និង​ឯករាជភាព​របស់​អ៊ុយ​ក្រែ​ន ក៏ដូចជា​ស្ថិរភាព និង​សន្តិសុខ​នៅ​អ៊ុយ​​ក្រែ​ន​។ ទោះយ៉ាងណា លោក​ក៏​នៅតែ​ត្រូវបាន​គេ​អនុញ្ញាតឱ្យ​ធ្វើដំណើរ​។​

​លោក Sergei Shoigu រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី និង​លោក Aleksandr Bortnikov ប្រធាន​សេវា​សន្តិសុខ​រុស្ស៊ី (FSB) ទាំង​នៅក្នុង​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ត្រូវបាន​គេ​ហាមឃាត់​ការធ្វើដំណើរ និង​ការ​បង្កក​ទ្រព្យសម្បត្តិ​ផងដែរ​។​

​លោក Valery Gerasimov ប្រធាន​កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី ពេលនេះ​ស្ថិតនៅក្នុង​បញ្ជី​ហាមឃាត់​ការធ្វើដំណើរ​របស់​ចក្រ​ភព​អង់គ្លេស និង​សហរដ្ឋអាមេរិក និង​បញ្ជី​បង្កក​ទ្រព្យ​សម្បត្តិ​។ គាត់​ត្រូវបាន​សហភាព​អឺរ៉ុប​ដាក់​ក្នុង​បញ្ជីខ្មៅ​រួចហើយ​ក្នុង​ឆ្នាំ ​២០១៤​។​

​បន្ថែម​ពីនេះ សមាជិកសភា​ឌូ​ម៉ា​របស់​រុស្ស៊ី ៣៥១​ នាក់ ក៏ត្រូវ​បាន​សហភាព​អឺរ៉ុប​ដាក់ទណ្ឌកម្ម​ផងដែរ ដោយ​ពួកគេ​ត្រូវបាន​ដាក់ចូល​ក្នុង​បញ្ជី​ហាមឃាត់​ការធ្វើដំណើរ និង​បញ្ជី​បង្កក​ទ្រព្យសម្បត្តិ ខណៈដែល​ចក្រភព​​អង់គ្លេស បាន​ចាត់វិធានការ​នោះ​ចំពោះតែ​សមាជិក​នៃ​សភា​ឌូ​ម៉ា និង​ក្រុមប្រឹក្សា​សហព័ន្ធ ដែល​បាន​បោះ​ឆ្នោត​ទទួលស្គាល់​ឯករាជភាព​របស់​តំបន់​ Donetsk និង Luhansk​។ គួរបញ្ជាក់​ផងដែរ​ថា អាមេរិក​ក៏​ធ្លាប់បាន​ដាក់ទណ្ឌកម្ម​លើ​ប្រមុខ​ឌូ​ម៉ា​ផងដែរ​។​

​ទន្ទឹមនឹងនេះ សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី ក៏​ស្ថិតនៅក្នុង​ការហាម​​ឃាត់​ការធ្វើដំណើរ​របស់​សហ​ភាព​​អឺរ៉ុប និង​សហរដ្ឋអាមេរិក និង​បញ្ជី​បង្កក​ទ្រព្យសម្បត្តិ​ផងដែរ​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ក៏បាន​ដាក់​មន្ត្រី​យោធា រដ្ឋាភិបាល និង​មន្ត្រី​ព្រំដែន​មកពី​ប្រទេស​បេឡា​រុស​ក្នុង​បញ្ជី​រឹបអូស​ទ្រព្យសម្បត្តិ និង​ហាម​ឃាត់​ការធ្វើដំណើរ​របស់​ពួកគេ សម្រាប់ការជួយ​រៀបចំ​ផែនការ និង​គាំទ្រ​យ៉ាងសកម្ម​ចំពោះ​ការវាយលុក​របស់​យោធា​រុស្ស៊ី​ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន​ផងដែរ​។​

​លោក Kirill Shamalov ​ដែលជា​មហាសេដ្ឋី​វ័យក្មេង​បំផុត​របស់​រុស្ស៊ី និង​ធ្លាប់បាន​រៀបការ​ជាមួយ​កូនស្រី​របស់​លោក ពូ​ទីន ​Katarina ត្រូវបាន​ហាមឃាត់​មិនឱ្យ​ធ្វើដំណើរ​ទៅ​ចក្រ​​ភព​អង់គ្លេស និង​ត្រូវបាន​អង់គ្លេស​បង្កក​ទ្រព្យសម្បត្តិ​ដែរ​។​

​លោក Petr Fradkov​ ប្រធាន​ក្រុមហ៊ុន Promsvyazbank​ និង​ជា​កូនប្រុស​របស់​អតីត​ប្រធាន​ផ្នែក​ចារកម្ម​បរទេស​របស់​រុស្ស៊ី​ក៏​ស្ថិតក្នុង​បញ្ជី​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ចក្រភព​អង់គ្លេស រួមទាំង​ការហាម​ឃាត់​ការធ្វើដំណើរ​ដូចគ្នា​ដែរ​។​

​លោក ​Denis Bortnikov ​អនុ​​ប្រធានក្រុមហ៊ុន​ផ្តល់ប្រាក់​កម្ចី​ធំជាងគេ​ទី​២​ របស់​រុស្ស៊ី​ធនាគារ​ VTB និង​ជា​កូនប្រុស​របស់​ប្រធាន​សេវា​​សន្តិសុខ​សហព័ន្ធ​ (FSB) ​ត្រូវ​បានដាក់​ក្នុង​បញ្ជីខ្មៅ​នៅក្នុង​ចក្រភព​​អង់គ្លេស សហភាព​អឺរ៉ុប និង​សហរដ្ឋ​​អាមេរិក​។​

​លោក Yury Slyusar នាយក​​ក្រុមហ៊ុន​ United Aircraft Corp និង​លោកស្រី​ Elena Georgieva ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​ Novikombank​ ដែលជា​ក្រុមហ៊ុន​ការពារជាតិ​គ្រប់គ្រង​ដោយ​រដ្ឋ​ត្រូវបាន​ហាមឃាត់​ពី​ចក្រភព​អង់គ្លេស​។​

​លោក Gennady Timchenko ​ដែលជា​មហាសេដ្ឋី​មាន​បំផុត​ទី​៦ របស់​រុស្ស៊ី គ្រប់គ្រង​ក្រុមហ៊ុន​វិនិយោគឯកជន Volga Group លើ​វិស័យ​ថាមពល ការដឹកជញ្ជូន និង​សំណង់ ស្ថិតក្នុង​បញ្ជី​ហាមឃាត់​ការធ្វើដំណើរ និង​បង្កក​ទ្រព្យសម្បត្តិ​របស់​ចក្រភព​​អង់គ្លេស​។​

​លោក Boris Rotenberg ដែលជា​មហាសេដ្ឋី​ជនជាតិ​រុស្ស៊ី និង​ជា​សហ​ម្ចាស់​ក្រុមហ៊ុន​សំណង់​ដ៏​ធំ​បំផុត​សម្រាប់​បំពង់​បង្ហូរ​ឧស្ម័ន​នៅក្នុង​ប្រទេស​រុស្ស៊ី SMP Group ស្ថិតនៅក្រោម​ការដាក់ទណ្ឌកម្ម​របស់​ចក្រភព​​អង់គ្លេស​ ព្រមជាមួយ​នឹង​ក្មួយប្រុស​របស់លោក គឺ​លោក ​Igor Rotenberg ដែលជា​ម្ចាស់​ភាគហ៊ុន​ភាគ​​ច្រើន​នៅក្នុង​ក្រុមហ៊ុន ​Gazprom Drilling​។​

​អ្នកស្រី Violetta និង​អ្នកស្រី Lyubov Prigozhina ​ដែលជា​ម្តាយ និង​ភរិយា​របស់លោក​ Yevgeny Prigozhin ​ដែល​សហភាព​អឺរ៉ុប​និយាយថា នឹង​ទទួលខុសត្រូវ​ចំពោះ​ការបញ្ជូន​ទាហាន​ស៊ីឈ្នួល​Wagner Group ទៅកាន់​អ៊ុយ​ក្រែ​ន ត្រូវបាន​ហាមឃាត់​ពី​សហភាព​អឺរ៉ុប​ហើយនឹង​ត្រូវ​បង្កក​ទ្រព្យសម្បត្តិ​ដូចគ្នា​។

​លោក Sergei Ivanov មន្ត្រី​ជាន់ខ្ពស់ និង​អ្នកនយោបាយ​រុស្ស៊ី​ដែល​ធ្លាប់​បម្រើការ​នៅក្នុង​ភ្នាក់ងាររដ្ឋ​ KGB និង​កូនប្រុស​របស់គាត់​គឺ​លោក Sergei នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​រុករក​រ៉ែ​ពេជ្រ​របស់​រដ្ឋ​រុស្ស៊ី Alrosa និង​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់ Gazprombank​ អ្នក​ទាំង ​២ ​ស្ថិតក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​។ ​ដោយឡែក លោក Nikolai Patrushev ​លេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​របស់​រុស្ស៊ី កូនប្រុស​របស់គាត់​គឺ Andrey អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​Gazprom Neft ឧកញ៉ា​ Igor Sechin និង​កូនប្រុស​របស់គាត់ Ivan ដែលជា​អនុប្រធាននាយកដ្ឋាន​នៅ Rosneft ក៏​ទទួលរង​ទណ្ឌកម្ម​ដូចគ្នា​។​

​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​នៅ​ធនា​​គារ​របស់​រដ្ឋ​រួមមាន ​លោក Alexander Vedyakhin នៃ​ធនាគារ Sberbank លោក Andrey Puchkov ​និង Yuriy Soloviev នៃ​ធនាគារ VTB ក៏ដូចជា​ភរិយា​របស់ លោក​ Soloviev ​គឺ​អ្នកស្រី Galina Olegovna Ulyutina ​ក៏ត្រូវ​បាន​បញ្ចូល​ទៅក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ផងដែរ​។​

​លើ​ពីនេះ​ទៅទៀត ស្ថាប័ន​ធនាគារ និង​សេវា​ហរិញ្ញវត្ថុ ដែល​ត្រូវ​រង​ទណ្ឌកម្ម​ដែរនោះ រួមមាន ធនាគារ​​កណ្តាល​របស់​រុស្ស៊ី ស្ថាប័ន​សម្រាប់​ទូរគមនាគមន៍​ហិរញ្ញវត្ថុ​អន្តរ​ធនាគារ​​ពិភពលោក ឬ​ហៅ​កាត់ Swift ធនាគារ​ Sberbank ធនាគារ VTB ​ធនាគារ Alfa-Bank និង Bank Otkritie ធនាគារ Rossyia និង Promsvyazbank ធនាគារ Sovcombank ​និង Novikombank​ និង​ដាក់​កំហិត​លើ​បំណុល និង​ភាគហ៊ុន​ថ្មី​លើ​ធនាគារ​កសិកម្ម​រុស្ស៊ី ធនាគារ Credit Bank of Moscow និង Gazprombank ធនាគារ Genbank​ និង Black Sea Bank ​ស្ថាប័ន​អភិវឌ្ឍន៍​ហិរញ្ញវត្ថុ​ដ៏​សំខាន់ និង​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​រដ្ឋាភិបាល​រុស្ស៊ី​ គឺ​ VEB.RF ធនាគារ​បេឡា​រុស ធនាគារ​រដ្ឋ ​២ គឺ​ Belinvestbank ​និង Bank Dabrabyt និង​ក្រុមហ៊ុន ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Minsk ចំនួន​ ២ គឺ​ក្រុម​អចលនទ្រព្យ Belinvest-Engineering និង​ក្រុមហ៊ុន​ជួល​ហិរញ្ញវត្ថុ CJSC Belbizneslizing ​ផងដែរ​។

​ក្រៅពីនេះ មាន​ក្រុមហ៊ុន​អាកាស​​ចរណ៍​រុស្ស៊ី Aeroflot នឹងត្រូវ​ហាម​ឃាត់​ពី​ដែនអាកាស​របស់​ចក្រភព​​អង់គ្លេស ក្រុមហ៊ុន​ការពារជាតិ​ធំ​បំផុត​របស់​រុស្ស៊ី​ Rostec ​ក្រុមហ៊ុន​ផលិត​រថក្រោះ​ធំ​បំផុត​របស់​ពិភព​​លោក Uralvagonzavod ក្រុមហ៊ុន​ផ្គត់ផ្គង់​ដ៏​ធំ​នៃ​មី​ស៊ី​ល​ផ្លោង​ខ្យល់ និង​សមុទ្រ គឺ​សាជីវកម្ម​មី​ស៊ី​ល Tactical ក្រុមហ៊ុន​កាន់កាប់​របស់​រុស្ស៊ី​ដែល ផ្គត់ផ្គង់​យន្តហោះ​យោធា និង​រួម​បញ្ចូល​ក្រុមហ៊ុន​ផលិត​យន្តហោះ​​រុស្ស៊ី​ធំៗ​ទាំងអស់ United Aircraft Corporation ​ក្រុមហ៊ុន​សាងសង់​កប៉ាល់​ធំជាងគេ​នៅ​ប្រទេស​រុស្ស៊ី ដែល​បាន​សាងសង់​នាវាចម្បាំង​រុស្ស៊ី​សំខាន់ៗ United Shipbuilding Corporation​។​

​ដោយឡែក សម្រាប់​សហភាព​អឺរ៉ុប​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទីនោះ ត្រូវបាន​ហាមឃាត់​មិនឱ្យ​នាំចេញ​បច្ចេកវិទ្យា​ទៅកាន់​ក្រុមហ៊ុន​ផលិត​អាវុធ​រុស្ស៊ី JSC Kalashnikov ក្នុងចំណោម​ក្រុមហ៊ុន​ដទៃទៀត ក៏ដូចជា​ក្រុមហ៊ុន​ឱសថ អង្គភាព​ទំនាក់ទំនង​យោធា និង​កន្លែង​ផលិត​កប៉ាល់​។​

​ក្រុមហ៊ុន​នៅ​សហភាព​អឺរ៉ុប ត្រូវបានហាមឃាត់​មិនឱ្យ​ធ្វើ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន​រដ្ឋ​ដូចខាងក្រោម​រួមមាន ក្រុមហ៊ុន​ផលិត​សព្វាវុធ Almaz-Antey ក្រុមហ៊ុន​ផលិត​រថយន្ត Kamaz ក្រុមហ៊ុន Novorossiysk Commercial Sea Port ក្រុមហ៊ុន​ការពារ Rostec ក្រុមហ៊ុន​ផ្លូវដែក​រុស្ស៊ី ក្រុមហ៊ុន​ផលិត​នាវាមុជទឹក​នុយ​​ក្លេ​អ៊ែរ Sevmash​ ក្រុមហ៊ុន​ដឹកជញ្ជូន​អ៊ីដ្រូ​កាបូន Sovcomflot និង​ក្រុមហ៊ុន​សាងសង់​កប៉ាល់​ធំ​បំផុត​របស់​ប្រទេស​ United Shipbuilding Corporation​។​

​ទីភ្នាក់ងារ​ស្រាវជ្រាវ​អុី​ន​ធឺ​ណិ​ត ដែលជា​ក្រុមហ៊ុន​គាំទ្រ​ដោយ​វិមាន​ក្រឹម​ឡាំង ដែល​នៅ​ពីក្រោយ​យុទ្ធនា​​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​អ៊ុយ​ក្រែ​ន និង​ផ្តល់​ហិរញ្ញប្បទាន​ដោយ​លោក ​Yevgeny Prigozhin ក៏​ត្រូវបាន​ហាមឃាត់​ផងដែរ​។​

​ចំណែកឯ​នៅ​សហរដ្ឋអាមេរិក ក៏បាន​កំណត់​គោលដៅ​ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ​របស់​រុស្ស៊ី​សហរដ្ឋអាមេរិក​បានដាក់​កម្រិត​យ៉ាងខ្លាំង​ដល់​ក្រុមហ៊ុន​ដែល​សំខាន់​ចំពោះ​សេដ្ឋកិច្ច​របស់​ប្រទេស​ពី​ការ​រៃអង្គាសប្រាក់​តាមរយៈ​ទីផ្សារ​សហរដ្ឋអាមេរិក​ទាំងនេះ​ រួម​​បញ្ចូល​ទាំង​ក្រុមហ៊ុន​ឧស្ម័ន​ធម្មជាតិ​ដ៏​ធំ​បំផុត​របស់​ពិភពលោក Gazprom ក្រុមហ៊ុន​បំពង់​បង្ហូរ​ប្រេង Transneft ​និង​ក្រុមហ៊ុន​ថាមពល​ធំ​បំផុត​របស់​រុស្ស៊ី RusHydro​។​

​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​តាម​សមុទ្រ និង​ជា​ក្រុមហ៊ុន​ដឹកជញ្ជូន​ធំ​បំផុត​របស់​រុស្ស៊ី Sovcomflot ​និង​ក្រុមហ៊ុន​ផ្លូវដែក​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក និង​ប្រតិបត្តិ​ករ​ទំនាក់ទំនង​ដ៏​ធំ​បំផុត​របស់​ប្រទេស Rostelecom និង​ក្រុមហ៊ុន​រុករក​រ៉ែ​ពេជ្រ​ដ៏​ធំ​បំផុត​របស់​ពិភពលោក Alrosa​ ក៏ត្រូវ​ហាមឃាត់​ដែរ​៕