មន្ត្រី​អាមេរិក​បាន​និយាយ​ថា​ ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​ធនាគារ​កណ្ដាល​រុស្ស៊ី​ប្រហែល​ពាក់​កណ្ដាល ដែល​ដាក់​ដោយ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល ​២៤ ម៉ោង​ចុង​ក្រោយ​នេះ​។

ទណ្ឌកម្ម​សេដ្ឋកិច្ច​បាន​ធ្វើ​ឱ្យ​ប្រជាជន​រុស្ស៊ី​ កំពុង​រើ​បម្រះ​ក្នុង​ការ​ចំណាយ​ប្រាក់​រូប្ល​របស់​ពួកគេក្រោយ​បាន​ដក​ប្រាក់​ដុល្លារ​អឺរ៉ូ និង​រូបិយប័ណ្ណ​ផ្សេង​ទៀត​ពី​ការ​ដោះដូរ​តាម​ធនាគារខណៈ​ពេល​ដែល​តម្លៃ​សាច់​ប្រាក់​ក្នុង​ស្រុក​របស់​ពួកគេ​ធ្លាក់​ចុះ​រហូត​ដល់ ១ ​ភាគ​ ៣​។ ដើម្បី​ទប់​ស្កាត់​នឹង​ការ​ធ្លាក់​តម្លៃ​នេះរុស្ស៊ី​ ​បាន​បង្កើន​អត្រា​ការ​ប្រាក់​ពី​ ៩,៨ ភាគរយ រហូត​ដល់​ ២០ ភាគ​រយ​ដែល​ជា​ការ​បង្កើន​ច្រើន​ជាង​ទ្វេដង​។

ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ បាន​បន្ថែម​លើ​កិច្ច​ខិតខំ​ប្រឹងប្រែងកំពុង​កើន​ឡើង​ក្នុង​ការ​កាត់​ផ្ដាច់​ធនាគារ​រុស្ស៊ី​ពី​ប្រព័ន្ធ​ទូទាត់​សកល SWIFT។ ​ការ​កាត់​ផ្ដាច់​ធនាគារ​រុស្ស៊ី​មិន​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​នេះ រារាំង​ការ​ទូទាត់​ប្រាក់​ឆ្លង​ដែន​ដែល​មាន​សារៈសំខាន់​ចំពោះ​សេដ្ឋកិច្ច​បច្ចុប្បន្ន​ ដែល​រួមមាន​ពាណិជ្ជកម្មការ​វិនិយោគ​បរទេស និង​ការ​ផ្ទេរ​ធនធាន​ធនាគារ​កណ្ដាល។

ខណៈ​ពេលធនាគារ​កណ្ដាល​រុស្ស៊ី​ កំពុង​ដោះស្រាយ​ផល​ប៉ះពាល់​កម្រិត​ខ្ពស់​នៃ​ទណ្ឌកម្ម ប្រជាជន​ទូទៅ​រុស្ស៊ី​កំពុង​មើល​ឃើញ​ផល​ប៉ះពាល់​នៃ​ការ​ដាក់​ទណ្ឌកម្ម​រួច​ហើយ​។ មនុស្ស​ជា​ច្រើន​ប្រជ្រៀត​គ្នា​រង់ចាំ​ក្នុង​ជួរ​​​រាប់​សិប​យ៉ាង​ជ្រៅ​នៅ​ម៉ាស៊ីន ATM ​​ក្នុង​ក្ដី​សង្ឃឹម​ដក​សាច់​ប្រាក់មុន​ពេល​ពួក​គេ​មិន​អាច​ចាយ​រូបិយប័ណ្ណ​នេះ​ សម្រាប់​របស់​ប្រើប្រាស់​និង​របស់​ចាំបាច់​ផ្សេង​ទៀត៕