ក្រុមហ៊ុន Facebook, Twitter និង YouTube ទាំងអស់ កំពុង​ប្រកាន់​​ជំហរ​តឹងរ៉ឹង​លើ​ការ​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រុស្ស៊ី​ចំ​ពេល​មាន​សម្ពាធ​កាន់​តែ​ខ្លាំង​ពី​មន្ត្រី​អឺរ៉ុប​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ទាំង​នេះ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ការ​ឃោសនាដែល​គាំទ្រ​រុស្ស៊ី និង​ទប់ទល់​សង្គ្រាម​ព័ត៌មា​​ន ដែល​កំពុង​កើ​ន​ឡើង​នៅ​អ៊ុយក្រែន និង​តាម​អ៊ីនធឺណិត​។​

ប៉ុន្តែមាន​ក្តី​បារម្ភ​ថា​ ការ​បង្ក្រាប​យ៉ាង​ខ្លាំង​ពេកអាច​មាន​ផលវិបាក​ដោយ​អចេតនាទាំង​សម្រាប់​បណ្ដាញ​សង្គម​ និង​សម្រាប់​ពលរដ្ឋ​រុស្ស៊ីដែល​ពឹង​ផ្អែក​លើ​សេវាកម្ម​ទាំ​ង​នោះ​។

ក្រុមហ៊ុន​ Facebook នឹង​រារាំង​ការ​ចូល​ទៅ​កាន់​បណ្ដាញ​ព័ត៌មាន​រុស្ស៊ី ​R​T និង Sputnik នៅ​ទូទាំង​សហភាព​អឺរ៉ុប បន្ទាប់​ពី​ទទួល​បាន​សំណើ​ពី​រដ្ឋាភិបាល​មួយ​ចំនួននិង​សហភាពអឺរ៉ុប ដើម្បី​ចាត់​វិធាន​ការ​បន្ថែម​ទៀត​ទាក់ទង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៊ី។

លោក Nathaniel Gleicher ប្រធាន​គោលនយោបាយ​សន្តិសុខ​របស់​ក្រុមហ៊ុន​ Meta ដែល​ជា​ម្ចាស់​របស់​ Facebook បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ថា​ ក្រុមហ៊ុន Meta កំពុង​ពិនិត្យ​មើលសំណើ​របស់​រដ្ឋាភិបាល​ផ្សេងៗដែល​ស្នើ​សុំ​វេទិកា​របស់​ខ្លួន ដើម្បី​ទប់​ស្កាត់​ខ្លឹមសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រុស្ស៊ី​ទាំ​ង​ស្រុ​ង។លោក Gleicher បន្ថែម​ថាក្រុមហ៊ុន Meta បាន​អនុវត្ត​តាម​សំណើ​បែប​នេះ​ពី​រដ្ឋាភិបាល​អ៊ុយក្រែន​រួច​ហើយហើយ​ឥឡូវ​នេះ​កំពុង​រារាំង​ទាំងស្រុង​នូវ​សមត្ថភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​របស់​រុស្ស៊ីក្នុង​ការ​ផ្សាយ​ទៅ​កាន់​អ៊ុយក្រែន​។

កាល​ពី​ថ្ងៃ​ចន្ទបណ្ដាញ​សង្គម Twitter បាន​ប្រកាស​ថា​តំណ​ភ្ជាប់​ណា​មួយ​ដែល​បាន​ចែករំលែក ដោយ​អ្នក​ប្រើប្រាស់​ទៅ​កាន់​គេហទំព័រ​របស់​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រុស្ស៊ីនឹង​ទទួល​បាន​ស្លាក​សញ្ញា​ព្រមាន​អ្នក​មើល​ដោយ​ស្វ័យ​ប្រវត្តិ​ថា វានឹង ​«ភ្ជាប់​ទៅ​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយដែល​ពាក់ព័ន្ធ​ជាមួយ​រដ្ឋ​រុស្ស៊ី​»។ បណ្ដាញ​សង្គម​នេះក៏​មាន​គម្រោង​កាត់​បន្ថយ​ការ​មើល​ឃើញ និង​ការ​ពង្រីក​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​​៕