កាល​ពី​ថ្ងៃ​ចន្ទ ទី​ ២៨ កុម្ភៈ​ សហរដ្ឋអាមេរិក​ បាន​ប្រកាស​បណ្ដេញ​មន្ត្រី​ការទូត​រុស្ស៊ី​មួយ​ចំនួន​ប្រចាំ​អង្គការ​សហប្រជាជាតិ ហើយ​បាន​ផ្អាក​ដំណើរ​ការ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​ប្រទេស​បេឡារុ​ស​ ក្នុង​ជំហាន​ការទូត​ដ៏​ធំ​មួយ​ ខណៈ​ពេល​ដែល​រុស្ស៊ី​បន្ត​ការ​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​។

ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ អ្នក​នាំ​ពាក្យ​បេសកកម្ម​ការទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជា ជាតិ​លោក​ស្រី​ អូលីវីយ៉ា ដាល់តុន​ បាន​និយាយ​ថា​៖ «សហរដ្ឋអាមេរិក​ បាន​ជូន​ដំណឹង​ដល់​អង្គការ​សហប្រជាជាតិ និង​បេសកកម្ម​អចិន្ត្រៃយ៍​រុស្ស៊ី​​ប្រចាំ​អង្គការ​សហប្រជាជាតិ​ថា​ យើង​កំពុង​ចាប់​ផ្ដើម​ដំណើរ​ការ​បណ្ដេញ​មន្ត្រី​ចារកម្ម​ចំនួន ​១២​ នាក់​ មក​ពី​បេសកកម្ម​រុស្ស៊ី​ដែល​បាន​រំលោភ​ឯកសិទ្ធិ​របស់​ពួកគេ​ក្នុង​ការ​ស្នាក់​នៅ​ទឹកដី​សហរដ្ឋអាមេរិក ដោយ​ចូល​រួម​ក្នុង​សកម្មភាព​ចារកម្ម​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​របស់​យើង​»​។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ រុស្ស៊ី​ និង​អាមេរិក ​បាន​បណ្ដេញ​មន្ត្រី​ការទូត​ទៅ​វិញ​ទៅ​មក​ជា​ច្រើន​លើក​មក​ហើយ​។ រុស្ស៊ី​បាន​រិះគន់​ការ​សម្រេច​ចិត្ត​របស់​អាមេរិក​ក្នុង​ការ​ហាមឃាត់​មិន​ឱ្យ​មន្ត្រី​ការ​ទូត​រុស្ស៊ី​​ស្នាក់​នៅ​ក្នុង​ទឹក​ដី​អាមេរិក​លើស​ពី​៣​ឆ្នាំ​ ហើយ​ត្រឹម​តែ​ខែ​មុន​រុស្ស៊ីបណ្ដេញ​ អនុប្រធាន​បេសកកម្ម​ការ​ទូត​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ម៉ូ​ស្គូ​លោក​បាត ហ្ករមែន​។

ការ​ប្រកាស​នេះ​ បាន​កើត​ឡើង​ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក ​អានតូនី ប៊ីនកែន​ ​បាន​ប្រកាស​ថា​អាមេរិក​នឹង​ផ្អាក​ដំណើរ​ការ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​ក្រុង​មីនស្ក៍​ប្រទេស​បេឡារុស​«ដោយ​សារ​តែ​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​ដែល​កើត​ចេញ​ពី​ការ​វាយ​ប្រហារ​ដែល​មិន​មាន​ការ​បង្ក​ និង​មិន​មាន​ហេតុផល​ដោយ​កងកម្លាំង​យោធា​រុស្ស៊ី​នៅ​អ៊ុយក្រែន​»​។ បេឡារុស ​គឺ​ជា​សម្ព័ន្ធមិត្ត​ជិត​ស្និទ្ធ​របស់​ប្រទេស​រុស្ស៊ី​ ​ហើយ​បាន​អនុញ្ញាត​ឱ្យ​កង​កម្លាំង​រុស្ស៊ី​​ប្រើប្រាស់​ទឹក​ដី​ខ្លួន​ក្នុង​ការ​វាយ​ប្រហារ​ប្រទេស​អ៊ុយក្រែន​៕