កាល​ពី​ថ្ងៃ​ចន្ទ ទី​ ២៨ កុម្ភៈ​ កង​កម្លាំង​រុស្ស៊ី​ បាន​ធ្វើ​ការ​បាញ់​ផ្លោង​គ្រាប់​រ៉ុក្កែ​​ទៅ​លើ​តំបន់​លំនៅឋាន​នៅ​ក្រុង​កាកៀវ​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ ហើយ​សំឡេង​នៃ​ការ​ផ្ទុះ​ធំៗ​ជា​ច្រើន​ត្រូវ​បាន​គេ​ឮ​នៅ​រដ្ឋធានី​កៀវ​ ខណៈ​ពេល​ដែល​ការ​ចរចា​ដំបូង​រវាង​ភាគី​ទាំង ​២ ​នៅ​ព្រំដែន​បេឡារុស​ត្រូវ​បាន​បញ្ចប់​។

អភិបាល​ក្រុង​កាកៀវ លោក ​អ៊ីហូរ តេរេកូវ​ បាន​និយាយ​ថា ​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​សម្លាប់​មនុស្ស​ ៩ នាក់​ ក្នុង​នោះ​មាន​កុមារ​ ៣ នាក់ ហើយ​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ ៣៧ នាក់​រង​របួស​។ រុស្សី​នៅ​មិន​ទាន់​ធ្វើ​ការ​អត្ថាធិប្បាយ​លើ​ការ​លើក​ឡើង​នេះ​ទេ​។

វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម​បាន​បង្ហាញ​ថា ​គ្រាប់​រ៉ុក្កែត​ជា​ច្រើន​គ្រាប់​ផ្ទុះ​ជិតៗ​គ្នា​នៅ​ក្នុង​តំបន់​លំនៅឋាន​នៃ​សង្កាត់​សាល់ធីវីកា​នៅ​ផ្នែក​ភាគ​ខាង​ជើង​នៃ​ក្រុង​កាកៀវ​។

ខណៈ​ពេល​ដែល​ការ​ចរចា​រវាង​ភាគី​ទាំង​ ២ ​នៅ​ព្រំដែន​បេឡារុស​ត្រូវ​បាន​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ មាន​ការ​រាយការណ៍​អំពី​ សំឡេង​នៃ​ការ​ផ្ទុះ​ធំៗ​ជា​ច្រើន​នៅ​ក្រុង​កៀវ​ រួម​ជា​មួយ​ការ​បន្លឺ​សំឡេង​ស៊ីរ៉ែន​ ។

លោក​ មីខាអ៊ីឡូ ប៉ូដូលីយ៉ាក​ ទីប្រឹក្សា​របស់​ប្រធានាធិបតី​អ៊ុយក្រែន​ បាន​និយាយ​ថា​ភាគី​ទាំង​ ២ ​បាន​ពិភាក្សា​អំពី «បទ​ឈប់​បាញ់ និង​ការ​បញ្ចប់​សកម្មភាព​ប្រយុទ្ធ​នៅ​លើ​ទឹកដី​អ៊ុយក្រែន​»។ ដោយ​មិន​បាន​បញ្ជាក់​អំពី​ព័ត៌មាន​លម្អិត​ លោក ​ប៉ូដូលីយ៉ាក ​បាន​និយាយ​ថា​ភាគី​ទាំង ២ ​បាន​ត្រឡប់​ទៅ​រដ្ឋធានី​រៀង​ៗ​ខ្លួន​ ដើម្បី​ពិគ្រោះ​យោបល់​ថា​តើ​គួរ​អនុវត្ត​ «ការ​សម្រេច»​ មួយ​ចំនួន​ឬ​ទេ​? លោក​និយាយ​ថា ​ភាគី​ទាំង​អស់​បាន​ពិភាក្សា​អំពី​ការ​ចរចា១​ជុំ​ទៀត​ដើម្បី​បន្ត​អភិវឌ្ឍ​ការ​សម្រេច​ទាំង​នេះ​។

យោធា​រុស្ស៊ី​​ គឺ​ធំ​ជាង​ និង​ទំនើប​ជាង​យោធា​អ៊ុយក្រែន​ ប៉ុន្តែ​ប្រឈម​នឹង​ការ​លំបាក​ជា​ច្រើន​ដោយ​ការ​តដៃ​មិន​ព្រម​ចុះចាញ់​ដោយ​កង​កម្លាំង​អ៊ុយក្រែន​។ បណ្ដា​ប្រទេស​លោក​ខាង​លិច​បាន​បន្ត​ការ​ផ្គត់​ផ្គង់​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន​ដើម្បី​ជួយ​ទប់ទល់​នឹង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី៕