កាលពី​ថ្ងៃ​អង្គារ ទី ​១ មីនា ​ប្រធានាធិបតី​បេឡា​រុស​ លោក​ អា​ឡិច​សាន់​ឌ័​រ លូ​កា​សិន​កូ ដែលជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​រុស្ស៊ី បានធ្វើ​បទ​បង្ហាញ​អំពី​ផែនទី​សមរភូមិ​នៅ​អ៊ុយ​ក្រែ​ន​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​របស់លោក ដោយ​នៅលើ​ផែនទី​នោះ​មាន​តម្រុយ​អំពី​ផែនការ​ធ្វើការ​ឈ្លា​ន​​ពាន​ចូល​ប្រទេស​ម៉ុ​ល​ដាវី ដែលជា​អតីត​សមាជិក​សហភាព​សូ​​វៀត និង​ជា​ប្រទេស​ជាប់​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន​។​

​ផែន​ទីនេះ​បានបង្ហាញ​ពី​ផែនការ​ចលនា​ទ័ព​រុស្ស៊ី និង​គោលដៅ​វាយប្រហារ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ក៏​បង្ហាញ​អំពី​ចលនា​ទ័ព​រុស្ស៊ី និង​គោលដៅ​នៅក្នុង​តំបន់​ត្រង់​នី​ស្ទ្រា ដែលជា​តំបន់​ផ្ដាច់ខ្លួន​ពី​ប្រទេស​ម៉ុ​ល​ដាវី​។​

​រហូតមកដល់​ពេលនេះ ផែនការ​ចលនា​ទ័ព​រុស្សី​មួយចំនួន​នៅលើ​ផែនទី​ខាងលើ គឺ​ត្រូវបាន​អនុវត្ត ខណៈ​ផែនការ​ខ្លះ​នៅ​មិនទាន់​អនុវត្ត​នៅឡើយ ដែល​រួមទាំង​ផែនការ​ចលនា​ទ័ព​ចូល​ទឹកដី​របស់​ប្រទេស​ម៉ុ​ល​ដាវី​។​

​ប្រទេស​បេឡា​រុស ​បាន​អនុញ្ញាតឱ្យ​កងកម្លាំង​រុស្សី​ប្រើប្រាស់​ទឹកដី​របស់ខ្លួន ដើម្បី​ធ្វើការ​វាយប្រហារ​ក្រុង​កៀវ​តាមផ្លូវ​ជិត​បំផុត បន្ទាប់ពី​ធ្វើការ​អះអាងថា កងកម្លាំង​រុស្ស៊ីនៅក្នុង​ទឹកដី​របស់ខ្លួន គឺ​គ្រាន់តែ​មក​ធ្វើ​សមយុទ្ធ​ប៉ុណ្ណោះ​។ មានការ​រាយការណ៍​ថា នៅ​សប្ដាហ៍​នេះ កងទ័ព​បេឡា​រុស​កំពុង​ត្រៀមខ្លួន​ឆ្លង​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន ​ដើម្បី​គាំទ្រ​ការឈ្លានពាន​របស់​ប្រទេស​រុ​ស្សុី​។​

​បើតាម​ការរាយការណ៍​របស់​ព័ត៌មាន​រដ្ឋ​បេឡា​រុស លោក ​លូ​កាសិន​កូ បាន​និយាយថា បេឡា​រុស​នៅ​មិនទាន់​បញ្ជូន​ទ័ព​ចូល​អ៊ុយ​ក្រែ​ន​នៅឡើយ​ទេ ប៉ុន្តែ​អាច​ចល័ត​ក្នុង​រយៈពេល ​២ ​ទៅ ​៣ ​ថ្ងៃ​ប្រសិនបើ​ចាំបាច់​។​

​កាលពី​ថ្ងៃ​ចន្ទ សហភាព​អឺរ៉ុបបានប្រកាស​រៀបចំ​ដាក់ទណ្ឌកម្ម​បន្ថែមទៀត​លើ​បេឡា​រុស​ ជុំវិញ​ការពាក់ព័ន្ធ​នឹង​ការ​លុកលុយ​របស់​រុ​ស្សុី​៕

វីដេអូ៖