លោកខាងលិច​បាន​ឆ្លើយតប​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​ចូលក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន ​ដោយ​ដាក់ទណ្ឌកម្ម ១ ​ជុំ​ហើយ ​១ ​ជុំ​ទៀត ដោយ​ការដាក់ទណ្ឌកម្ម​ជុំ​ចុង​​ក្រោយ​បំផុត គឺ​រៀបចំឡើង​ដើម្បី​បង្កឱ្យមាន​វិបត្តិ​ធនាគារ វាយ​ប្រ​ហារ​លើសលប់​លើ​ប្រព័ន្ធ​ការពារ​វិស័យ​ហិរញ្ញវត្ថុ​រុស្ស៊ី និង​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រទេស​នេះ​ធ្លាក់​ក្នុង​វិបត្តិ​យ៉ាង​ជ្រាលជ្រៅ​។​

​មិន​ធ្លាប់មាន​ឡើយ​នូវ​ករណី​ដាក់ទណ្ឌកម្ម​កម្រិត លើ​សេដ្ឋកិច្ច​ដែលមាន​តួនាទី​ដ៏​សំខាន់​ក្នុង​សកលលោក​ដូច​សេដ្ឋកិច្ច​របស់​រុស្ស៊ី ហើយ​អ្នកវិភាគ​ជាច្រើន​បាន​និយាយថា ឥឡូវនេះ​មាន​ហា​​និ​ភ័យ​ខ្ពស់​ដែល​ប្រទេស​រុស្ស៊ី​ ប្រ​​ឈមមុខ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​រុញច្រាន​ធនាគារ​ដ៏​ធំ​បំផុត​របស់ខ្លួន ឱ្យ​ឈានទៅដល់​ការដួលរលំ​។​

​លោកខាងលិចបាន​និយាយថា យុទ្ធនាការ​របស់​ពួកគេ គឺជា​សង្គ្រាម​សេដ្ឋកិច្ច ដើម្បី​ដាក់​ទណ្ឌ​​កម្ម​លើ​ប្រធានាធិបតី​រុស្ស៊ី លោក ​វ្ល៉ា​ឌី​មៀរ ពូ​ទីន និង​ដើម្បី​ធ្វើឱ្យ​ប្រ​ទេស​លោក​ដឹកនាំ​ក្លាយជា​ជន​គេ​បន្សាត់​ចោល​លើ​ឆាក​អន្តរជាតិ បើទោះបីជា​ត្រូវ​ចំណាយពេល​ជាច្រើន​ឆ្នាំ​ ដើម្បី​បំផ្លាញ​ «​បន្ទាយ​​សេដ្ឋកិច្ច​» ​របស់​រុស្ស៊ី​ក៏ដោយ​។​

​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បារាំង​លោក ប្រ៊ូ​ណូ លឺ ម៉ែ និយាយប្រាប់​ទូរ​ទស្សន៍​បារាំង​កាលពី​ថ្ងៃ​អង្គា​រថា​៖ «​យើង​នឹង​បង្ក​ការដួលរលំ​នៃ​សេដ្ឋកិច្ច​រុស្ស៊ី​»​។​

​បើទោះជា​យ៉ាងនេះ​ក៏ដោយ ឋានៈ​របស់​រុស្ស៊ី​ជា​អ្នកផ្គត់ផ្គង់​ថាមពល​សកល​នឹង​ធ្វើឱ្យ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​ខាង​​លិច​កាន់តែ​លំបាក​។ ៤០ ភាគ​​រយ ​នៃ​ឧស្ម័ន​ធម្មជាតិ និង ២៥ ភាគរយ​នៃ​ប្រេង ដែល​អឺរ៉ុប​នាំចូល គឺ​ផ្គត់ផ្គង់​ដោយ​រុស្ស៊ី​។​

​ការឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន ​បានធ្វើឱ្យ​មានការ​ឆ្លើយតប​មិន​ធ្លាប់មាន​ពី​មក​ដោយ​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស សហភាព​អឺរ៉ុប កាណាដា ជប៉ុន អូស្ត្រាលី និង​ប្រទេស​ដទៃទៀត​។ សូម្បីតែ​ប្រទេស​ស្វ៊ី​ស ដែល​ល្បីឈ្មោះ​ក្នុង​ការរក្សា​អព្យាក្រឹត និង​ការ​​រក្សា​ការសម្ងាត់​ក្នុង​ប្រព័ន្ធ​ធនាគារបាន​សន្យាថា នឹងដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី​។​

​លោកខាងលិច បាន​កាត់ផ្ដាច់​ធនាគារ​ធំជាងគេ​ ២​​ របស់​រុស្ស៊ី​គឺ Sberbank (SBRCY) និង​ VTB ពី​ទីផ្សារ​ប្រាក់​ដុល្លារ​អាមេរិក​។ ពួកគេ​ក៏បាន​ចាត់វិធានការ​ ដើម្បី​ដក​ធនាគារ​រុស្ស៊ី​មួយចំនួន​ចេញពី​ SWIFT ដែលជា​សេវា​ទូទាត់​ប្រាក់​រវាង​ស្ថាប័នហិរញ្ញវត្ថុ​នៅ​ជុំវិញ​ពិភពលោក​។​

​បន្ថែម​ពីលើ​នេះ​លោកខាងលិច កំពុង​ចាត់វិធានការ​ដើម្បី​រារាំង​ធនាគារកណ្ដាល​រុស្ស៊ី​កុំ​ប្រើប្រាស់​មូលនិធិ​រូបិយប័ណ្ណ​បរទេស​របស់​ពួកគេ ដើម្បី​ការពារ​រូបិយប័ណ្ណ​រូប​ពី​ការធ្លាក់​ថ្លៃ​។ លោក ​លឺ ម៉ែ បាន​និយាយថា​ សរុបមក​ទណ្ឌកម្ម​លោកខាងលិច​បាន​បង្កក​ទ្រព្យសម្បត្តិ​ជិត ១ ទ្រី​លាន​ដុល្លារ ​(​សូន្យ ១២ ខ្ទង់​)​ ទៅហើយ​។​

​លោកខាងលិច​បាន​ច្រានចោល​ថា ខ្លួន​នឹងមិន​បញ្ជូនទាហាន​ទៅ​អ៊ុយ​ក្រែ​ន​​ ដើម្បី​ប្រយុទ្ធ​ជាមួយ​រុស្ស៊ី​ទេ ធ្វើការ​ដាក់ទណ្ឌកម្ម ​គឺជា​ជម្រើស​តែ​ ១ ​គត់​ ដែល​ពួកគេ​អាចធ្វើ​។ ក្រុមហ៊ុន​វិភាគ Oxford Economics បាន​និយាយថា​ វិធានការ​ទាំងនេះ នឹងធ្វើ​ឱ្យ​អត្រា​ផលិតផល​ក្នុងស្រុក​សរុប​របស់​រុស្ស៊ី​ធ្លាក់ចុះ​រហូត​ទៅដល់ ៦ ភាគរយ​។​

​ចាប់តាំងពី​ឆ្នាំ​ ២០១៤ នៅពេលដែល​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​លោកខាងលិច​បានដាក់​ទណ្ឌកម្ម​លើ​ទីក្រុង​ម៉ូស្គូ បន្ទាប់ពី​ការ​កាត់​យក​ឧបទ្វីប​គ្រី​មា និង​ការបាញ់​ទម្លាក់​ជើងហោះហើរ​លេខ ១៧ របស់​ម៉ា​​ឡេ​ស៊ី លោក ពូ​ទីន បានធ្វើការ​​ព្យាយាម​បង្កើន​ភាព​ធន​សេដ្ឋកិច្ច ១,៥ ទ្រី​លាន​ដុល្លារ​ ពី​ការរង​​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​ការ​ដាក់ទណ្ឌកម្ម​។

​ទីក្រុង​ម៉ូស្គូ បាន​ព្យាយាម​កាត់បន្ថយ​ការប្រើប្រាស់​ដុល្លារ​អា​​មេ​រិ​ក​ក្នុង​សេដ្ឋកិច្ច​ពឹង​លើ​ប្រេង​របស់ខ្លួន ធ្វើការ​សន្សំសំចៃ​លើ​ការចំណាយ​របស់​រដ្ឋាភិបាល និង​បង្កើន​ការ​ស្តុក​ទុក​រូបិយប័ណ្ណ​បរទេស​ដទៃទៀត​។​

​អ្នករៀបចំ​ផែនការ​សេដ្ឋកិច្ច​របស់​លោក ពូ​ទីន ​ក៏បាន​ស្វែងរក​ការជំរុញ​ផលិតកម្ម​ក្នុងស្រុក​នៃ​ទំនិញ​មួយចំនួន​ដោយ​រារាំង​ការនាំ​ចូល​ផលិត​​ផល​ទាំងនេះ​ពី​បរទេស​។ ទន្ទឹមនឹង​នេះដែរ​ធនា​គារ​កណ្ដាល​រុស្ស៊ី​បាន​ប្រមូល​ទុន​បាន​ជាង ៦៣០ ពាន់​លាន​ដុល្លារ ជា​រូបិយប័ណ្ណ​បរ​​ទេស​ចម្រុះ និង​មាស ដែលជា​ចំនួន​ដ៏​ច្រើន​បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដទៃទៀត​។​

​វិធានការ​ការពារ​ទាំ​ង​នោះ​ឥឡូវនេះ​កំពុង​ត្រូវបាន​សាក​ល្បង​យ៉ាងធ្ងន់ធ្ងរ​។​

​យោងតាម​ក្រុមហ៊ុន​វិភាគ Capital Economics បានឱ្យដឹងថា ទណ្ឌកម្ម​បាន​រារាំង​មិនឱ្យ​រុស្ស៊ី​ប្រើប្រាស់​ទុនបម្រុង​របស់​ពួកគេ​ជាង ៥០ ភាគរយ​។​

​ធនាគារកណ្ដាល​រុស្ស៊ី បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទថា​៖ «​លក្ខខណ្ឌ​ខាងក្រៅ​សម្រាប់​សេដ្ឋកិច្ច​រុស្ស៊ី​បាន​ផ្លាស់ប្ដូរ​យ៉ាង​​ខ្លាំង​» ដោយ​ប្រកាសថា ពួកគេ​នឹង​បង្កើន​អត្រា​ការប្រាក់​ទ្វេដង​ដល់​ ២០​ភាគរយ​។ ធនាគារ​បាន​បន្ថែមថា «​នេះ​គឺ​ចាំបាច់​ដើម្បី​គាំទ្រ​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ និង​ការពារ​ប្រាក់​សន្សំ​របស់​ប្រជា​​ពលរដ្ឋ​ពី​ការបាត់បង់​តម្លៃ​»​។​

​មាន​របាយការណ៍​កាល​ពី​ចុង​​សប្តាហ៍​ថា ប្រជាជន​រុស្ស៊ី​បាន​ឈរ​តម្រង់​ជួរ​វែង​ដើម្បី​ដក​ប្រាក់​ពី​ម៉ាស៊ីន ​ATM ដែល​បង្កើន​ការ​​ព្រួយបារម្ភ​អំពី​ការដួលរលំ​ធនា​​គារ​ដោយសារ​ការដក​ប្រាក់​ច្រើនពេក​។ បន្ថែម​ពីលើ​នេះ​ធនាគារ​រុស្ស៊ី អាច​ស្ថិតនៅក្រោម​សម្ពាធ​កាន់តែខ្លាំង ប្រសិនបើ​អ្នក​ខ្ចីប្រាក់​ពី​ពួកគេ​មិនអាច​សង​ប្រាក់កម្ចី​បានទេ ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ចៀស​មិន​រួច​បាន​ប៉ះពាល់​ដល់​អាជីវកម្ម និង​គ្រួសារ​នានា​។​

​ទន្ទឹមនឹងនេះ បស្ចិមប្រទេស​អាចដាក់​ទណ្ឌកម្ម​កាន់តែខ្លាំង​បន្ថែមទៀត​។ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​អាច​ដក​ធនាគារ​រុស្ស៊ី​បន្ថែមទៀត​ចេញពី SWIFT និង​រឹតត្បិត​សមត្ថភាព​ប្រើប្រាស់​ប្រាក់​ដុល្លារ និង​ប្រាក់​អឺរ៉ូ​បន្ថែមទៀត​។ ពួកគេ​ក៏​អាច​កាត់បន្ថយ​ការនាំចេញ​ថាមពល​របស់​រុស្ស៊ី​ផងដែរ បើទោះបីជា​វា​នឹងធ្វើ​ឱ្យ​តម្លៃ​កើនឡើង​ក៏ដោយ​។​

​ប៉ុន្តែ​ការបង្កើន​បន្ថែមទៀត​នៃ​ជម្លោះ​សេដ្ឋកិច្ច​អាចមាន​ផល​​វិបាក​ធំ​។​

​អតីត​ប្រធានាធិបតី​រុស្ស៊ី​ លោក ​ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​៖ «​កុំភ្លេចថា ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ សង្គ្រាម​សេដ្ឋកិច្ច​ជារឿយៗ​ប្រែ​ទៅជា​សង្គ្រាម​ពិត​»៕