​ក្នុងការ​ថ្លែង​សុន្ទរកថា​ទៅកាន់​សភា​អាល្លឺម៉ង់ លោក​អធិការបតី Olaf Scholz បានធ្វើការ​ប្រកាស​ជា​ប្រវត្តិសាស្ត្រ​មួយ​ថា លោក​នឹង​បង្កើន​ការ​​ចំណាយ​ចំនួន​ ១០០​ ពាន់​លាន​អឺរ៉ូ (​ឬ​ស្មើនឹង​១១៣ ពាន់​លាន​ដុល្លារ​) ភ្លាមៗ​ ដើម្បី​ពង្រឹង​កងកម្លាំងប្រដាប់អាវុធ​របស់​ប្រទេស រួមជាមួយ​ការ​​ចំណាយ​បន្ថែមទៀត ដើម្បី​អភិវឌ្ឍ​លើ​វិស័យ​ការពារជាតិ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ ក្នុងការ​ផ្លាស់ប្ដូរ​ជំហរ​ដ៏​ធំ​មួយ ​បន្ទាប់ពី​រុស្ស៊ី​វាយប្រហារ​អុ​៊​យ​ក្រែ​ន​។

​លោក​ Scholz បាន​និយាយថា បន្ទាន់​នៃ​វិបត្តិ​អ៊ុយ​ក្រែ​ន បាន​បង្ខំ​ឱ្យ​អាល្លឺម៉ង់​សម្រេច ធ្វើ​​ការវិនិយោគ​លើ​វិស័យ​យោធា បែបនេះ​ដោយ​ប្រាប់​សម័យ​​ប្រជុំ​អាសន្ន​នៃ​សភា Bundestag ​ថា​៖ «​វា​ច្បាស់​ណាស់​ថា​ យើង​ត្រូវ​វិនិយោគ​បន្ថែមទៀត​ទៅលើ​សន្តិសុខ​នៃ​ប្រទេស​របស់​យើង ​ដើម្បី​ការពារ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​យើង​»​។​

​ជំហាន​នេះ បានធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋាភិបាល បានធ្វើ​សេចក្ដីប្រកាស​ដ៏​គួរឱ្យ​ភ្ញាក់​​ផ្អើល​កាលពី​ថ្ងៃ​សៅរ៍​ថា ខ្លួន​នឹង​បញ្ជូន​អាវុធ​ទៅកាន់​ប្រ​ទេស​អ៊ុយ​ក្រែ​ន រួមទាំង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ Javelin ចំនួន​ ១ ០០០ ​ដើម កាំជ្រួច​ប្រឆាំង​យន្តហោះ Stinger ចំនួន ៥០០​ ដើម និង​ប្រេងឥន្ធនៈ​រាប់ពាន់​ហ្គា​ឡុង​។​

​ការសម្រេច​ចិត្តជា​ប្រវត្តិសាស្ត្រ​នេះ គឺ​បង្ហាញ​ពី​ការ​​ផ្លាស់ប្ដូរ​ជំហរ​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​អាល្លឺម៉ង់​ ចេញពី​ការ​សន្យា​ក្រោយ​សង្គ្រាមលោក​​លើក​ទី​២ ​របស់​ប្រទេស​ថា ខ្លួន​នឹងមិន​នាំចេញ​អាវុធ​ទៅកាន់​តំបន់​មាន​ជម្លោះ​។​

​ព្រឹត្តិការណ៍​កាលពី​សប្ដាហ៍​​មុន បានធ្វើឱ្យ​ប្រទេស​នានា​មានការ​ភ្ញាក់ផ្អើល​ទាំង​ប្រទេស​មាន​សន្តិភាព​និយម ក៏ដូចជា​ប្រទេស​ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី​។ លោក Viktor Orban នាយក​រដ្ឋមន្ត្រី​ស្ដាំនិយម​របស់​ប្រទេស​ហុង​គ្រី ​ដែល​គាំទ្រ​ប្រទេស​រុស្ស៊ី ហើយ​រិះគន់​ទណ្ឌកម្ម​ប្រឆាំងនឹង​ប្រទេស​នេះ​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន ឥឡូវ​បាន​ផ្លាស់ប្ដូរ​ជំហរ​របស់គាត់​។ ចំណែក​ជប៉ុន​ដែលមាន​ការស្ទាក់ស្ទើរ​ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​ក្នុង​ឆ្នាំ ​២០១៤ បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការ​លុកលុយ​កាលពី​សប្ដាហ៍​មុន ហើយ​បានសម្រេច​ដាក់ទណ្ឌកម្ម​។​

​នៅ​ប្រទេស​អាល្លឺម៉ង់ ​ការ​​ថ្លែង​សុន្ទរកថា​របស់​អធិការ​​ប​តី បានបង្ហាញ​ឱ្យឃើញថា​ ប្រទេស​នេះ​បោះបង់​ចោលការ​​ព្យាយាម​រក្សា​តុល្យភាព​រវាង​សម្ព័ន្ធភាព​លោកខាងលិច​របស់ខ្លួន និង​ទំនាក់ទំនង​​សេដ្ឋកិច្ច​ដ៏​រឹងមាំ​ជាមួយ​រុស្ស៊ី​អស់​រយៈពេល ៣០​ ឆ្នាំកន្លងមក​។​

​ចាប់ផ្ដើម​ជាមួយនឹង​ការ​​សម្រេចចិត្ត​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន ដើម្បី​លុបចោល​បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ ​Nord Stream ២​ ជំហាន​របស់​រដ្ឋា​​ភិ​បាល​អាល្លឺម៉ង់​ចាប់តាំងពី​ពេល​នោះមក​ត្រូវបាន​ជំរុញ ដោយ​ភាព​ភ័យរន្ធត់​នៃ​ការ​​វាយប្រហារ​របស់​រុស្ស៊ី​ទៅលើ​ពលរដ្ឋ​នៃ​ប្រទេស​អឺរ៉ុប​។​

​លោកស្រី Daniela Schwarzer នាយិកា​ប្រតិបត្តិ​អង្គការ Open Society Foundations ប្រចាំ​អឺរ៉ុប និង​អឺ​រ៉ាស៊ី​បាន​និយាយ​អំពី​សុន្ទរកថា​របស់លោក Scholz ថា​៖ «​គាត់​ទើបតែ​ដាក់​ទីតាំង​ប្រទេស​អាល្លឺម៉ង់​ ឡើងវិញ​ជា​យុទ្ធសាស្ត្រ​»​។​

​ប្រទេស​អាល្លឺម៉ង់ និង​ជា​​ពិសេស​គណបក្ស​សង្គម​​ប្រជាធិបតេយ្យ​របស់លោក Scholz បាន​ចៀសវាង​ជា​យូរយារ​មកហើយ​នូវ​វិធីសាស្ត្រ​រួមមួយ​ ដើម្បី​ទប់ទល់​នឹង​ប្រទេស​រុស្ស៊ី​ ដោយ​លើកឡើង​អំពី​គ្រោះថ្នាក់​នៃ​ការ​កាត់ផ្ដាច់​ក្រុង​ម៉ូស្គូ​ពី​ទីផ្សារ​អឺរ៉ុប​។ ប៉ុន្តែ​រូបភាព​របស់​ជនជាតិ​អ៊ុយ​ក្រែ​ន​ដែល​រត់គេច​ពី​ការ​លុក​លុយ​បាន​រំឭក​នូវ​ការចងចាំ​របស់​ជនជាតិ​អាល្លឺម៉ង់​វ័យ​ចំណាស់​អំពី​ការ​ភៀសខ្លួន​ពី​កងទ័ព​ក្រហម​នៃ​សហភាព​​សូ​វៀត​ក្នុងអំឡុង​សង្គ្រាមលោកលើក​ទី​២​ ហើយ​បាន​បង្កឱ្យមាន​ការខឹង​សម្បា​ក្នុងចំណោម​មនុស្ស​ជំនាន់​ក្រោយ ដែល​បាន​សន្យា​រក្សា​សន្តិភាព និង​ការបង្រួបបង្រួម​អឺរ៉ុប​។​

​កាលពី​ថ្ងៃអាទិត្យ ជនជាតិ​​អាល្លឺម៉ង់​រាប់សែន​នាក់​បាន​ដើរ​កណ្ដាល​ទីក្រុង​ប៊ែ​រ​ឡាំង​ ក្នុងការ​បង្ហាញ​ការគាំទ្រ​ដល់​អ៊ុយ​ក្រែ​ន​ដោយ​លើក​សញ្ញា ដែល​សរសេរថា «​បញ្ឈប់​ពូ​ទីន​» និង «​គ្មាន​សង្គ្រាម​»​។​

​ជាការ​បង្ហាញ​ការប្តេជ្ញាចិត្ត​របស់​អាល្លឺម៉ង់​ចំពោះ​ការរួបរួម​អឺរ៉ុប​ទំនាក់ទំនង​វប្បធម៌ និង​សេដ្ឋកិច្ច​ដ៏​ស៊ីជម្រៅ លោក Scholz បាន​ស្ដីបន្ទោស​លោក ពូ​ទីន ​ចំពោះ​ការឈ្លានពាន​របស់​រុស្ស៊ី​មិនមែន​ប្រជាជន​រុស្ស៊ី​នោះទេ​។ ប៉ុន្តែ​លោក​បាន​ទុក​ការសង្ស័យថា អាល្លឺម៉ង់នឹង​លែង​អង្គុយ​ពឹង​លើ​ប្រទេស​ដទៃទៀត​ក្នុងការ​ផ្ដល់​ឧស្ម័ន​ធម្មជាតិ ​ឬ​សន្តិសុខ​យោធា​របស់ខ្លួន​ទៀតហើយ​។​

​ការបដិសេធ​យ៉ាង​ម៉ឺងម៉ាត់​របស់​ប្រទេស​នេះ​ចំពោះ​អតីត​កាល​របស់​ណា​ស៊ី​ដ៏​គួរឱ្យ​រន្ធត់​របស់ខ្លួន​មានន័យថា ប្រទេស​នេះ​បាន​ប្រកាន់​យកន​យោ​បាយ​ការទូត និង​ការរារាំង​បរទេស​ជា​យូរ​មកហើយ​។​ប៉ុន្តែ​ចាប់តាំងពី​ការឈ្លានពាន​របស់​រុស្ស៊ី​មក​សម្ព័ន្ធមិត្ត​ជាច្រើន​របស់​អាល្លឺម៉ង់ បាន​ចោទ​​ប្រកាន់​ថា ពួកគេ​មិនបាន​ពង្រឹង​ខ្លួន និង​ធានា​សន្តិភាព​នៅក្នុង​អឺរ៉ុប បាន​គ្រប់គ្រាន់​នោះទេ​។​

​ទោះយ៉ាងណា លោក​ Scholz បាន​និយាយថា លោក​បាន​ប្ដេជ្ញា​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ការទូត​ដោយ​ខិតខំ​ពង្រឹង​ឱ្យ​កាន់តែខ្លាំង​តាមតែ​អាចធ្វើ​​ទៅបាន ដោយបាន​បន្ថែមថា អាល្លឺម៉ង់​នឹងមិន​បដិសេធ​មិន​ធ្វើ​កិច្ចចរចា​ជាមួយ​រុស្ស៊ី​នោះទេ​។ លោក​បាន​បន្តថា​៖ «​ទោះ​​បី​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នេះ​វា​ជា​ការងារ​ផ្នែក​ការទូត​ ដើម្បី​រក្សា​បណ្ដាញ​ ឬ​ទំនាក់​ទំនង​បើកចំហ​»៕