សហរដ្ឋអាមេរិក និង​រដ្ឋ​ជា​សមាជិក​ផ្សេង​ទៀត​នៃ​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) កាល​ពី​ថ្ងៃអង្គារបាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​បញ្ចេញ​ស្តុក​ប្រេង​ចំនួន ​៦០ លាន​បារ៉ែល ដើម្បី​ទប់ទល់​នឹង​ការ​រំខាន​ការ​ផ្គត់​ផ្គង់​ប្រេង ​បន្ទាប់​ពី​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​។

វិស័យ​ប្រេង​របស់​រុស្ស៊ី​ កំពុង​ស្ថិត​ក្នុង​ភាព​ច្របូក​ច្របល់ បន្ទាប់​ពី​ប្រទេស​ជា​ច្រើន​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​ហ៊ុន​ធនាគារ និង​បុគ្គល​របស់​រុស្ស៊ី​ជា​ច្រើន​។ ​វិស័យ​ថាមពល​រុស្ស៊ី​​ត្រូវ​បាន​លើក​លែង​ពី​ទណ្ឌកម្ម​ ប៉ុន្តែ​អ្នក​ទិញ​នៅ​តែ​ព្រួយ​បារម្ភ​អំពី​ការ​បំពាន​ទណ្ឌកម្មហើយ​កំពុង​គេច​ចេញ​ពី​ការ​ទិញ​ប្រេង​រុស្ស៊ី​។

ដំណឹង​ចេញ​ពី​​ IEA មិន​បាន​ធ្វើ​អ្វី ដើម្បី​បញ្ឈប់​ការ​ឡើង​ថ្លៃ​នៅ​លើ​ទី​ផ្សា​រ​ប្រេង​ទេ​ ខណៈ​ដែល​វិនិយោគិន​និង​អ្នក​ជួញ​ដូរបាន​បង្កើន​តម្លៃ​ បន្ទាប់​ពី​មាន​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់។ ប្រេងឆៅ Brent បាន​កើន​ឡើង​ ៧ ដុល្លារ ​ក្នុង​ ១ ​បារ៉ែល ​កើន​មក​​តម្លៃជាង​ ១០៥​ ដុល្លារ ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ឆ្នាំ ​២០១៤។

អ្នក​នាំ​ពាក្យ​សេតវិមាន​លោកស្រី​ Jen Psaki បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍បន្ទាប់​ពី​កិច្ច​ប្រជុំ IEA ​ថា៖ «យើង​ប្រើ​គ្រប់​ឧបករណ៍​ដែល​មានសម្រាប់​ទប់ទល់​នឹង​ការ​រំខាន​ដល់​ការ​ផ្គត់​ផ្គង់​ថាមពល​សកល​ដែល​ជា​លទ្ធផល​នៃ​សកម្មភាព​របស់​ប្រធានាធិបតី Putin»​។

នាយក​ប្រតិបត្តិ IEA លោក Fatih Birol បាន​និយាយ​ថា៖​ «ស្ថានភាព​បច្ចុប្បន្ន​នៅ​ក្នុង​ទីផ្សារ​ថាមពល​ គឺធ្ងន់ធ្ងរ​ណាស់ហើយ​ទាមទារ​ការ​យក​ចិត្ត​ទុក​ដាក់​ពេញលេញ​របស់​យើង»​។

ទីភ្នាក់ងារ​ IEA បាន​និយាយ​ថា ប្រេង​ ៦០ លាន​បារ៉ែល​ គឺ​ស្មើ​នឹង​ ៤ ភាគរយ​នៃ​ស្តុក​បម្រុង​ប្រេង​ ១,៥ ពាន់​លាន​បារ៉ែល​របស់​សមាជិក IEA ហើយ​នឹង​បញ្ចេញ​ ២ លាន​បារ៉ែល​ ក្នុង ​១​ ថ្ងៃ​ សម្រាប់​រយៈ​ពេល ៣០ ​ថ្ងៃ​៕