រុស្ស៊ី ​បាន​បង្កើន​ការ​បាញ់​ប្រហារ​លើ​ទីក្រុង​ធំៗ​របស់​អ៊ុយក្រែន​ ដោយ​រួមមាន​ការ​បាញ់​មីស៊ីល​ចូល​តំបន់​លំនៅឋាន​ ខណៈ​ពេល​ដែល​កង​កម្លាំង​រុស្សី​ប្រើប្រាស់​យុទ្ធសាស្ត្រ​សាហាវ​ជាង​មុន​ដើម្បី​ស្ដារ​សន្ទុះ​នៅ​ថ្ងៃ​ទី ​៦ នៃ​ការ​ឈ្លានពាន​ចូល​ប្រទេស​ជិត​ខាង​។ មីស៊ីល ១ ​គ្រាប់​ បាន​បាញ់​ចំ​អង់តែន​ទូរទស្សន៍​មួយ​នៅ​ក្រុង​កៀវ​ ធ្វើ​ឱ្យ​ការ​កាត់​ផ្ដាច់​ការ​ផ្សព្វផ្សាយ​ជា​បណ្ដោះ​អាសន្ន​។

កាល​ពី​ថ្ងៃ​អង្គារ មាន​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែតទៅ​លើ​អគារ​រដ្ឋបាល​ក្រុង​កាកៀវ ​ដែល​បាន​ធ្វើ​ឱ្យ​អគារ​នេះ​ឆាប​ឆេះ​យ៉ាង​ខ្លាំង​។ វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម​បាន​បង្ហាញ​ការ​បែកបាក់​យ៉ាង​ខ្លាំង​នៃ​អគារ​នេះ និង​ទីលាន​ខាង​មុខ​នោះ​ ខណៈ​អគារ​នៅ​ជិត​នោះ​ជា​ច្រើន​ក៏​បាន​រង​ការ​ខូចខាត​ផង​ដែរ​។

ក្នុង​វីដេអូ​មួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក​វ៉ុឡូឌីមៀរ ហ្សេលេនស្គី​ បាន​និយាយ​ថា ​ការ​វាយ​ប្រហារ​នេះ​គឺ​ «ភេរវកម្ម​ដោយ​មិន​លាក់​»។ «បន្ទាប់​នេះ រុស្ស៊ី ​គឺ​ជា​រដ្ឋ​ភេរវកម្ម» លោក​និយាយ​បែប​នេះ​ហើយ​បន្ត​ទៀត​ថា​៖ «គ្មាន​នរណា​ម្នាក់​នឹង​អត់​ទោស​ទេ។ គ្មាន​នរណា​ម្នាក់​នឹង​បំភ្លេច​ឡើយ​»។

លោក​ហ្សេលេនស្គី​បាន​ចោទ​ប្រកាន់​រុស្ស៊ី​​ថា​ បាន​រំលោភ​ច្បាប់​សង្គ្រាម​ដោយ​ធ្វើ​ការ​វាយ​ប្រហារ​មិន​រើស​មុខ ហើយ​លោក​ បាន​បន្ថែម​ទៀត​ថា​រហូត​មក​ដល់​ពេល​នេះ​អ៊ុយក្រែន​បាន​រង​ការ​វាយ​ប្រហារ​ចំនួន​ ៥៦ ករណី ដោយ​រុស្ស៊ី​ បាន​បាញ់​មីស៊ីល​ចំនួន​ ១១៣ គ្រាប់​។

ក្រសួង​ការពារ​ជាតិ​អាមេរិក ​បាន​និយាយ​ថា​ជាង​ ៨០ ភាគរយ​នៃ​កងកម្លាំង​រុស្ស៊ី​ ដែល​ប្រមូល​ផ្ដុំ​ព្រំដែន​អ៊ុយក្រែន​ បាន​ឆ្លង​ចូល​ដែនដី​អ៊ុយក្រែន​រួច​ទៅ​ហើយ​ ប៉ុន្តែ​បញ្ហា​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ទ័ព​ជួរ​មុខ​ និង​ការ​តដៃ​យ៉ាង​ខ្លាំង​ពី​កង​កម្លាំង​អ៊ុយក្រែន​ បាន​ធ្វើ​ឱ្យ​ពួកគេ​បាត់បង់​សម្ទុះ​​នៃ​ការ​វាយ​ប្រហារ​។

យោធា​អង់គ្លេស​បាន​និយាយ​ថា​ ក្បួន​រថពាសដែក​ដ៏​ធំ​មួយ​បាន​ធ្វើ​ដំណើរ​ដល់​ចំណុច ៣០ គីឡូម៉ែត្រ​ពី​ក្រុង​កៀវ ធ្វើ​ឱ្យ​ក្រុង​នេះ​អាច​រង​ការ​វាយ​ប្រហារ​ពី​ប្រព័ន្ធ​រ៉ុក្កែ​ត​ BM-21​៕