មហាសន្និបាត​នៃ​អង្គការសហប្រជាជាតិ (UNGA) បាន​បោះឆ្នោត​យ៉ាង​លើស​លប់​ ដើម្បី​អនុម័ត​សេចក្ដីសម្រេច មួយ​ដើម្បី​ថ្កោលទោស​ការ​​ឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​អ៊ុយ​ក្រែ​ន និង​ទាមទារ​ឱ្យ​ក្រុង​ម៉ូស្គូ​ដក​កម្លាំង​របស់ខ្លួន​។​

​ក្នុងចំណោម​សមាជិក UNGA ទាំង ១៩៣ ​ប្រទេស ១៤១ ​ប្រទេស បាន​បោះឆ្នោត​គាំទ្រ ៥ ​ប្រទេស បាន​បោះ​ឆ្នោត​ប្រឆាំង ៣៥ ​ប្រទេស ប្រកាន់​ជំហរ​អនុបវាទ​មិន​បោះឆ្នោត និង​ ១២ ​ប្រទេស អវត្តមាន​។ ប្រទេស​បោះឆ្នោត​ប្រឆាំង​មានតែ​រុស្ស៊ី​ខ្លួនឯង បេឡា​រុស កូរ៉េខាងជើង អេ​រី​ទ្រា និង​ស៊ី​រី​។ សម្ព័ន្ធមិត្ត​យូរអង្វែង​របស់​រុស្ស៊ី​ជាច្រើន​ផ្សេងទៀត ដូចជា​គុយបា និង​វៀតណាម បាន​ចូលរួម​ជាមួយ​ប្រទេស​ចិន​ ក្នុងការ​ប្រកាន់​ជំហរ​អនុបវាទ​មិន​បោះឆ្នោត​។​

​សេចក្ដីសម្រេច​នេះបានសរសេរថា អង្គការ​សហ​ប្រជាជាតិ «​ថ្កោលទោស​ក្នុង​លក្ខ​ខណ្ឌ​ខ្លាំង​បំផុត​ចំពោះ​ការ​​ឈ្លានពាន​របស់​សហព័ន្ធ​រុស្ស៊ី​ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន​» ហើយ​ទាមទារ​ឱ្យ ​«​សហព័ន្ធរុស្ស៊ី​បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រើ​ប្រាស់​កម្លាំង​ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន​» និង «​ដក​កង​កម្លាំងយោធារ​បស់​ខ្លួន​ទាំងអស់ ភ្លាមៗ ទាំងស្រុង និង​ដោយ​គ្មាន​លក្ខខណ្ឌ​»​។​

​សេចក្ដីសម្រេច​របស់ UNGA គឺ​មិនមាន​ទម្ងន់​ច្បាប់​ដូច​សេច​ក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ទេ ប៉ុន្តែ​វា​ជាការ​​បង្ហាញ​អំពី​ជំហរ​របស់​សមា​ជិ​ក​អង្គការសហប្រជាជាតិ ដែលមាន​គោលបំណង​បង្កើន​សម្ពាធ​លើ​ក្រុង​ម៉ូស្គូ និង​សម្ព័ន្ធមិត្ត​របស់ខ្លួន គឺ​បេឡា​រុស​។​

​ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន​ប្រចាំ UN លោក ​សឺ​ហ្គី គី​ស្លី​ត សាបាន​ព្យាយាម​បញ្ចុះបញ្ចូល​ប្រទេស​ដែល​កំពុង​ពិចារណា​មិន​បោះឆ្នោត ដោយ​និយាយថា​ ការអត់ឱន​សកម្មភាព​បែបនេះ​របស់​រុស្ស៊ី​នឹងធ្វើ​ឱ្យ​វា​រីក​​រាល​បន្ថែមទៀត ដោយ​នឹងមិន​ឈប់​ត្រឹម​អ៊ុយ​ក្រែ​ន​ទេ​។​

​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ UN លោក​ វ៉ា​ស៊ី​លី នេ​បេន​ហ្សី បាន​និយាយថា កងកម្លាំង​រុស្ស៊ី​ គឺ​មិនបាន​ធ្វើការ​វាយប្រហារ​ជន​​ស៊ីវិល​ទេ ហើយ​ការបោះឆ្នោត​ដ៏​លើសលប់​នេះ គឺ​បង្កដោយ​ការបង្ខិតបង្ខំ និង​ការ​សម្លុត​សមា​​ជិ​កនៅ​ពីក្រោយ​ឆាក​ដោយ​សម្ព័ន្ធមិត្ត​រប​ស់អ៊ុយ​ក្រែ​ន​៕