បណ្ដា​​ប្រទេស​ក្នុង​សម្ព័ន្ធ​ភាព​យោធា​​ណាតូ​​រួមមាន​ហូឡង់ ​អេស្តូនី​ សាធារណរដ្ឋ​ឆែក ប៉ូឡូញ​ និង​សូម្បី​តែ​ប្រទេស​មិន​មែន​ជា​សមាជិក​ដូចជា​ស៊ុយអែត ហ្វាំងឡង់ កំពុង​សម្រុក​បញ្ជូន​អាវុធ​ចូល​ប្រទេស​អ៊ុយក្រែន ខណៈ​ពេល​ដែល​សកម្មភាព​បែប​នេះ​អាច​​ប្រឈម​នឹង​ការ​ប្រថុយ​នឹង​ការ​បង្ក​ជម្លោះ​ជា​មួយ​រុស្ស៊ី។

ប្រទេស​ហូឡង់ ​កំពុង​បញ្ជូន​គ្រាប់​រ៉ុក្កែ​ត​សម្រាប់​ការពារ​ដែន​អាកាស រីឯ​អេស្តូនី​ កំពុង​បញ្ជូន​ប្រព័ន្ធ​មីស៊ីល​ប្រឆាំង​រថ​ក្រោះ ​Javelin ខណៈ​ប៉ូឡូញ​និង​ឡេតូនី ​កំពុង​បញ្ជូន​មីស៊ីល​បាញ់​យន្តហោះ​ Stinger​ ហើយ​​ឆែក​កំពុង​បញ្ជូន​កាំ​ភ្លើ​ង​យន្ត កាំភ្លើង​វែង កាំភ្លើងខ្លី​​និង​គ្រាប់​រំសេវ​ជាដើម​។

រីឯ​ប្រទេស​មិន​មែន​សមាជិក​ស៊ុយអែត និង​ហ្វាំងឡង់ ​ក៏​កំពុង​បញ្ជូន​អាវុធ​ទៅ​ដូច​គេ​ដែរ​ ហើយ​អាល្លឺម៉ង់ដែល​បន្ទាប់​សង្គ្រាម​លោក​លើក​ទី២​ បាន​ប្ដេជ្ញា​មិន​បញ្ជូន​ទៅ​តំបន់​មាន​ជម្លោះ​ ក៏​កំពុង​បញ្ជូន​មីស៊ីល​បាញ់​​យន្ត​ហោះធុ​ន​ Stinger​ ក៏​ដូចជា​មីស៊ីល​ប្រភេទ​ផ្សេង​ទៀត​ដែរ​។

សរុប​មកប្រទេស​ប្រហែល ២០ ដែល​ជា​សមាជិក​ភាគ​ច្រើន​នៃ​អង្គការ​ណាតូឬ​សហភាព​អឺរ៉ុប ឬ​ទាំង​២​គឺ​កំពុង​រៀប​ចំ​ដឹក​ជញ្ជូន​អាវុធ​ចូល​ទៅ​ក្នុង​អ៊ុយក្រែន ដើម្បី​ជួយ​ប្រទេស​នេះ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ីឬ​ការ​ទប់ទល់​នឹង​ការ​កាន់​កាប់​របស់​រុស្ស៊ី​ ប្រសិន​សង្គ្រាម​នេះ​ ដើរ​ដល់​ដំណាក់​កាល​នោះ​។

ក្នុង​ពេល​ជា​មួយ​គ្នា​នោះអង្គការ​ណាតូ កំពុង​​ចល័ត​ឧបករណ៍​យោធានិង​ទាហាន​ចំនួន ២២ ០០០​ នាក់​បន្ថែម​ទៀ​ត​ចូល​ទៅ​ក្នុង​រដ្ឋ​ជា​សមាជិកដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​រុស្ស៊ី និង​បេឡារុស្ស ដើម្បី​ការពារ​កុំ​ឱ្យ​មាន​ការ​ហៀរហូរ​ពី​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​។

ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន បាន​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​អឺរ៉ុប​រួមគ្នា​ចិត្ត​ប្រមូល​ផ្ដុំ​មក​ផ្ដោត​លើ​ការ​គំរាម​កំហែង​កាន់​តែ​ធំ​ចំពោះ​សន្តិសុខ​អឺរ៉ុប​ដែល​បង្ហាញ ដោយ​រុស្ស៊ី​របស់លោក​ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន​។

លោក​ស្រី​ Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុបបាន​អះអាង​នៅ​ក្នុង​សុន្ទរកថា​ ទៅ​កាន់​សភា​អឺរ៉ុប​កា​ល​ពី​ថ្ងៃ​អង្គារ​ថា​​៖ «សន្តិសុខនិង​ការ​ការពារ​អឺរ៉ុប​បាន​វិវឌ្ឍ​ន៍​កាន់​តែ​ច្រើន​ក្នុង​រយៈ​ពេល​ ៥​ ថ្ងៃ​ចុង​ក្រោយ​នេះ​នៅ​ក្នុង​រយៈ​ពេល​ពីរ​ទសវត្សរ៍​​ចុង​ក្រោយ»​។

ទីក្រុង​ប្រ៊ុចសែល បាន ​«​អឺរ៉ុប​កម្ម ឬ Europeanize» ទៅ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋ​ជា​សមាជិក​នីមួយៗ​ក្នុង​ការ​ផ្ដល់​ជំនួយ​ទៅ​កាន់​អ៊ុយក្រែន​ជា​នឹង​អាវុធ និង​ប្រាក់ហើយ​បាន​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​ក្លាយ​ជា​តួអង្គ​យោធា​ដ៏​សំខាន់​មួយ​​។

ប៉ុន្តែ​សំណួរ​ថា ​តើ​សព្វាវុធ​អឺរ៉ុបនឹង​បន្ត​ដឹក​ជញ្ជូន​ទៅ​ដល់​សមរភូមិ​អ៊ុយក្រែន​ទាន់​ពេលវេលា​នោះ​ គឺ​ស្ថិត​ក្នុង​​ភាព​មិន​ប្រាកដ​ប្រជា​នៅ​ឡើយ​។​ ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយទីក្រុង​ប្រ៊ុច​សែល មាន​មោទនភាព​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​។​ វា ​គឺ​ជា​យុទ្ធសាស្ត្រ​ដែល​ប្រថុយ​នឹង​ការ​ជំរុញ​ឱ្យ​មាន​សង្រ្គាម​កាន់​តែ​ទូលំទូលាយ​ និង​ការ​សងសឹក ដែល​អាច​កើត​មាន​ពី​លោក ពូទីន។​ ការ​ប្រញាប់​ប្រញាល់​បញ្ជូន​ជំនួយ​យោធា​ដ៍​សន្ធឹក​សន្ធាប់​ចូល​ទៅ​ក្នុង​ប្រទេស​​អ៊ុយក្រែន ​ពី​តាម​រយៈ​ប្រទេស​ប៉ូឡូញ ដែល​ជា​សមាជិក​នៃ​អង្គការ​ណាតូ​ គឺ​មាន​​គោលបំណង​សម្លាប់​ទាហាន​រុស្ស៊ី។​

លោក ពូទីន មើល​ឃើញ​រួច​ហើយ​ថា អង្គការ​ណាតូ បាន​ប្ដេជ្ញា​គំរាមកំហែងឬ​បំផ្លាញ​រុស្ស៊ីតាមរយៈ​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​អ៊ុយក្រែនដូច​ដែល​លោក​ បាន​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​ក្នុង​សុន្ទរកថា​នា​ពេល​ថ្មី​ៗ​នេះ​ ដោយ​លោក​ក៏​បាន​លើក​ឡើង​ពី​ការ​ព្រមាន​នុយក្លេអ៊ែរ​របស់​កង​កម្លាំង​ផ្ទាល់​ខ្លួន ដើម្បី​ព្រមាន​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ឱ្យ​ចៀស​វាង​កុំ​ឱ្យ​មាន​ការ​ជ្រៀត​ជ្រែក​។

សង្គ្រាម​ពិភពលោកបាន​ចាប់​ផ្ដើម​ឡើងដោយ​សារ​ជម្លោះ​តូចតាច ហើយ​ភាព​ជិត​ស្និទ្ធ​នៃ​សង្រ្គាម​ជា​មួយ​សម្ព័ន្ធមិត្ត​ណាតូ​នាំ​មក​នូវ​គ្រោះថ្នាក់​ ដែល​វា​អា​ច​ទាក់ទាញ​ភាគី​ផ្សេង​ទៀត​តាម​របៀប​ដែល​មិន​នឹក​ស្មាន​ដល់​។​

លោក Jens Stoltenberg អគ្គ​លេខាធិការ​អង្គការ​ណាតូ​បាន​បញ្ជាក់​ជំហរ​របស់​លោក​ម្ដង​ទៀត​កា​ល​ពី​ថ្ងៃអង្គារ ខណៈ​ដែល​លោក​បាន​ទៅ​ទស្សនា​មូលដ្ឋាន​ទ័ព​អាកាស​ប៉ូឡូញ​។ លោក​បាន​និយាយ​ថា៖​ «សង្គ្រាម​របស់​ ពូទីន ប៉ះពាល់​ដល់​យើង​ទាំង​អស់​គ្នាហើយ​សម្ព័ន្ធមិត្ត​ណាតូ​នឹង​តែងតែ​ឈរ​ជា​មួយ​គ្នា ដើម្បី​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​។ សេចក្ដីប្ដេជ្ញាចិត្ត​របស់​យើង​ចំពោះ​មា​ត្រា ៥ ចែង​អំពី​កិច្ច​ការពារ​សមូហភាព​របស់​យើង គឺ​រឹងមាំ​ដូច​ដែក​»​។

លោក Stoltenberg បាន​និយាយ​កាល​ពី​សប្ដាហ៍​មុន​ថា៖​ «វា​ត្រូវ​តែ​គ្មាន​កន្លែង​សម្រាប់​ការ​គណនា​ខុសឬ​ការ​យល់​ច្រឡំ​​ឡើយ​។ យើង​នឹង​ធ្វើ​អ្វី​​ៗ​គ្រប់​យ៉ាង​ដើម្បី​ការពារ​ទឹក​ដី​​ណាតូ​គ្រប់​សង់​ទី​ម៉ែត្រ​ដែល​មាន​»​។​

ប៉ុន្តែសម្រាប់​ពេល​នេះ​ការ​ប្រយុទ្ធ​​ គឺ​នៅ​អ៊ុយក្រែនហើយ​ ខណៈ​ពេល​ដែល​ណាតូ និង​សហភាព​អឺរ៉ុបបាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ទា​ហាន​របស់​ពួកគេ​នឹង​មិន​ប្រយុទ្ធ​ជាមួយ​រុស្ស៊ី​នៅ​ទី​នោះ​ក៏​ដោយ ក៏​ពួក​គេ​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ជួ​យ​អ៊ុយក្រែន ដើម្បី​ការពារ​ខ្លួន​។

សព្វាវុធ​របស់​​​លោក​ខាង​លិច​​ត្រូវ​បាន​បញ្ជូន​​ចូល​ប្រ​ទេស​អ៊ុយក្រែន ​ក្នុង​បរិមាណ​ដ៏​ធំ ប៉ុន្តែ​មិន​បាន​បង្ហាញ​ឱ្យ​ដឹង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​អំពី​កម្រិត​នៃ​ការ​ដាក់​​ពង្រាយ​ក្នុង​ល្បឿន​ប៉ុនណា និង​​មាន​ឥទ្ធិពល​ប៉ុនណានោះ​ទេ​។

ខណៈ​ពេល​ដែល​ប្រទេស​ចំនួន ២១ ក្នុង​ចំណោម​ប្រទេស​ទាំង​ ២៧ នៃ​សហភាព​អឺរ៉ុប​ក៏​ជា​សមាជិក​របស់​អង្គការ​ណាតូ​ផង​ដែរ ជាកិច្ច​ខិតខំ​ប្រឹង​ប្រែ​ងដើម្បី​ផ្លាស់​ទី​ឧបករណ៍ និង​សព្វាវុធ​យ៉ាង​លឿន​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ពី​ប្រទេស​ប៉ូឡូញ ​កំពុង​ត្រូវ​បាន​អនុវត្តដោយ​ប្រទេស​ជា​សមាជិក​នីមួយ​ៗហើយ​មិនមែន​ជា​បេសកកម្ម​ផ្លូវ​ការ​របស់​ណាតូឬ​សហភាព​អឺរ៉ុប​នោះ​ទេ​។​

​បារាំងនិយាយ​ថា ​បណ្ដា​សេនាធិការ​យោធា​របស់​សហភាព​អឺរ៉ុប ​កំពុង​ព្យាយាម​សម្រប​សម្រួល​ការ​ជំរុញ​នេះ។​ចក្រភពអង់គ្លេស និង​សហរដ្ឋ​អាមេរិក​ ​កំពុង​ធ្វើ​ប្រតិបត្តិការ​ដូច​គ្នា​នេះ​ដែរ​ដោយ​បង្កើត​នូវ​អ្វី​ដែល​ហៅ​ថា មជ្ឈ​មណ្ឌល​សម្រប​សម្រួល​ម្ចាស់​ជំនួយ​អន្តរជាតិ​។

យោង​តាម​អង្គការ​ណាតូបែលហ្ស៊ិ​ក កាណាដា សាធារណរដ្ឋ​ឆែកអេស្តូនី បារាំង អាល្លឺម៉ង់ ក្រិក ឡេតូនី លីទុយអានី ហូឡង់ប៉ូឡូញ ព័រទុយហ្គាល់ រ៉ូ​ម៉ានី ស្លូវ៉ាគី ស្លូវេនី ចក្រភពអង់គ្លេស និង​សហរដ្ឋ​អាមេរិកបាន​បញ្ជូន​អាវុធ​ទៅ​រួចហើយ ឬ​កំពុង​អនុម័ត​ការ​ចែកចាយ​សម្ភារៈ​សំខាន់​ៗ​យោធា​ដល់​អ៊ុយក្រែនក៏​ដូចជា​ប្រាក់​រាប់​លាន​ដុល្លារខណៈ​ដែល​ប្រទេស​សមាជិក​ផ្សេង​ទៀត កំពុង​ផ្ដល់​ជំនួយ​មនុស្សធម៌ និង​ស្វាគមន៍​ជន​ភៀសខ្លួន​៕​