ប្រទេស​ចិន ​និយាយ​ថា ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក​ចំពោះ​តៃវ៉ាន់ «ឥត​ប្រយោជន៍» ក្រោយ​គណៈប្រតិភូ​ក្រុង​វ៉ាស៊ីនតោនធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​តៃប៉ិ ចំ​ពេល​មាន​វិបត្តិ​អ៊ុយក្រែន​។

ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ២ ​ថ្ងៃ​ បាន​កើត​ឡើង​ចំ​ពេល​ដែល​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែនដែល​បាន​ជំរុញ​ឱ្យ​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen បង្កើន​កម្រិត​ប្រុងប្រយ័ត្ន​ផ្នែក​យោធា​របស់​ខ្លួន​ប្រឆាំង​នឹង​កង​កម្លាំង​បរទេស​ដែល​អាច​ឆ្លៀត​ឱកាស​។

គណៈប្រតិភូដែល​ត្រូវ​បាន​តែងតាំង​ដោយ​លោក Biden ត្រូវ​បាន​ដឹកនាំ​ដោយ​លោក Mike Mullen ដែល​បាន​បម្រើ​ការ​ជា​ប្រធាន​គណៈ​សេនាធិការ​ចម្រុះ​នៅ​ក្នុង​រដ្ឋបាល​ George W. Bush និង Barack Obama ។ទស្សនកិច្ច​បាន​ចូល​រួមដោយ​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​​ Evan Medeiros និង Mike Green និង​អតីត​មន្ត្រី​ការពារ​ជាតិ​ជាន់​ខ្ពស់ Michele Flournoy និង Meghan O''Sullivan។

ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​សហរដ្ឋ​អាមេរិកអ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន លោក Wang Wenbin បាន​បញ្ជាក់​ជា​ថ្មី​​ពី​ជំហរ​របស់​ទីក្រុង​ប៉េកាំង​ ចំពោះ​កោះ​តៃវ៉ាន់​ហើយ​បាន​ច្រាន​ចោល​ការ​គាំទ្រ​របស់​អាមេរិក​ថា​ជា «ឥត​​ប្រយោជន៍​»។

លោក​បាន​និយាយ​ថា​៖ «ឆន្ទៈ​របស់​ប្រជាជន​ចិន​​ក្នុង​ការ​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ប្រទេស​យើង ​គឺ​មិន​អាច​ផ្លាស់​ប្តូរ​បា​ន​ទេ។អ្នក​ណា​​ដែល​សហរដ្ឋ​អាមេរិក​បញ្ជូន​​ទៅ​ដើម្បី​បង្ហា​ញ​នូវ​​អ្វី​ដែល​ហៅ​ថា​ការ​​​គាំទ្រ​ចំពោះ​តៃវ៉ាន់​នឹង​គ្មាន​ប្រយោជន៍​​​អ្វី​ឡើយ»។

លោក Wang បាន​និយាយ​ថា៖ «ប្រសិន​បើ​សហរដ្ឋ​អាមេរិក កំពុង​ព្យាយាម​គំរាម​កំហែង និង​ដាក់​សម្ពាធ​លើ​ប្រទេស​ចិននោះ​ យើង​ត្រូវ​ប្រាប់​ពួកគេ​ថា នៅ​ចំពោះ​មុខ​មហា​កំផែង​ដែកដែល​បង្កើត​ដោយ​ប្រជាជន​ចិន​ចំនួន ១,៤ ពាន់​លាន​នាក់ការ​រារាំង​យោធា​ណា​មួយ​ គឺ​គ្រាន់​តែ​ជា​កាក​សំណល់​ប៉ុណ្ណោះ»​៕