កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​ ៣ មិនា ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក​ សឺហ្គេ ឡាវរ៉ូវ បាន​រៀប​ចំ​សន្និសីទ​សារព័ត៌មាន​ជាមួយ​ស្ថាប័ន​រុស្សី​ និង​បរទេស​ដោយ​ក្នុង​នោះ​ លោក​បាន​លើកឡើង​ថា​ ដំណោះ​ស្រាយ​សម្រាប់​សង្គ្រាម​នៅ​អ៊ុយក្រែន ​គឺ​នឹង «ត្រូវ​បាន​រក​ឃើញ»​។

«ដំណោះស្រាយ​នឹង​ត្រូវ​បាន​រក​ឃើញ​ហើយ​លក្ខខណ្ឌ​អប្បបរមា​ដែល​យើង​ទទួល​យក​បាន​គឺ​ត្រូវ​បាន​គេ​ដឹង​យ៉ាង​ទូលំ​ទូលាយ ​និង​ត្រូវ​បាន​ពិភាក្សា​ជាមួយ​ភាគី​អ៊ុយក្រែន» លោក​ ឡាវរ៉ូវ​ បាន​និយាយ​បែប​នេះ​ ហើយ​បាន​រិះគន់​អ៊ុយក្រែន​ថា​ «បាន​រក​ឃើញ​ហេតុផល​ដើម្បី​ពន្យារ​ការ​ចរចា​ដោយ​ប្រហែល​ជា​ភាគ​ច្រើន​ទំនង​ជា​ទទួល​បាន​ការ​ណែនាំ​ពី​វ៉ាស៊ីនតោន​នេះ ​មិន​មែន​ជា​ប្រទេស​ឯករាជ្យ​មាន​ស្វ័យភាព​ដោយ​ខ្លួន​ឯង​»​។

លោក​និយាយ​ថា ​ការ​ទាមទារ​របស់​រុស្ស៊ី​ គឺ​មាន​បំណង​ដើម្បី​រារាំង​កុំ «ឱ្យ​ទឹកដី​អ៊ុយក្រែន​ក្លាយ​ជា​ការ​គំរាម​កំហែង​នៃ​ការ​វាយ​ប្រហារ​ដោយ​ផ្ទាល់​ទៅ​លើ​សហព័ន្ធ​រុស្ស៊ី​»​។

លោក​បន្ត​ការ​អះអាង​ថា ​របប​ដឹក​នាំ​អ៊ុយក្រែន​គឺ​ជា​របប​ណាស៊ី​និយម​ដែល​មាន​បំណង​ចង់​ធ្វើ​ការ​ប្រល័យ​ពូជសាសន៍​ជនជាតិ​រុស្ស៊ី និង​ជនជាតិ​ជ្វីប​ បើ​ទោះ​បី​ជា​លោក​ប្រធានាធិបតី​ វ៉ុឡូឌីមៀរ ហ្សេឡេនស្គី​ គឺ​ជា​ជនជាតិ​ជ្វីប​ក៏​ដោយ​។លោក​ជឿជាក់​ថា​រុស្ស៊ី​កំពុង​ធ្វើ «រឿង​ដែល​ត្រូវ» ក្នុង​អ្វី​ដែល​រុស្ស៊ី​និយាយ​ថា​ ជា «ការ​បំបែក​យោធា​អ៊ុយក្រែន​» និង​ផ្ដួល​រំលំ​ «របប​ណាស៊ី​និយម»​។

លោក​ ឡាវរ៉ូវ​ និយាយ​ថា ​ក្នុង​អំឡុង​ពេល​នៃ​ការ​ចរចារុស្ស៊ី​នឹង​មិន​បញ្ចប់​ការ​វាយ​ប្រហារ​របស់​ខ្លួន​ទេ​ដោយ​អះអាង​ថា ​ពួកគេ​មិន​អាច​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន «រក្សា​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​គំរាម​កំហែង​រុស្ស៊ី»​។ ការ​បន្ត​ការ​វាយ​ប្រហារ​បែប​នេះ​អាច​ធ្វើ​ឱ្យ​ការ​ចរចា​កាន់​តែ​ស្មុគស្មាញ​។​ បន្ថែម​ពី​លើ​នេះ​លោក​និយាយ​ថា ​«ការ​បំបែក​យោធា»​ របស់​អ៊ុយក្រែន​នឹង​បន្ត​ បើ​ទោះ​បី​ជា​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក៏​ដោយ​។

លោក​និយាយ​ថា​ សហរដ្ឋអាមេរិក​ គឺ​មាន​បំណង​ចង់​គ្រប់គ្រង​អឺរ៉ុប​ដូច​ដែល​ណាប៉ូឡេអុង​ និង​ហ៊ីត្លែរ​ចង់​ធ្វើ​ក្នុង​សម័យ​របស់​ពួកគេ​។ លោក​និយាយ​ថា​៖ «ខ្ញុំ​ចង់​ធ្វើ​ការ​ប្រៀប​ធៀប​មួយ​៖ នៅ​ចំណុច​ណា​មួយ[ក្នុង​ប្រវត្តិសាស្ត្រ]​ណាប៉ូឡេអុង​ និង​ហ៊ីត្លែរ​បាន​ព្យាយាម​ត្រួតត្រា​អឺរ៉ុប​ឥឡូវ​អឺរ៉ុបត្រូវ​បានត្រួតត្រា​ដោយ​សហរដ្ឋអាមេរិក​» ហើយ​ «វា​ច្បាស់​ណាស់​ថា NATO មិន​មាន​​ការ​សួរនាំ​អំពី​បញ្ហា​នេះ​ទេ ហើយ​សហភាព​អឺរ៉ុប​ក៏​ដឹង​ពី​ស្ថានភាព​របស់​ខ្លួនដែរ​​»​។ លោក​ក៏​បាន​កត់​សម្គាល់​ថា​ មេដឹកនាំ​ខាង​លើ​ទាំង​ពីរ​នេះ​ បាន​រង​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ និង​ចុង​ក្រោយ​ចាញ់​សង្គ្រាមបន្ទាប់​ពី​ពួកគេ​ព្យាយាម​ឈ្លានពាន​ប្រទេស​រុស្ស៊ី​។

លោក​និយាយ​ថា ​ការ​ដាក់​ទណ្ឌកម្ម​ដោយ​លោក​ខាង​លិច​នៅ​ពេល​បច្ចុប្បន្ន​ គឺ​ជា​ការ ​«យក​ពន្ធ​លើ​ឯករាជ្យ​ភាព»​ ហើយ​ប្រទេស​ដែល​បាន​ចូល​ការ​ដាក់​ទណ្ឌកម្ម​បាន​ធ្វើ​បែប​នេះ​ «ក្រោម​សម្ពាធ»​។

លោក​និយាយ​ថា៖ «ប្រសិន​បើ​ពួកគេ​រំពឹង​ថា ​រុស្ស៊ី​នឹង​លូន​ចូល​ក្រោម​កៅអីហើយ​ចុះចាញ់​នឹង​ការ​បញ្ជា​ផ្ដាច់​ការ​របស់​នរណា​ម្នាក់ការ​រំពឹង​ទុក​របស់​ពួកគេ​ គឺ​ខុស។ តាម​ពិត​ទៅពួកគេ​គួរ​តែ​ចង​ចាំ​ប្រវត្តិសាស្ត្រ​របស់​យើងយើង​មិន​ដែល​ធ្វើ​កិច្ចព្រមព្រៀង​ក្រោម​សម្ពាធ​ទេ​»​។

លោក​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក​ថា​ បាន​ធ្វើ​ការ​កៀប​សង្កត់​ និង​សម្លុត​ប្រទេស​ដទៃ​ទៀត ​ដើម្បី​ទទួល​បាន​លទ្ធផល​ប្រឆាំង​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​អង្គការ​សហប្រជាជាតិ​។ លោក​និយាយ​ថា​៖ «យើង​ដឹង​យ៉ាង​ច្បាស់​អំពី​វិធីសាស្ត្រ​ដែល​សមភាគី​លោក​ខាង​លិច​របស់​យើង​ប្រើ​ ដើម្បី​សម្រេច​បាន​នូវ​លទ្ធផល​ទាំង​នេះ​៖ការ​កៀប​សង្កត់​ដោយ​ផ្ទាល់ និង​ការ​កាច់​បង្វិល​ដៃ​»៕