របាយការណ៍​ចារកម្ម​លោកខាងលិច​មួយ បាន​អះអាងថា ​កាលពីដើម​ខែកុម្ភៈ ក្រុមមន្ត្រី​ចិន​បាន​ជំរុញ​ក្រុមមន្ត្រី​រុស្ស៊ីកុំឱ្យ​ធ្វើការ​ឈ្លានពាន​ប្រទេស​អ៊ុយ​ក្រែ​ន ​មុនពេល​ពិធី​បញ្ចប់​កីឡា​អូឡាំពិក​រដូវរងា​នៅ​ក្រុង​ប៉េកាំង​។ នេះ​បើ​យោងតាម​ការរាយការណ៍​របស់​កាសែត The New York Times ផ្អែកលើ​ប្រភព​នៅ​សេត​វិមាន និង​នៅ​អឺរ៉ុប​។​

​របាយការណ៍​នេះ​ឱ្យតម្រុយ​ថា ប្រទេស​ចិន​ មាន​ដំណឹង​ផ្ទាល់​ដល់​មួយកម្រិត​អំពី​ផែន​ការ​សង្គ្រាម និង​ចេតនា​របស់​ប្រទេស​រុស្ស៊ី មុនពេល​នៃ​ការចាប់ផ្ដើម​ការឈ្លានពាន​កាលពី​សប្ដាហ៍​មុន​។ ប្រធានាធិបតី​រុស្ស៊ី​លោក ​វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ជួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក ​ស៊ី ជីន​ភីង មុន​ពិធី​បើក​កីឡា​អូឡាំពិក ដោយ​បន្ទាប់ពី​ជំនួប​នេះ​ក្រុង​ម៉ូស្គូ និង​ក្រុង​ប៉េកាំង​បានចេញ​សេចក្ដី​ថ្លែង​ការណ៍​ប្រវែង ៥ ០០០ ពាក្យ​មួយ ដែល​លើកឡើងថា ភាព​​ជា​ដៃគូ​របស់​ពួកគេ​គឺ «​គ្មាន​​ដែន​កំណត់​» ថ្កោលទោស​ការ​​ពង្រីក​សមាជិកភាពរ​បស់​អង្គការ​ណា​តូ និង​អះអាងថា​ ពួកគេ​នឹង​បង្កើត​សណ្ដាប់ធ្នាប់​ថ្មី​ជាមួយនឹង «​លទ្ធិ​ប្រជា​ធិបតេយ្យ​ពិតប្រាកដ​»​។​

​របាយការណ៍​ចារកម្ម​អំពី​ទំនាក់ទំនង​រវាង​មន្ត្រី​ចិន និង​មន្ត្រី​រុស្ស៊ី​ខាងលើនេះ​ ត្រូវបាន​គេ​កំណត់ថា​ ជា​ព័ត៌មាន​ស​ម្ងា​ត់​។ ចារកម្ម​នេះ​ត្រូវបាន​ប្រមូលផ្ដុំ​ដោយ​ទីភ្នាក់ងារ​ចារកម្ម​លោកខាងលិច​មួយចំនួន ហើយ​ត្រូវបាន​មន្ត្រី​ជាច្រើន​ចាត់ទុកថា​អាច​ទុកចិត្តបាន​។

​របាយការណ៍​នេះ ត្រូវបាន​ចែកចាយ​នៅក្នុង​បណ្ដាញ​មន្ត្រី​អាមេរិក និង​ទៅកាន់​នៅ​រដ្ឋា​ភិ​បាល​នៅ​អឺរ៉ុប ខណៈពេលដែល​ពួកគេ​កំពុង​វិនិច្ឆ័យ​ថា​ លោក ពូ​ទីន នឹងធ្វើ​អ្វីខ្លះ​ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​ទីភ្នាក់ងារ​ចារកម្ម​នីមួយៗ​មានការ​យល់ដឹង​ផ្សេងគ្នា​អំពី​របាយ​ការណ៍​នេះ ហើយ​គេ​មិនដឹងថា ​វា​ត្រូវបាន​ចែកចាយ​ដល់​កម្រិតណា​ទេ​។​

​មន្ត្រី​ ១​ រូប​ ដែល​ដឹង​អំពី​របាយ​ការណ៍​នេះ បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា គេ​នៅ​មិនទាន់​ឃើញ​តម្រុយ​ថា ប្រធានបទ​នៃ​ការឈ្លានពាន​ត្រូវបាន​ពិភាក្សា​នៅក្នុង​ជំនួប​រវាង​លោក ពូ​ទីន និង​លោក ​ស៊ី​ ទេ​។​

​ជុំវិញ​ការលើកឡើង​បែបនេះ អ្នកនាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន​លោក ​លាវ ពឹង​យ៉ូ បាន​និយាយថា​៖ «​ការ​​អះអាង​ទាំងនេះ គឺជា​ការ​ប្រមើល​ដោយ​គ្មាន​មូលដ្ឋាន ហើយ​មានបំណង​បង្វែរ​ការ​​បន្ទោស និង​លាប​ពណ៌​ចិន​»​។​

​ប្រទេស​ចិន បានរៀបចំ​ពិធី​បិទ​កីឡា​អូឡាំពិក​នៅ​ថ្ងៃទី ២០ កុម្ភៈ​។ ១ ​ថ្ងៃ​ក្រោយមក​លោក ពូ​ទីន ​បានប្រកាស​ទទួលស្គាល់ ឯករាជភាព​នៃ​តំបន់​ផ្ដាច់ខ្លួន​ចំនួន ​២​ នៅ​ផ្នែក​ខាងកើត​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​បាន​បញ្ជា​ឱ្យ​កងទ័ព​ឆ្លង​ព្រំដែន​ចូល​តំបន់​ទាំង ​២ ​នេះ​។ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី ​២៤ ប្រទេស​រុស្ស៊ី បានចាប់ផ្ដើម​ការឈ្លានពាន​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​បើក​ការបាញ់​មី​ស៊ី​ល និង​កាំ​ភ្លើង​ធំ ទៅលើ​ទីក្រុង​ធំៗ​របស់​អ៊ុយ​ក្រែ​ន​។​

​មន្ត្រី​លោកខាងលិចបាន​និយាយថា ពួកគេ​ពិបាក​ជឿ​ណាស់ថា​ វា​គ្រាន់តែ​ជា​រឿង​ចៃដន្យ ដែល​លោក ពូ​ទីន​ ចាប់​​ផ្ដើម​ការឈ្លានពាន​ភ្លាមៗ​បន្ទាប់​ការបញ្ចប់​កីឡា​អូឡាំពិក​។ កាលពី​ឆ្នាំ​ ២០០៨ រុស្ស៊ី បាន​ឈ្លានពាន​ប្រទេស​ហ្ស​ក​ហ្ស៊ី នៅ​ចំ​កណ្ដាល​ពេល​នៃ​កីឡា​អូឡាំពិក​រដូវក្ដៅ​នៅក្នុង​ក្រុង​ប៉េកាំង ធ្វើឱ្យ​មន្ត្រី​ចិន​ខឹង​​សម្បា​យ៉ាងខ្លាំង​។​

​ក្នុងការ​ឈ្លានពាន​លើក​នេះ រុស្ស៊ីបាន​កោះហៅ​ទ័ព ដែលជា​ធម្មតា​ត្រូវដាក់​ពង្រាយ​នៅតាម​ព្រំដែន​ជាមួយ​ប្រទេស​ចិន ឱ្យធ្វើ​ដំណើរ​មកកាន់​ព្រំដែន​អ៊ុយ​ក្រែ​ន​។ ការធ្វើ​បែបនេះ​បានបង្ហាញ​អំពី​ភាព​ទុកចិត្ត​គ្នា​រវាង​មន្ត្រី​ចិន និង​រុស្ស៊ី​។​

​យ៉ាងណាមិញ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មន្ត្រី​អាមេរិក​មួយចំនួនបាន​ព្យាយាម​ធ្វើការ​បញ្ចុះបញ្ចូល​ប្រទេស​ចិន​ ឱ្យ​ចូលរួម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បញ្ចៀសសង្គ្រាម។​

​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ជំនួប​រវាង​លោក​ ស៊ី និង​លោក​ ចូ បៃ​ដិ​ន ​កាលពី​ខែវិច្ឆិកា មន្ត្រី​អាមេរិក​បានធ្វើ​បទ​បង្ហាញ​ព័ត៌មាន​ចារកម្ម​អំពី​ការប្រមូលផ្ដុំ​ទាហាន​រុស្ស៊ី​នៅ​ព្រំដែន​អ៊ុយ​ក្រែ​ន ទៅកាន់​មន្ត្រី​ចិន ក្នុង​បំណង​ជំរុញ​ពួកគេ​ឱ្យ​ការបញ្ចុះ​បញ្ចូល រុស្ស៊ី​ឱ្យ​ដកទ័ព​វិញ​។ ក្រៅពីនេះ មន្ត្រី​អាមេរិក​បានរៀបចំ​កិច្ច​​ប្រជុំ​ជាច្រើន​ជាមួយ​មន្ត្រី​ចិន​ដែល​រួមមាន​ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន​ លោក​ ឈី​ន កាង និង​រដ្ឋមន្ត្រីការបរទេស​ចិន​លោក ​វ៉ាង យី​។ ប៉ុន្តែ​ក្នុងជំនួប​ទាំងនេះ មន្ត្រី​ចិន​បង្ហាញ​ការមិន​ជឿថា លោក ពូ​ទីន ​នឹង​សម្រេច​ឈ្លានពាន​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​កាលពី​ខែធ្នូ មន្ត្រី​អាមេរិក​បាន​និយាយថា ពួកគេ​ទទួល​ព័ត៌មាន​ចារកម្ម​ថា ​ក្រុង​ប៉េកាំង ​បាន​ចែករំលែក​ព័ត៌មាន​ជាមួយ​ក្រុង​ម៉ូស្គូ ដោយ​ប្រាប់​មន្ត្រី​រុស្ស៊ី​ថា សហរដ្ឋអាមេរិកកំពុង​សាបព្រោះ​ការមិនចុះសម្រុង​គ្នា ហើយ​ចិន​នឹងមិន​រារាំង​ផែនការ​របស់​រុស្ស៊ី​។​

​រហូតមកដល់​ពេលនេះ ការ​​សន្និដ្ឋាន និង​ការវាយតម្លៃ​របស់​ភ្នាក់ងារ​ចារកម្ម​អាមេរិក​អំពី​ផែនការ​របស់​រុស្ស៊ី គឺជា​ទូទៅ​មាន​ភាពត្រឹមត្រូវ​។ អាមេរិក​បានចាប់ផ្ដើម​យុទ្ធនា​ការចែក​​ចាយ​ព័ត៌មាន​​ចារកម្ម​នៅ​ចុងឆ្នាំ​មុន ដោយ​ដំបូង​ចែកចាយ​ជាសម្ងាត់​ជាមួយ​សម្ព័ន្ធមិត្ត ប៉ុន្តែ​ក្រោយមក​បានធ្វើការ​ចែកចាយ​ជា​សាធារណៈ​ក្នុង​បំណង​ធ្វើឱ្យ​ខូច​ដល់​ផែនការ​របស់​រុស្ស៊ី​។​

​អ្នកវិភាគ​មួយចំនួនបាន​និយាយថា លោក ពូ​ទីន បានជ្រើសរើស​ពេលវេលា​ដោយ​ប្រុងប្រយ័ត្ន​។ ចំណុចកណ្ដាល​នៃ​ផែនការ​របស់​រុស្ស៊ី ដើម្បី​ទប់ទល់​នឹង​ទណ្ឌកម្ម​លោកខាងលិច គឺ​ជំនួយ និង​ការ​​គាំទ្រ​ពី​ប្រទេស​ចិន​។ ប្រសិនបើ​លោក ពូ​ទីន ​ធ្វើការ​ឈ្លា​នពាន​មុន​កីឡា​អូឡាំពិក​ក្រុង​ប៉េកាំង​នោះ​ លោក​នឹង​បាត់បង់​ជំនួយ និង​ការគាំទ្រ​ពី​ប្រទេស​ចិន​។ ការចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​រវាង​មេដឹកនាំ​ទាំង ​២ ​មុន​កីឡា​អូឡាំពិក គឺជា​សញ្ញា​មួយ​ដែល​បង្ហាញថា ប្រទេស​ចិន ​បានផ្ដល់​ការគាំទ្រ​របស់​ពួកគេ​ចំពោះ​ប្រទេស​រុស្ស៊ី រួចទៅហើយ​។​

​ចាប់តាំងពី​សង្គ្រាម​នេះ​មក ប្រទេស​ចិន ​បាន​ព្យាយាម​រក្សា​ជំហរ​កណ្ដាល ប៉ុន្តែ​បានបង្ហាញ ភាពលម្អៀង​ទៅរក​ប្រទេស​រុស្ស៊ី​។ ពួកគេ​បានបង្ហាញ​ការ​​គាំទ្រ​ចំពោះ​ការព្រួយបារម្ភ​រុស្ស៊ី​អំពី​ការពង្រីក​របស់​អង្គការ​ណា​តូ ហើយ​បាន​ប្រើប្រាស់​ពាក្យ «​អធិបតេយ្យភាព​» ដោយ​មិន​ច្បាស់លាស់​។ អ្នក​​នាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​បដិសេធ​មិន​ប្រើពាក្យ «​ឈ្លានពាន​» នៅពេល​និ​ យាយ​អំពី​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​។ ប្រទេស​ចិន ក៏បាន​រិះគន់​ការដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​ដោយ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ពួកគេ​៕

វីដេអូ៖