សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​ជនភៀសខ្លួន​ជន​ស៊ីវិល​កើនឡើង​លឿន​បំផុត​នៅ​អឺរ៉ុប​ក្នុង​រយៈពេល​ ៣​ ទសវត្សរ៍​ចុង​​ក្រោយ ដោយ​ជំរុញឱ្យមាន​ការ​​ប្រៀបធៀប​ជាមួយ​សង្គ្រាម​បាល់​កង់​នៃ​ទសវត្សរ៍​ឆ្នាំ ​១៩៩០ ​និង​ការផ្លាស់​លំនៅ​របស់​ប្រជាជន​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដែល​កើតឡើង​ក្រោយ​សង្គ្រាមលោកលើកទី​២​។​

​យ៉ាងហោចណាស់​មនុស្ស ១​ លាន​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី និង​កុមារ​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន ​ទៅកាន់​ប្រទេសជិតខាង​ទៅ​ភាគ​​ខាងលិច​ក្នុង​រយៈពេល​ ៧ ថ្ងៃ ដំបូង​នៃ​ការ​លុកលុយ​របស់​រុស្ស៊ី​។ នេះ​បើ​យោងតាម​ទី​ភ្នា​ក់​ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​ ដែល​បាន​ប្រមូល​ស្ថិតិ​កត់ត្រា​ដោយ​អាជ្ញាធរ​អន្តោប្រវេសន៍​នៃ​ប្រទេស​ទាំងនេះ ហើយ​តួលេខ​នោះ​មិន​រាប់បញ្ចូល​អ្នក​ដែល​ភៀសខ្លួន​ផ្ទៃ​ក្នុងនៃ​ប្រទេស​អ៊ុយ​ក្រែ​ន ​ឬអ្នក​ដែល​ភៀស​​ខ្លួន ឬ​ត្រូវបាន​គេ​បញ្ជា​ឱ្យ​ជម្លៀស​ទៅ​ទឹកដី​រុស្ស៊ី​ទេ​។​

​ក្នុង​រយៈពេល​មិន​ដល់ ​១ ​សប្ដាហ៍​ផង​ជើងហោះហើរ​ចេញពី​អ៊ុយ​ក្រែ​ន បាន​កើន​​ឡើង​យ៉ាងហោចណាស់​ ១០ ​ដង​ ខ្ពស់ជាង​កំណត់ត្រា​មួយ​សប្ដាហ៍​នៃ​មនុស្ស​ចូល​អឺរ៉ុប​ក្នុងអំឡុង​វិបត្តិ​ចំណាកស្រុក​អឺរ៉ុប​នៃ​ឆ្នាំ ​២០១៥ ហើយ​ជិត​ទ្វេដង​នៃ​ចំនួន​ជនភៀសខ្លួន​ដែល​ត្រូវបាន​កត់ត្រា​ដោយ​អង្គការសហប្រជាជាតិ​ក្នុងអំឡុងពេល ​១១ ថ្ងៃ​ដំបូង​នៃ​សង្គ្រាម​កូ​សូ​វ៉ូ ក្នុង​ឆ្នាំ ​១៩៩៩​។​

​ចលនា​ឆ្ពោះទៅ​ទិស​ខាង​លិច​ជា​ប្រវត្តិសាស្ត្រ​នៃ​ជន​​ភៀសខ្លួន បានធ្វើ​ឱ្យមាន​មនុស្ស​តម្រង់​ជួរ​រហូតដល់ ​២៤ ​ម៉ោង ​នៅ​ច្រកព្រំដែន​ជាមួយ​ប៉ូឡូញ​ម៉ុ​ល​ដាវី ហុង​គ្រី ស្លូ​វ៉ា​គី និង​រូ​ម៉ា​នី​ហើយ​បាន​ជំរុញឱ្យមាន​ការឆ្លើយតប​ផ្នែក​មនុស្ស​ធម៌​ដ៏​ធំធេង​ពី​រដ្ឋាភិបាល​និង​ជន​ស្ម័គ្រចិត្ត​។ ​ជនភៀសខ្លួន​ត្រូវបាន​ជ្រកកោន​នៅក្នុង​សាលា រៀន​ក៏ដូចជា​ផ្ទះ​ឯកជន ជំរំ​បណ្ដោះ​អាសន្ន​មជ្ឈមណ្ឌល​សន្និសីទ កន្លែង​លក់​ស្រា​ និង​សូម្បីតែ​ផ្ទះ​របស់​សមាជិកសភា​ម៉ុ​ល​ដាវី​។​

​ជនភៀសខ្លួន​ខ្លះ​ជឿថា សង្គ្រាម​នឹង​បញ្ចប់​ក្នុងពេល​ឆាប់ៗ​នេះ ដែល​អនុញ្ញាតឱ្យ​ពួកគេ​ត្រឡប់​ទៅវិញ​យ៉ាង​ឆាប់រហ័ស​។ ប្រសិនបើ​ការ​ភៀស​ខ្លួន​លាតសន្ធឹង​អស់​ជាច្រើន​ឆ្នាំ​វា​នឹង​បង្ហាញ​ពី​បញ្ហា​រយៈ​​ពេល​វែង​សម្រាប់​អ៊ុយ​ក្រែ​ន ដែល​នឹង​ប្រឈមមុខ​នឹង​លំហូរ​ចេញ​នូវ​ប្រជាជនមាន​ការអប់រំ​ និង​ពិបាក​ដល់​ប្រទេស​ម្ចាស់​ផ្ទះ​ដែល​ធនធាន​មាន​កម្រិត​ហើយ​ផ្នត់គំនិត​ប្រឆាំងនឹង​ជន​អន្តោប្រវេសន៍​ក៏​នឹង​កាន់តែ​កើនឡើង​កាន់តែខ្លាំង​។​

​ប៉ុន្តែ​នេះ​ក៏​អាចជា​ឱកាស​សម្រាប់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត​ដូចជា​ប្រទេស​ម៉ុ​ល​ដាវី ដែល​ធ្លាប់​បាត់បង់​ប្រជាជន​អស់​ជាច្រើន​ក្នុង​ប៉ុន្មាន​ទស​​វត្សរ៍​ស្រាប់តែ​អាច​រកឃើញថា​ ពួកគេ​ទទួលបាន​ជន​អន្តោប្រវេសន៍​ជាច្រើន​ដែលមាន​​ការអប់រំ​។​

​ស្ថិតិ​នៃ​ការ​ភៀសខ្លួន​អាចមាន​ភាពមិនច្បាស់លាស់​ជាពិសេស​នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​វិបត្តិ​ថ្មី​ដ៏​ច្របូកច្របល់​បែបនេះ​។ មន្ត្រី​អង្គការ​សហ​ប្រជាជាតិបាន​និយាយថា សង្គ្រាម​នេះ អាចបង្កើត​ជន​​ភៀសខ្លួន​រហូតដល់​ទៅ ៤ លាន​នាក់​។ លោក Philipp Ther សាស្ត្រាចារ្យ​ប្រវត្តិ​សាស្ត្រ​នៅ​សាកលវិទ្យាល័យ​អឺរ៉ុប​កណ្ដាល និង​ជា​អ្នកនិពន្ធ​សៀវភៅ​ប្រវត្តិសាស្ត្រ​នៃ​ជន​​ភៀសខ្លួន​នៅ​អឺរ៉ុប​បាន​និយាយថា ប្រសិនបើ​ការប្រយុទ្ធ​កាន់តែ​អូសបន្លាយ នោះ​ជនជាតិ​អ៊ុយ​ក្រែ​ន នឹង​បន្តធ្វើ​ចំណាក​​ស្រុក​ក្នុង​អត្រា​បច្ចុប្បន្ន​។

​វិសាលភាព​នៃ​ការ​ភៀសខ្លួន​នៅ​សប្ដាហ៍​នេះ​បង្កឱ្យមាន​ការ​​ជាប់គាំង​បន្ទាប់បន្សំ​នៅតាម​ព្រំដែន​ផងដែរ​។​ រដ្ឋមន្ត្រី​ក្រ​សួង​មហាផ្ទៃ​ប្រទេស​ម៉ុ​ល​ដាវី​ លោកស្រី Ana Revenco បាន​និយាយ​នៅក្នុង​បទ​សម្ភាសតាម​ទូរស័ព្ទ​ថា​៖ «​នៅ​ប្រទេស​ម៉ុ​ល​ដាវី​ រដ្ឋាភិបាល​បានគ្រោង​ទុកជា​ច្រើន​ខែ​សម្រាប់​ការហូរចូល​ជនភៀសខ្លួន​។ ប៉ុន្តែ​ទំហំ​នៃ​វិបត្តិ​នេះ​គឺ​គួរឱ្យភ្ញាក់ផ្អើល​»​។​

​គិត​ត្រឹម​យប់​ថ្ងៃ​ចន្ទ មនុស្ស ៧ ម៉ឺន​នាក់ ច្រើនជាង​ការ​​ព្យាករ​របស់​រដ្ឋាភិបាល​ទ្វេ​ដង​បាន​ចូលទៅក្នុង​ប្រទេស​ម៉ុ​ល​ដាវី ដែលជា​ប្រទេសមាន​ប្រជាជន​ត្រឹមតែ​ ២,៦ ​លាន​នាក់​ប៉ុណ្ណោះ និង​ជា​ប្រទេស​ក្រីក្រ​បំផុត​មួយ​របស់​អឺរ៉ុប​។​

​គួរបញ្ជាក់​ផងដែរ ចំនួន​ប្រជាជន​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ដែល​ងាយ​រងគ្រោះ​នឹង​ការ​​ផ្លាស់​លំនៅ​ផ្ទៃក្នុង​មាន​ចំនួន​ចន្លោះ​ពី​ ១ លាន​ទៅ ៥ លាន​នាក់ ​ហើយ​អាចជា​ការផ្លាស់​លំនៅ​ដោយ​បង្ខំ​ដ៏​ធំ​បំផុត​នៅ​អឺរ៉ុប​ក្នុង​សតវត្សរ៍​ទី​២១៕