កាល​ពី​ថ្ងៃ​ពុធ ទី​ ២ មីនា​ អគ្គ​អយ្យការ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) បាន​ប្រកាស​ថា​ លោក​នឹង​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្តនៅ​ក្នុង​ទឹកដី​អ៊ុយក្រែន បន្ទាប់​ពី​សំណើ​ជា​ច្រើន​ ដើម្បី​ឱ្យ​ធ្វើ​ដូច្នេះ​ដោយ​​ប្រទេស​សមាជិក​របស់​តុលាការ​។

ការ​ឈ្លានពាន​របស់​រុស្ស៊ី​​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ ២៤ កុម្ភៈ​ នៅ​មិន​ទាន់​ផ្ដួល​រលំ​រដ្ឋាភិបាល​ក្រុង​កៀវ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​មនុស្ស​រាប់​ពាន់នាក់​បាន​ស្លាប់ ឬ​រង​របួស​។​ នេះ​បើ​តាម​ការ​លើក​ឡើង​ដោយ​ប្រទេស​ទាំង​ ២​ និង​អង្គការ​សហប្រជាជាតិ​។

អគ្គ​អយ្យការ​ ICC លោក​ ការីម ខាន ​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ Twitter ថា​៖ «ការ​ស៊ើប​អង្កេត​ជា​សកម្ម​ បាន​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​នៅ​ប្រទេស​អ៊ុយក្រែន​ នៅ​ពេល​ទទួល​សំណើ​ពី​ប្រទេស​ជា​សមាជិក​ចំនួន​ ៣៩​»។

សំណើ​ពី​ប្រទេស​ជា​សមាជិក​ នឹង​ពន្លឿន​ការ​ស៊ើប​អង្កេត​ ដោយ​នឹង​អនុញ្ញាត​ឱ្យ​អង្គ​អយ្យការ​ចៀសវាង​ដំណើរ​ស្នើ​សុំ​ការ​អនុញ្ញាត​ការ​ចាប់​ផ្ដើម​ពី​តុលាការ​នៅ​ក្រុង​ឡាអេ​ ដែល​ត្រូវ​ការ​ចំណាយ​ពេល​ជា​ច្រើន​ខែ​។ កាល​ពី​ថ្ងៃ​ចន្ទ​លោក​ ការីម បាន​និយាយ​ថា ​លោក​នឹង​ស្នើ​ការ​អនុញ្ញាត​ចាប់​ផ្ដើម​ការ​ស៊ើប​អង្កេត​។

លោក​ ការីម​ បាន​និយាយ​ថា ​ខុទ្ទកាល័យ​របស់​លោក​នឹង​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​ភ័​ស្តុតាង​នៃ​ «ការ​ចោទ​ប្រកាន់​ពី​អតីត​កាល និង​បច្ចុប្បន្ន​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឬ​អំពើ​ប្រល័យ​ពូជសាសន៍ ដែល​បាន​ប្រព្រឹត្ត​នៅ​លើ​ផ្នែក​ណាមួយ​នៃ​ទឹកដី​ប្រទេស​អ៊ុយក្រែន​ដោយ​ជន​ណា​ម្នាក់​»​។

បន្ទាប់​ពី​រុស្ស៊ី​កាត់​យក​ឧបទ្វីប​គ្រីមៀរ​កាល​ពី​ឆ្នាំ​ ២០១៤ និង​ការ​ផ្ទុះ​សង្គ្រាម​ផ្ដាច់​ខ្លួន​នៅ​ខាង​កើត អ៊ុយក្រែន​បាន​អនុញ្ញាត​ឱ្យ​ ICC មាន​យុត្តាធិការ​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ដទៃ​ទៀត​ក្នុង​ទឹកដី​ខ្លួន ដែល​អាច​កើត​ឡើង​ក្រោយ​ឆ្នាំ​ ២០១៣​។ រុស្ស៊ី​មិន​មែន​ជា​សមាជិក​ ICC ហើយ​បាន​ច្រាន​ចោល​យុត្តាធិការ​របស់​ពួកគេ​។​ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ ICC នៅ​អាច​ស៊ើប​អង្កេត​ ឧក្រិដ្ឋជន​គ្រប់​សញ្ជាតិ​៕