បញ្ហា​ការប្រែប្រួល​អាកាស​ធាតុ​ និង​សន្តិសុខ​ពិភពលោក កំពុង​ជះឥទ្ធិពល​ជា​បណ្ដើរៗ​ជាពិសេស​បញ្ហា ជុំវិញ​ថាមពលនុយក្លេអ៊ែរ​ដែល​ជា​ព្រឹត្តិការណ៍​កើតឡើង​ក្នុងពេល​ថ្មីៗ​នេះ​។​

​រោងចក្រ​ថាមពល​នុយ​ក្លេ​អ៊ែរ​បង្កើត​ថាមពល​ដោយ​គ្មាន​ការបញ្ចេញ​ឧស្ម័ន​កាបូន​ឌី​អុកស៊ីត ​ដែល​ផ្តល់​ជម្រើស​ជំនួស​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ដែលជា​ប្រភព​ថា​ម​ពល​កំពុង​បង្កើន​កម្ដៅ​ពិភពលោក​នាពេល​បច្ចុប្បន្ន​។​

​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក Antonio Guterres បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​៖ «​ធ្យូងថ្ម និង​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ផ្សេងទៀត​ កំពុង​រំខាន​ដល់​មនុស្សជាតិ​យ៉ាងខ្លាំង​។ ល្បាយ​ថាមពល​សកល​បច្ចុប្បន្ន​ត្រូវបាន​ខូចខាត​ផងដែរ​»​។​

​ក្នុង​សប្ដាហ៍​ដដែល​នោះ​ ​កងកម្លាំង​យោធា​រុស្ស៊ី​បាន​វាយប្រហារ​រោង​​ចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុងប្រទេស​អ៊ុយ​​ក្រែ​ន​។ ​អគារ​មួយ​នៅក្នុង​បរិវេណ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​នេះ​រង​កា​ឆាបឆេះ​ដោយ​អគ្គិភ័យ​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ​លោក Volodymyr Zelenskyy ​បាន​និ​យាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ជា​វីដេអូ​មួយ​ថា​៖ «​យើង​កំពុង​ចេញ​ការព្រមាន​។ គ្មាន​ប្រទេស​ណា​ដែល​ធ្លាប់​បាញ់ប្រហារ​ទៅលើ​រោងចក្រ​នុយក្លេអ៊ែរ​លើកលែងតែ​ប្រទេស​រុស្ស៊ី​។ ​នេះ​ជា​លើកដំបូង​ និង​មិនដែល​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​ប្រទេស ភេរវកម្ម​នេះ​ត្រឡប់​ទៅរក​អតីត​​កាល​ភរ​វ​កម្ម​នុយក្លេអ៊ែរ​វិញ​»​។​

​ក្រោយមក​នៅ​ថ្ងៃ​សុក្រ ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (IAEA) បាន​រាយការណ៍​ថា រោងចក្រ​ថា​មពល​នុយក្លេអ៊ែរ​នេះ​ នៅតែ​បន្តដំណើរ​ការ​ហើយ​មិនមាន​ការ​បញ្ចេញ​សារធាតុ​វិទ្យុសកម្ម​ទេ​។​ យ៉ាងណាក៏ដោយ​ព្រឹត្តិការណ៍​សន្តិសុខ​នេះ​ បានធ្វើឱ្យ​មានការ​​ភ្ញាក់ផ្អើល​ពេញ​ពិភពលោក​។​

​រូបភាព​រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​របស់​អ៊ុយ​ក្រែ​ន​ ស្ថិតនៅក្រោម​ការវាយប្រហា​រ ​គឺជា​រឿង​ថ្មី​និង​ជាការ​ព្រួយបារម្ភ​ធំ​សម្រាប់​ប្រ​ជា​ជន​ជាច្រើន​ដែល​មើលឃើញ​នុយក្លេអ៊ែរ​ជា​អាវុធ ជា​គ្រោះថ្នាក់ ​និង​ជាការ​ព្រួយបារម្ភ​អំពី​វិទ្យុ​សកម្ម​និង​សុខភាព​។​

​ទន្ទឹមនឹងនេះ ប្រទេស​នានា គឺ​កំពុង​ដឹងថា ​ពួកគេ​មិនអាច​សម្រេចបាន​នូវ​គោលដៅ​អាកាសធាតុ​របស់​ពួកគេ​ដែល​បាន​ប្ដេជ្ញា​នៅ​កិច្ចប្រជុំ COP26 ដោយ​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ដូចជា​ខ្យល់ និង​ពន្លឺព្រះអាទិត្យ​តែឯង​នោះទេ​។​

​បើ​យោងតាម​សមាគម​នុយ​ក្លេ​​អ៊ែរ​ពិភពលោក​រ៉េ​អា​ក់ទ័រ​នុយ​ក្លេ​​អ៊ែរ​ប្រមាណ ​៤៤០ កំពុងដំណើរការ​នៅក្នុង​ប្រទេស​ជាង ​៣០ ដែល​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ប្រហែល​ ១០ ភាគរយ​នៃ​ពិភពលោក​។​

​បច្ចុប្បន្ន រ៉េ​អា​ក់ទ័រ​ថ្មី​ចំនួន ៥៥ កំពុង​ស្ថិតក្រោម​ការសាងសង់​ក្នុងប្រទេស​ចំនួន ១៩ ហើយ​ក្នុងនោះ ១៩ គ្រឿង​ គឺ​នៅក្នុង​ប្រទេស​ចិន​។ សហរដ្ឋអាមេរិក គឺ​កំពុង​សាង​សង់​ត្រឹមតែ ​២ ប៉ុណ្ណោះ​។​

​អ្នកវិភាគ​ជាច្រើនបាន​និយាយថា ប្រទេស​ចិន ​មាន​វិស័យ​ថាមពលនុយក្លេអ៊ែរ​ពាណិជ្ជ​កម្ម ​ឬ​វិស័យ​ថាមពលនុយក្លេអ៊ែរ​ស៊ីវិល​ដែល​រីកចម្រើន​លឿន​បំផុត​នៅក្នុង​ពិភព​​លោក​។ ពួកគេ​កំពុង​សាងសង់​ក្នុង​ល្បឿន​មួយ​ដែល​ស្មើនឹង​អ្វី​នៅ​សហ​​រដ្ឋ​អាមេរិក​ក្នុង​ទសវត្សរ៍ ១៩៧០ ឬ​ប្រទេស​បារាំង​ក្នុង​ទសវត្សរ៍ ១៩៧០ និង ១៩៨០​។​

​ការ​ផ្តោតអារម្មណ៍​មួយចំនួន​របស់​ប្រទេស​ចិន ​លើ​ការកសាង ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ថ្មី ​គឺជា​ការឆ្លើយតប​ទៅនឹង​កំណើន​យ៉ាង​ឆាប់រហ័ស​នៃ​តម្រូវការ​ថាមពល​ពី​ការកើនឡើង​យ៉ាង​រហ័ស​នៃ​ចំនួន​ប្រជាជន​ក្នុង​វណ្ណៈ​កណ្ដាល​។​

​អ្នកវិភាគ​បាន​និយាយថា​ រុស្ស៊ី​មាន «​កម្មវិធី​ស្ថិតស្ថេរ​» ក្នុងការ​​សាងសង់​ដោយ​បច្ចុប្បន្ននេះ​ រ៉េ​​អា​ក់ទ័រ​នុយក្លេអ៊ែរ​ថ្មី​ចំនួន​៣​កំពុង​ត្រូវបាន​សាងសង់​នៅក្នុង​ប្រទេស​រុស្ស៊ី​។ ​ប៉ុន្តែ​រុស្ស៊ី​ក៏​ជា​ប្រទេស​នាំចេញ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ធំជាងគេ​របស់​ពិភពលោក​ដែរ​។​

​រ៉េ​អា​ក់ទ័រ​ទូទៅ​បំផុត​របស់​រុស្ស៊ី​ គឺមាន​ឈ្មោះ VVER ឬ​រ៉េ​អា​ក់ទ័រ​ថាមពលទឹក​​បច្ចុប្បន្ន កំពុង​ត្រូវបាន​សាងសង់​នៅក្នុង​ប្រទេស​ជាច្រើន​ទៀត​ក្រៅពី​ប្រទេស​រុស្ស៊ី ​រួមមាន​បង់​ក្លា​ដែ​ស បេឡា​រុស​ឥណ្ឌា អ៊ី​រ៉ង់ ស្លូ​វ៉ា​គី និង​តួ​ក​គី​។​

​ខណៈពេលដែល​រុស្ស៊ី ​និង​ចិន​បាន​ឈានទៅរក​ភាពលេច​ធ្លោ​សហរដ្ឋអាមេរិក​បាន​បាត់បង់​សម្ថ​​ភាព​សាងសង់​រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​របស់​ពួកគេ​។ ថាមពលនុយក្លេអ៊ែរ​ទ​ទួលបាន​កេរ្តិ៍ឈ្មោះ​មិនល្អ​នៅក្នុង​សហរដ្ឋអាមេរិក​បន្ទាប់​ពី​ឧប្បត្តិ​ហេតុ​នុយក្លេអ៊ែរ​នៅ​កោះ Three Mile Island ក្នុង​ឆ្នាំ ​១៩៧៩ ក្នុង​ព្រមទាំង​នៅ​ទូទាំង​ពិភពលោក​ក្រោយ​ឧប្បត្តិហេតុ​នៅ Chornobyl ក្នុង​សហភាពសូវៀត​ក្នុង​ឆ្នាំ ​១៩៨៦ និង Fukushima​ ក្នុងប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ ២០១១​។​

​ក្នុងពេល​ជាមួយគ្នា​នោះ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ​ផ្ដល់ឱ្យ​សហរដ្ឋ​​អាមេរិក​នូវ​អានុភាព​ ដើម្បី​បើក​ផ្លូវ​បន្ថែមទៀត​នៅក្នុង​ទីផ្សារ​ពិភពលោក​។ ​បើទោះបី​សង្គ្រាម​បង្កឱ្យមាន​សោកនាដកម្ម​ក៏ដោយ​វា​នឹង​នាំឱ្យ​មានឱកាស​កាន់តែច្រើន​សម្រាប់​ក្រុមហ៊ុន​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក ប្រសិនបើ​រុស្ស៊ី​ពិតជា​បានធ្វើឱ្យ​មានការ​កាត់ផ្ដាច់​ទំនាក់ទំនង​ចំពោះ​ខ្លួនឯង​។​

​ការវាយប្រហារ​ដ៏​គ្រោះថ្នាក់​របស់​រុស្ស៊ី​នៅ​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia ក្នុងប្រទេស​អ៊ុយ​​ក្រែ​ន និង​ការសម្រេចចិត្ត​របស់​ចិន ក្នុង​ការមិន​បោះឆ្នោត​លើ​សេចក្ដី​សម្រេច IAEA ដើម្បី​ការពារ​កុំឱ្យ​មានការ​វាយប្រហារ​នេះ​នឹងធ្វើ​ឱ្យ​ខូច​ឈ្មោះ​ការនាំចេញ​នុយ​ក្លេ​​អ៊ែរ​របស់​ប្រទេស​ទាំង ​២៕