រដ្ឋាភិបាល​ចិនបាន​ប្រកាស​ថា ខ្លួន​កំពុង​ធ្វើ​សមយុទ្ធ​យោធា​រយៈ​ពេល​ជាង​​ ១​ សប្ដាហ៍​នៅ​សមុទ្រ​ចិន​ខាង​​ត្បូង​ ក្នុង​តំបន់​មួយ​រវាង​ខេត្ត​ហៃណាំ​របស់​ខ្លួន​ និង​ប្រទេស​វៀតណាម​។​

ប្រទេស​ចិន ​​​ប្រកាន់​ជំហរ​ថា ​ផ្នែក​ធំ​នៃ​ផ្លូវ​ទឹក​សមុទ្រ​ចិន​ខាង​ត្បូង ​គឺ​របស់​ខ្លួន​ ហើយ​បាន​សាងសង់​កោះ​សិប្បនិម្មិត​ និង​អាកាស​យានដ្ឋាន​នៅ​លើ​ថ្ម​ប៉ប្រះ​ទឹក និង​កូន​កោះ​មួយ​ចំនួន​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​តំបន់​ និង​ក្នុង​សហរដ្ឋអាមេរិក​។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាល​ពី​ល្ងាច​ថ្ងៃសុក្រ រដ្ឋបាល​សុវត្ថិភាព​ដែន​សមុទ្រ​កោះ​ហៃណាំ​បាន​និយាយ​ថា សមយុទ្ធ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​នោះ​ និង​មាន​រយៈ​ពេល​រហូត​ដល់​ថ្ងៃ​ទី​ ១៥ ខែ​មីនា​។អាជ្ញាធរ​បាន​ផ្ដល់​កូអរដោនេ​សម្រាប់​តំបន់​សមយុទ្ធដែល​ហាម​ឃាត់​មិន​ឱ្យ​ទូក​ស៊ីវិល​ចូល​នៅ​ប្រហែល​ចំ​កណ្ដាល​ផ្លូវ​ទឹក​រវាង​ក្រុង​សាន់យ៉ាកោះ​ហៃណាំ និង​ក្រុង​ហ្វេ​របស់​ប្រទេស​វៀតណាម។ ក្រុង​សាន់យ៉ា​ជា​តំបន់​មូលដ្ឋាន​ទ័ព​ចិន​ដ៏​សំខាន់​បំផុត​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​។

ផ្នែក​មួយ​នៃ​តំបន់​សមយុទ្ធ​នេះ​ គឺ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​របស់​វៀតណាម ហើយ​វៀតណាម​ធ្លាប់​រិះគន់​ចិន​ចំពោះ​អ្វី ដែល​ខ្លួន​ហៅ​ថា ​ការ​រំលោភ​លើ​អធិបតេយ្យភាព​របស់​ខ្លួន​៕