កាល​ពី​ថ្ងៃសុក្រ រដ្ឋាភិបាល​រុស្ស៊ីបាន​​ដាក់​កម្រិត​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​រិះគន់​អំពី​ការ​ឈ្លានពាន​របស់​ខ្លួន​លើ​អ៊ុយក្រែ​ន​ ដោយ​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​អ្នក​ដែល​ផ្សព្វ​ផ្សាយ​អ្វី​ដែល​អាជ្ញាធរ​ចាត់​ទុក​ថា​ ជា «ព័ត៌មាន​មិន​ពិត» អំពី​យោធា​រុស្ស៊ី និង​អាច​ជាប់​ពន្ធនាគារ​ ១៥​ ឆ្នាំ​។

ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់ថ្មី ដែល​ត្រូវ​បាន​អនុម័ត​នៅ​ដើម​ថ្ងៃ​នោះ​ដោយ​សភា​រុស្ស៊ី។

លោក Vyacheslav Volodin ប្រធាន​សភា​រុស្ស៊ី​ បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា៖​ «​​ច្បាប់​នេះនឹង​ផ្ដន្ទាទោស​ដ៏​តឹងរ៉ឹង​បំផុត​លើ​អ្នក​ដែល​បាន​កុហក និង​ធ្វើ​សេចក្ដីថ្លែងការណ៍​ដែល​ធ្វើ​ឱ្យ​ខូច​កិត្តិយស​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​របស់​យើង​»​។​

ជា​ការ​ឆ្លើយ​តប​សារព័ត៌មាន​លោក​ខាង​លិច​ដូចជា​ CNN និង​ Bloomberg បាន​ប្រកាស​ថា ​ខ្លួន​នឹង​ឈប់​ចាក់​ផ្សាយ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ហើយ​។

កាល​ពី​ថ្ងៃ​សុក្រ រុស្ស៊ី​ក៏​​បាន​បិទ​មិន​ឱ្យ​ពលរដ្ឋ​ខ្លួន​ចូល​ប្រើប្រាស់​បណ្ដាញ​សង្គម​ Facebook និង Twitter។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ​និយតករ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រុស្ស៊ី Roskomnadzor បាន​និយាយ​កាល​ពីថ្ងៃសុក្រ​ថា​ Facebook និង​ Twitter​ បាន​បំពាន​ច្បាប់​ដោយ​ការ​រឹត​បន្តឹង​ការ​ចូល​មើល​គណនី​របស់​រដ្ឋ​រុស្ស៊ី​ដែល​និយតករ​បាន​និយាយ​ថា​ បាន​រំលោភ​លើ​សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋានដែល​ជា​សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ​រុស្ស៊ី​ផង​ដែរ​៕