ដោយ​ចៀសវាង​ការព្រួយបារម្ភ​អំពី​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ប្រ​​ទេស​ចិន បានបង្ហាញ​ផែនការ​ស្ដារ​​សេដ្ឋកិច្ច​របស់ខ្លួន​ស​ម្រា​ប់​ឆ្នាំ ២០២២ ដោយ​ផ្ដោតលើ​កំណើន ការបង្កើន​ការងារ និង​បង្កើន​ការ​គាំពារ​សុខុមាលភាព​សង្គម ខណៈពេលដែល​លោក​ប្រធានាធិបតី​ ស៊ី ជីន​ភីង គ្រោង​កាន់កាប់​អំណាច​ ១ ​អាណត្តិ​ទៀត​។​

​កាលពី​ថ្ងៃ​សៅរ៍​ លោកនាយក​រដ្ឋមន្ត្រី ​លី កេ​ឈាង បាន​បញ្ជូន​របាយការណ៍​ការងារ​ប្រចាំឆ្នាំ​របស់​រដ្ឋាភិបាល​ទៅកាន់​សភា​ប្រជាជន​ចិន ដោយ​របាយការណ៍​នេះ​បាន​ចៀសវាង​ប្រធានបទ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។​

​សារ​បង្កប់ន័យ​ក្នុង​របាយការណ៍​នេះ ​គឺ​ហាក់ដូចជា​និយាយថា ប្រ​ទេស​ចិន ​អាច​ទប់ទល់​នឹង​ភាព​​ចលាចល​នៅ​អឺរ៉ុប ហើយនឹង​ផ្ដោតលើ​ការរក្សា​ប្រជាជន​ចិន​ឱ្យ​ពេញចិត្ត​នឹង​រស់នៅ និង​មាន​ការងារ​ធ្វើ​រហូត​ដល់ពេល​នៃ​សមាជ​គណ​បក្ស​កុម្មុយនីស្ត​ចិន​នៅ​ចុងឆ្នាំ​នេះ នៅពេលដែល​គេ​គិតថា លោក​ ស៊ី នឹង​ក្ដាប់​យក​ឱកាស​កាន់អំណាច​ ១​ អាណត្តិ​ទៀត​។​

​លោក​ លី ​បានសរសេរថា​៖ «​នៅក្នុង​ការងារ​របស់​យើង​នៅ​ឆ្នាំនេះ​យើង​ត្រូវ​ធ្វើឱ្យ​ស្ថិរភាព​សេដ្ឋកិច្ច​ជា​អាទិភាព​កំពូល​របស់​យើង​នឹង​បន្ត​ការរីកចម្រើន ខណៈពេលដែល​ធានាបាន​នូវ​ស្ថិរភាព​»​។​

​តាមរយៈ​ការប្រកាស​ពី​គោលដៅ​សម្រាប់​កំណើនសេដ្ឋកិច្ច «​ប្រ​មាណ ៥,៥ ភាគរយ​» នៅ​ឆ្នាំនេះ លោក​ លី បាន​ពង្រឹង​ការ​សង្កត់ធ្ងន់​របស់រ​ដ្ឋា​ភិ​បាល​លើ​កំណើន​ក្នុងពេល​នៃ​ការ​ប្រឈមវិបត្តិ​ធំៗ ដូចជា​កូ​វីដ ​១៩ ​និង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ គោលដៅ​នេះ​ គឺ​ទាប​ជាង​កំណើន ៨,១ ភាគរយ​ ដែល​ប្រទេស​ចិន ​បាន​រាយការណ៍​កាលពី​ឆ្នាំមុន ប៉ុន្តែ​ខ្ពស់ជាង​ការប៉ាន់ស្មាន​ដោយ​អ្នក​ជំ​នា​ញ​ក្នុងករណី​មិនមាន​បង្កើន​ចំ​​ណាយ​ធំដុំ​ដោយ​រដ្ឋាភិបាល​។​

​កំណើនសេដ្ឋកិច្ច​របស់​ចិន គឺ​កំពុង​ថយ​ល្បឿន​។ ការបិទ​ខ្ទប់​តៗ​គ្នា និង​វិធាន​ការដាក់​កម្រិត​លើ​ការធ្វើដំណើរ​បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កំណើន​។

​បន្ថែម​ពីលើ​នេះ​ទៅទៀត​អាយុ​មធ្យម​របស់​ប្រជាជន​ចិន​កំពុង​កើន​យ៉ាង​លឿន​ធ្វើឱ្យ​មានការ​ព្រួយ​​បារម្ភ​យ៉ាងខ្លាំង​អំពី​កង្វះ​ពលករ​នាពេល​អនាគត​។ ការកើនឡើង​ការ​ជំពាក់​បំណុល​ក្នុងចំណោម​ប្រជាជន​ចិន​ដែល​ភាគច្រើន​ជា​បំណុល​ទិញ​គេហដ្ឋាន​ក៏បាន​បង្ក​ផលប៉ះពាល់​ផងដែរ​។​

​ដើម្បី​ជួយ​ស្ដារ​សេដ្ឋកិច្ច លោក ​លី បានប្រកាស​ការចំណាយ​យ៉ាង​ធំ​ដោយ​ផ្អែកលើ​ការខ្ចី​បំណុល ទៅលើ​ការអភិវឌ្ឍ​លើ​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ និង​ការ​ផ្ដល់ជំនួយ​ទៅឱ្យ​ប្រជាជន​ក្រីក្រ ជាពិសេស​នៅ​តំបន់​ជនបទ​។​

​ចាប់តាំងពី​រកឃើញ​ដំបូង​នៅ​ក្រុង​វូ​ហាន​កាលពី​ ២​ ឆ្នាំមុន​ ប្រទេស​ចិន បាន​រក្សា​ការឆ្លង​ជំងឺ​កូ​វីដ ​១៩ ​នៅ​កម្រិត​ដ៏​ទាប​មួយ​ធៀប​នឹង​ចំនួន​ប្រជាជន​របស់ខ្លួន ​ប៉ុន្តែ​ដើម្បី​សម្រេច​គោលដៅ​នេះ ក្រុង​ប៉េកាំង បាន​ប្រើប្រាស់​វិធាន​ការបង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដូចជា​ការបិទ​ខ្ទប់​ដ៏​តឹងរ៉ឹង​ជាច្រើន ការធ្វើ​ច​ត្តា​ឡីស័ក​យ៉ាងយូរ​សម្រាប់​អ្នកធ្វើដំណើរ​អន្តរជាតិ ឬ​ឆ្លងខេត្ត​។ មាន​សញ្ញា​មួយចំនួន​ដែល​បង្ហាញថា ក្រុង​ប៉េកាំង​នឹង​បន្ធូរបន្ថយ​វិធានការ​របស់ខ្លួន ក៏ប៉ុន្តែ​នឹង​ចាប់ផ្ដើម​រហូតដល់​ឆ្នាំក្រោយ​ឯណោះ​។​

​អ្នកវិភាគ​ជាច្រើន​បានគិត​ថា ​ក្រុង​ប៉េកាំង​ នឹងមិន​បើក​ព្រំដែន​របស់ខ្លួន​មុន​សមាជ​បក្ស​កុ​ម្មុយ​នី​ស្ត​នៅ​ឆ្នាំនេះ​ទេ ហើយ​នៅពេល​បើក​ព្រំដែន ប្រទេស​ចិន ​នឹង​ចង់​ចៀសវាង​ការឆ្លង​មិនអាច​គ្រប់គ្រង​បាន​ដែល​កំពុង​កើតឡើង​នៅ​ក្រុង​ហុងកុង​។​

​យ៉ាងណាមិញ របាយការណ៍​ការងារ​របស់​រដ្ឋាភិបាល​ចិន​កម្រ​ធ្វើការ​ប្រកាស​អំពី​គោ​លន​យោ​​បាយ​ការបរទេស​ថ្មី​ទេ ហើយ​របាយការណ៍​ឆ្នាំនេះ គឺ​ដដែល​។ ក្រុង​ប៉េកាំង កំពុង​ចង់​រក្សា​ទំនាក់​ទំ​នង​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី ប៉ុន្តែ​ចង់​ចៀសវាង​ពាក់ព័ន្ធ​នឹង​ការ​ឈ្លា​ន​​ពាន​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​លោក​ លី សរសេរថា​៖ «​ប្រទេសចិន​ នឹង​បន្ត​អនុវត្ត​គោ​លន​យោ​បាយ​ការបរទេស​ដោយ​ឯករាជ្យ​ ដើម្បី​សន្តិភាពបន្ត​នៅលើ​មាគ៌ា​នៃ​ការអភិវឌ្ឍ​ដោយ​សន្តិភាព​ធ្វើការ​សម្រាប់​ទំនាក់ទំនង​អន្តរជាតិ​ប្រភេទ​ថ្មី​»​។​

​បើទោះជា​យ៉ាងនេះ​ក៏ដោយ​ក្រុង​ប៉េកាំង​បានឱ្យ​តម្រុយ​ថា ខ្លួនកំពុង​ត្រៀមខ្លួន​សម្រាប់​ពិភព​​លោក​ដែល​កាន់តែ​គ្រោះថ្នាក់​ជាង​មុន​។ ថវិកា​យោធា​របស់​ប្រ​ទេស​ចិន ​នឹង​កើនឡើង ៧,១ ភាគរយ​នៅ​ឆ្នាំនេះ​ ដល់​ប្រហែល ២២៩ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​របាយការណ៍​ថ​វិកា​របស់​រដ្ឋាភិបាល​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ផងដែរ​។ លោក លី បាន​បញ្ជាក់ថា នឹងមិន​មានការ​យឺតយ៉ាវ​ក្នុង​កិច្ច​ខិត​​ខំប្រឹងប្រែង​របស់​ប្រទេស​ចិន ក្នុង​ការធ្វើ​ទំនើបកម្ម និង​ជួសជុល​យោធា​របស់ខ្លួន ដែល​រួមមាន​ការពង្រីក​កងទ័ព​ជើង​ទឹក និង​ការអភិវឌ្ឍ​មី​ស៊ី​ល​ទំនើបៗ​ជាច្រើន​ប្រភេទ​។​

​ផែនការ​របស់លោក​ លី បាន​បង្ហាញថា ​ប្រទេស​ចិន ​ឱ្យ​តម្លៃ​លើ​កំណើនសេដ្ឋកិច្ច​ច្រើនជាង​ការព្យាយាម​ធ្វើការ​កែតម្រូវ​ដើម្បី​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​ឆ្ពោះទៅរក​ការពឹងផ្អែក​កាន់តែខ្លាំង​លើ​ការ​ចំ​ណាយ​របស់​អ្នកប្រើប្រាស់​ក្នុងស្រុក​។ ទីក្រុង​ប៉េកាំង​ កំពុង​ព្យា​យាម​ដោយ​ទទួលបាន​ជោគជ័យ​មាន​កម្រិត ដើម្បី​ផ្លាស់​ទី​សេដ្ឋកិច្ច​ឱ្យ​ឆ្ងាយ​ពី​ការពឹង​ផ្អែកលើ​ការ​អភិ​​វ​ឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជំរុញ​ដោយ​បំណុល និង​ការសាងសង់​លំនៅ​​ឋាន​។​

​កាលពី​ឆ្នាំមុន ប្រទេស​ចិន ​បាន​កាត់បន្ថយ​បំណុល​របស់ខ្លួន​បាន​មួយកម្រិត​។ ប្រទេស​ចិន ​ត្រូវតែ​កាត់បន្ថយ​បែបនេះ ដោយសារ​នៅ​ឆ្នាំ​ដំបូង​នៃ​វិបត្តិ​កូ​វីដ ​១៩ ​បំ​ណុល​របស់​ពួកគេ​បាន​កើន​ដល់​កម្រិត​មួយ​ដែល​អ្នកជំនាញ​និយាយថា មិនអាច​ទ្រទ្រង់​បានទេ​។​

​ប៉ុន្តែ ​ដើម្បី​បំពេញ​គោលដៅ​កំណើន​សម្រាប់​ឆ្នាំនេះ អ្នកជំនាញ​និយាយថា ប្រទេស​ចិន​ នឹង​ត្រូវឱ្យ​ខ្ចីប្រាក់​បន្ថែមទៀត ដែល​នឹង​លុបចោល​ការកាត់បន្ថយ​បំណុល​កាលពី​ឆ្នាំមុន​។ លោក​ លី​ទទួលស្គាល់ថា សេដ្ឋកិច្ច​ប្រទេស​ចិន នឹង​ជួប​ការលំបាក​នៅ​ឆ្នាំនេះ ដោយ​ចង្អុល​ទៅ​ភាពយឺតយ៉ាវ​ក្នុងការ​ងើបឡើង​វិញ​នៃ​ការ​ចំ​ណាយ និង​ការវិនិយោគ និង​ការកើនឡើង​នៃ​តម្រូវ​ការនាំ ចេញ ខណៈពេល​ដែលមាន​កង្វះ​វត្ថុធាតុដើម​។ ក្នុង​រយៈពេល ​៣ ​ខែ​ចុងក្រោយ​នៃ​ឆ្នាំមុន សេដ្ឋកិច្ច​ចិន បាន​កើនឡើង​ត្រឹមតែ ៤ ភាគរយ​ប៉ុណ្ណោះ​។​

​ផ្នែក​មួយ​នៃ​ការ​ថយ​ល្បឿន​កំណើនសេដ្ឋកិច្ច​នោះ បាន​ឆ្លុះបញ្ចាំង​ពី​ការផ្លាស់ប្តូ​រគោល​នយោបាយ​របស់​រដ្ឋា​ភិបាល​ជា​បន្តបន្ទាប់​ក្នុង​គោលបំណង​បង្ក្រាប​ការពង្រីក​ដែល​មិនមាន​ចិ​រ​ភាព​នៅក្នុង​វិស័យ​មួយចំនួន​។ វិស័យ​ទាំងនេះ​រួមមាន​វិស័យ​ជួញដូរ​អចលនទ្រព្យ វិស័យ​សាលារៀន​គួរ និង​វិស័យ​បច្ចេកវិទ្យា​៕