វិមាន​ក្រឹមឡាំង​បាន​អះអាង​ថា​ កង​កម្លាំង​ប្រដាប់​អាវុធ​រុស្ស៊ី​គ្មាន​បំណង​បែងចែក​ទឹកដី​របស់​អ៊ុយក្រែន​ ខណៈ​ពេល​ដែល​ក្រុង​ម៉ូ​ស្គូ​ បន្ត​ការ​វាយ​ប្រហារ​លើ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​។

កាល​ពី​ថ្ងៃ​សុក្រ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង​លោក​ ឌីមីទ្រី ប៉េស្កូវ​ បាន​ប្រាប់​សារព័ត៌មាន​ Sky News Arabia អំពី​គោលដៅ​នៃ​ការ​ឈ្លានពាន​។ លោក​អះអាង​ថា​៖ «បន្ទាប់​ពី​រដ្ឋ​ប្រហារ​ឆ្នាំ​ ២០១៤ អ៊ុយក្រែន​បាន​រង​ឥទ្ធិពល​នៃ​មនោគមន៍​វិជ្ជា​ណាស៊ី​។ យើង​ចង់​ដោះ​លែង​ពួកគេ​ពី​មនោគមន៍​វិជ្ជា​នេះ​» ហើយ​ «វត្តមាន​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ណាតូ​ក្នុង​ប្រទេស​អ៊ុយក្រែន​ បាន​កើនឡើង ដែល​គំរាមកំហែង​ផ្ទាល់​ដល់​សន្តិសុខ​របស់​រុស្ស៊ី»​។

លោក​ ប៉េស្កូវ​ និយាយ​ថា​៖ «យើង​មិន​មាន​បំណង​បែង​ចែក​ទឹក​ដី​អ៊ុយក្រែន​ជា​ផ្នែក​ៗ​នោះ​ទេ ប៉ុន្តែ​ត្រូវ​ស្វែង​រក​ការ​ធានា​នូវ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​យើង​»​។ លោក​ក៏​និយាយ​ថា ​ក្រុង​ម៉ូស្គូ​ បាន​ទទួល​យក​ទំនួល​ខុស​ត្រូវ​ការពារ​ជន​ស៊ីវិល​របស់​តំបន់​ផ្ដាច់​ខ្លួន​ដូណេតស្ក៍ និង​លូហានស្ក៍​ ដែល​ខ្លួន​ទើប​តែ​ទទួល​ស្គាល់​ឯករាជ្យ​ភាព​មុន​ចាប់​ផ្ដើម​ការ​ឈ្លានពាន​ចូល​អ៊ុយក្រែន​។ តំបន់​ផ្ដាច់​ខ្លួន​ទាំង​ពីរ​នៅ​តំបន់​ដុនបាស​ គឺ​មាន​ប្រជាជន​ភាគ​ច្រើន​ជា​ជនជាតិ​រុស្ស៊ី ឬ​អ្នក​និយាយ​ភាសា​រុស្ស៊ី​។ ក្រុង​ម៉ូស្គូ​បាន​ផ្ដល់​លិខិត​ឆ្លង​ដែន​រុស្ស៊ី​ ទៅ​ឱ្យ​ប្រជាជន​ជាង​ ៧០០ ០០០ នាក់​នៃ​តំបន់​ផ្ដាច់​ខ្លួន​នេះ​។

លោក​បាន​ចោទ​ប្រកាន់​អ៊ុយក្រែន​ថា​ បាន​រៀប​ចំ​ផែនការ​ដើម្បី​វាយ​ប្រហារ​តំបន់​ផ្ដាច់​ ដូច្នេះ​រុស្ស៊ី​ត្រូវ​ចាត់​វិធានការ​ចាំបាច់​ដើម្បី​បំបែក​យោធា​អ៊ុយក្រែន​ ដើម្បី​ការពារ​តំបន់​ផ្ដាច់​ខ្លួន​៕