កាល​ពី​ថ្ងៃ​សៅរ៍ ទី ​៥ មិនា ប្រធានាធិបតី​រុស្ស៊ី​លោក​ វ្ល៉ាឌីមៀរ​ ពូទីន​ បាន​និយាយ​ថា​ ក្រុង​ម៉ូស្គូ​នឹង​ចាត់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដោយ​ប្រទេស​ណា​មួយ​ ដើម្បី​បង្កើត​តំបន់​ហាម​មិន​ឱ្យ​ហោះហើរ​នៅ​លើ​អ៊ុយក្រែន​ថា​ ជា​ការ «ចូល​រួម​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ» នេះ​។

ក្នុង​ជំនួប​ជាមួយ​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរ​រុស្ស៊ីលោក​ ពូទីន ​និយាយ​ថា​៖ «ឥឡូវ​នេះ ​យើង​ស្ដាប់​ឮ​អំពី​តំបន់​ហាម​មិន​ឱ្យ​ហោះហើរ​នៅ​លើ​ទឹកដី​អ៊ុយក្រែន​។វា​មិន​អាច​ធ្វើ​ចេញ​ពី​ទឹក​ដី​អ៊ុយក្រែន​ទេ​។អ្នក​អាច​ធ្វើ​វា​បាន​តែ​ពី​ទឹក​ដី​ប្រទេស​ជិត​ខាង​ប៉ុណ្ណោះ​ដូច្នេះ​នឹង​ចាត់​ទុក​វា​ជា​ចូល​រួម​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​ដោយ​ប្រទេស​ដែល​នឹង​បង្ក​ការ​គំរាមកំហែង​ដល់​ទាហាន​របស់​យើង»​។

ប្រធានាធិបតី​អ៊ុយក្រែន​លោក ​វ៉ុល​ឌីមៀរ ហេ្សលេនស្គី​ បាន​ជំរុញ​ឱ្យ​អង្គការ​ណាតូ​អនុវត្ត​តំបន់​ហាម​មិន​ឱ្យ​ហោះហើរ​លើ​ប្រទេស​លោក​ ប៉ុន្តែ​អង្គការ​ណាតូ​បាន​បដិសេធ​ ដោយ​និយាយ​ថា​ ការ​ធ្វើ​បែប​នេះ​បង្ក​ឱ្យ​រីក​រាលដាល​សង្គ្រាម​នៅ​អឺរ៉ុប​។

លោក​ពូទីន​បាន​ប្ដេជ្ញា​ថា​ «ការ​សម្រេច​បាន​» នៃ​ការ​ទាមទារ​បែប​នេះ​នឹង​ «នាំ​មក​នូវ​លទ្ធផល​មហន្តរាយ​មិន​ត្រឹម​តែ​ដល់​អឺរ៉ុប​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ដល់​ពិភព​លោក​ទាំង​មូល» ហើយ​បាន​ហៅ​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាង​លិច​ប្រឆាំង​នឹង​រុស្ស៊ី​ថា «ស្រដៀង​នឹង​ការ​ប្រកាស​សង្គ្រាម»​។

បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​ លោក​ ពូទីន​ បាន​និយាយ​ថា ​ប្រទេស​អ៊ុយក្រែន​ គឺ​ប្រឈម​មុខ​នឹង​ការ​បាត់បង់​ឋានៈ​ជា​រដ្ឋ​។ លោក​និយាយ​ថា​៖ «ថ្នាក់​ដឹក​នាំ [អ៊ុយក្រែន] បច្ចុប្បន្ន​ត្រូវ​យល់​ថា ប្រសិន​បើ​ពួកគេ​បន្ត​ធ្វើ​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ នោះ​ពួកគេ​នឹង​បង្ក​ហានិភ័យ​ដល់​អនាគត​នៃ​ឋានៈ​ជា​រដ្ឋ​របស់​អ៊ុយក្រែន​។ ប្រសិន​បើ​រឿង​នេះ​កើត​ឡើង​ នេះ​គឺ​ជា​កំហុស​របស់​ពួកគេ​»​។

ភ្នាក់ងារ​សិទ្ធ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​និយាយ​ថា​ចាប់​តាំង​ពី​សង្គ្រាម​នេះ​ចាប់​ផ្ដើម​ ជនស៊ីវិល​ចំនួន​ ៣៥១ នាក់​បាន​ស្លាប់​ ហើយ​ ៧០៧ នាក់​បាន​រង​របួស​។ បទ​ឈប់​បាញ់​មាន​កំណត់​មួយ​នៅ​ទីក្រុង​ចំនួន​ពីរ បាន​បរាជ័យ​កាល​សៅរ៍ ដោយ​មន្ត្រី​អ៊ុយក្រែន​បាន​ចោទ​ប្រកាន់​រុស្ស៊ី​ថា​ បាន​ធ្វើ​ការ​បាញ់ប្លោង​ទៅ​ផ្លូវ​ជម្លៀស​ប្រជាជន​៕