អ៊ុយក្រែន​នឹង​ស្នើ​​តុលាការ​របស់​អង្គការ​សហប្រជាជាតិ​ឱ្យ​ចេញ​សាលក្រម​បន្ទាន់​មួយ​ ដែល​តម្រូវ​ឱ្យ​រុស្ស៊ី​បញ្ឈប់​ការ​ឈ្លាន​ពាន​របស់​ខ្លួនដោយ​លើក​ហេតុផល​ថា​ លេស​របស់​ទីក្រុង​ម៉ូស្គូ​សម្រាប់​ការ​វាយ​ប្រហារ​នេះ​ គឺ​ផ្អែក​លើ​ការ​បក​ស្រាយ​ខុស​នៃ​ច្បាប់​ប្រល័យ​ពូជ​សាសន៍​។​

សម្រាប់​ការ​ឈ្លានពាន​របស់​ខ្លួន ប្រធានាធិបតី​រុស្ស៊ី​ លោក ​វ្ល៉ាឌីមៀ ពូទីន ​បាន​អះអាង​ថា​៖ «សកម្មភាព​យោធា​ពិសេស​របស់​រុស្ស៊ី​ គឺ​ចាំបាច់ ដើម្បី​ការពារ​មនុស្សដែល​ត្រូវ​បាន​ទទួល​រង​នូវ​ការ​គំរាម​កំហែង និង​ការ​ប្រល័យ​ពូជ​សាសន៍ពោល ​គឺ​ប្រជាជន​និយាយ​ភាសា​រុស្ស៊ី​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​»។

បណ្ដឹង​របស់​អ៊ុយក្រែន​បាន​លើក​ឡើង​ថា ​​ការ​អះអាង​ពីអំពើ​ប្រល័យ​ពូជសាសន៍​ គឺ​មិន​ពិតហើយ​ក្នុង​ករណី​ណា​ក៏​ដោយ​មិន​ផ្ដល់​យុត្តិកម្ម​ផ្លូវច្បាប់​សម្រាប់​ការ​វាយ​ប្រហារ​នោះ​ទេ​។

សំណុំ​រឿង​​នេះ​បាន​ដាក់​ទៅ​តុលាការ​​​ពិភពលោក​​ដែល​គេ​ស្គាល់​ជា​ផ្លូវការ​ថា ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដោយ​សំអាង​​លើ​ការ​បកស្រាយ​នៃ​សន្ធិសញ្ញា​ស្ដី​ពី​ការ​ទប់​ស្កាត់​​អំពើ​ប្រល័យពូជសាសន៍​ឆ្នាំ ១៩៤៨ ដែល​ចុះហត្ថលេខា​ដោយ​​ប្រទេស​ទាំង ២។ តុលាការ​ ICJ គឺ​ជា​វេទិកា​សម្រាប់​ដោះ​ស្រា​យ​វិវាទ​រវាង​ប្រទេស​ហត្ថលេខី​។

កាល​ពី​សប្តាហ៍​មុន ក្រុមប្រឹក្សា​ប្រតិបត្តិ​នៃ​សមាគម​អន្តរជាតិ​នៃ​អ្នក​សិក្សា​អំពើ​ប្រល័យ​ពូជ​សាសន៍ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ថា ​លោក ពូទីន កំពុង​ក្លែងបន្លំនិង​ប្រើប្រាស់​ពាក្យ​ថា ​អំពើ​ប្រល័យ​ពូជ​សាសន៍​ដោយ​ខុស​៕