ត្រឹមតែ ១២ គីឡូម៉ែត្រ​ពី​ព្រំដែន​អ៊ុយ​ក្រែ​ន អភិបាលក្រុង​ជនជាតិ​ម៉ុ​ល​ដាវី​ ១​ រូប គឺ​កំពុង​តាមដាន​ការរាយការណ៍​សារព័ត៌មាន​អំពី​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​ប្រទេសជិតខាង ជាពិសេស​លោកបាន​ផ្ដោតអារម្មណ៍​លើ​ព័ត៌មាន​អំពី​ច​លនា​ទ័ព​រុស្ស៊ី ដែល​កំពុងធ្វើដំណើរ​ទៅ​វាយប្រហារ​ក្រុង​អូ​ដេ​សា ដែលជា​ទីក្រុង​អ៊ុយ​ក្រែ​ន​ធំ​មួយ​នៅ​ជិត​ព្រំដែន​ម៉ុ​ល​ដាវី​។​

​អភិបាល​នៃ​ក្រុង​វ៉ា​នី​តាបាន​និយាយថា ប្រសិនបើ​រុស្ស៊ី​ចូលកាន់​កាប់​ក្រុង​អូ​ដេ​សា វា​ច្បាស់​ណាស់​រុស្ស៊ី​នឹង​បន្ត​វាយប្រហារ​មក​ទីក្រុង​លោក​នៅក្នុង​ប្រទេសម៉ុ​ល​ដាវី ហើយ​ប្រសិនបើ​រុស្ស៊ី​វាយប្រហារ​មកដល់​ទីនេះ តើ​ពួកគេ​នឹង​ឈប់​នៅត្រឹម​ណា​?

​សំណួរ​បែបនេះ​ត្រូវបាន​លើកឡើង​ក្នុង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត​ជាពិសេស​ប្រទេស​អតីត​កុម្មុយនីស្ត​ដូច ជា​ម៉ុ​ល​ដាវី​។ ការឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​អ៊ុយ​ក្រែ​ន បាន​បំបែក​ការ​សន្មត​ក្រោយ​សង្គ្រាមត្រជាក់​ជាច្រើន ហើយ​បង្ហាញថា ប្រធានាធិបតី​រុស្ស៊ី​​ លោក​ វ្ល៉ា​ឌី​មៀរ ពូ​ទីន មានជំនឿថា ព្រំដែន​អឺរ៉ុប​អាច​គូស​សា​​ឡើងវិញ​ដោយ​ប្រើ​កម្លាំង​។​

​នៅ​អឺរ៉ុប​ខាងកើត​ប្រទេស​ម៉ុ​ល​ដាវី ដែលមាន​ទីតាំង​រវាង​ប្រទេស​អ៊ុយ​ក្រែ​ន និង​រូ​ម៉ា​នី គឺ​ហាក់ដូចជា​ងាយ​រងគ្រោះ​ជាងគេ​។ ប្រទេស​នេះ គឺជា​ប្រទេស​ក្រីក្រ​បំផុត​នៅ​អឺរ៉ុប មាន​ប្រជា​ជន​ត្រឹមតែ​ជាង ២,៦ លាន​នាក់​ប៉ុណ្ណោះ ហើយ​ផ្ទុយ​ពី​ប្រទេស​អតីត​កុម្មុយនីស្ត​ដទៃទៀត​ដូចជា​ប៉ូឡូញ ឡេ​តូ​នី លី​ទុយ​អា​នី អេ​ស្តូ​នី និង​រូ​ម៉ា​នី ប្រទេស​នេះ​មិនមែនជា​សមា​ជិ​ក​អង្គការ​ណា​តូ ឬ​សហភាព​អឺរ៉ុប​ទេ​។ កាលពី​សប្ដាហ៍​មុន​ប្រទេស​នេះ បាន​ប្រញាប់​ប្រញាល់​ដាក់ពាក្យ​ស្នើសុំ​ធ្វើជា​សមាជិក​សហភាព​អឺរ៉ុប ក្នុង​សកម្មភាព​មួយ​ស្រដៀង​នឹង​ការសុំ​ជំនួយ​សង្គ្រោះបន្ទាន់​។​

​បន្ថែម​ពីលើ​នេះ​ទៅទៀត​ប្រទេស​ម៉ុ​ល​ដាវី ធ្លាប់មាន​សង្គ្រាម​ជាមួយ​ក្រុម​ផ្ដាច់ខ្លួន​ជនជាតិ​រុស្ស៊ី ឬ​ជន​និយាយ​ភាសា​រុស្ស៊ីជាង ២០ ឆ្នាំមុន​សង្គ្រាម​ផ្ដាច់ខ្លួន​ស្រដៀង​គ្នា​ផ្ទុះឡើង​នៅ​អ៊ុយ​ក្រែ​ន​។ កាល​ពី​ឆ្នាំ ​១៩៩២ បន្ទាប់​ទទួល​ជ័យជម្នះ​ក្នុង​សង្គ្រាម​ជាមួយ​រដ្ឋាភិបាល​ម៉ុ​ល​ដាវី ក្រុម​ផ្ដាច់​ខ្លួន បានប្រកាស​បង្កើត​រដ្ឋ​ផ្ដាច់ខ្លួន​មួយ​ឈ្មោះ​ត្រាន​នី​ស្ត្រៀ នៅតាម​បណ្ដោយ​ច្រាំង​ខាងកើត​នៃ​ទន្លេ​ឌី​នី​ស្ទ័​រ ប្រវែង​ជាង ៤០០ គីឡូម៉ែត្រ​។ ប៉ុន្តែ​ក្រុម​ផ្ដាច់ខ្លួន​នៅ​ទាមទារ​ទឹកដី​មួយចំនួន​ច្រាំង​ខាងលិច ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល ដែល​រួមមាន​ក្រុង​វ៉ា​នី​តា របស់​អភិបាលក្រុង​ខាងលើ​។​

​រហូតមកដល់​ពេលនេះ រដ្ឋ​ផ្ដាច់ខ្លួន​ត្រាន​នី​ស្ត្រៀ មិនត្រូវ​បានទទួល​ស្គាល់​ដោយ​សហ​គម​ន៍​អន្តរជាតិ​ទេ សូម្បីតែ​រុស្ស៊ី​ក៏​មិន​ទទួលស្គាល់​ដែរ​។ បើទោះជា​យ៉ាងនេះ​ក៏ដោយ​រុស្ស៊ី​បានដាក់​ពង្រាយ​ទ័ព​១ ៥០០ នាក់​ជា​អចិ​ន្រៃ្ត​យ៍ ក្រោម​ហេតុ​ផល «​រក្សា​សន្តិភាព​» និង​ការពារ​ឃ្លាំង​អាវុធ​សម័យ​សូ​វៀត​មួយ​។​

​ប្រសិនបើ​កងទ័ព​រុស្ស៊ី​វាយប្រហារ​មកដល់​ព្រំដែន​ម៉ុ​ល​ដាវី ប្រជាជន​ប្រទេស​នេះ ព្រួយបារម្ភ​ថា រុស្ស៊ី​ប្រកាស​ទទួលស្គាល់​រដ្ឋ​ផ្ដាច់ខ្លួន ដូចដែល​ពួកគេ​ទទួលស្គាល់​រដ្ឋ​ផ្ដាច់ខ្លួន​នៅ​អ៊ុយ​ក្រែ​ន ដើម្បី​បង្កើតជា​លេស​បញ្ជូន​ទ័ព​ចូលកាន់​កាប់​រដ្ឋ​នោះ ឬ​កាត់​បញ្ចូល​ជាមួយ​ប្រទេស​ថ្មី​មួយ ដែល​រុស្ស៊ី​អាចបង្កើត​ក្រោយ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។​

​កាលពី​សប្ដាហ៍​មុន ប្រ​ធានា​ធិបតី​បេឡា​រុស​ លោក​ អា​ឡិច​សាន់​ឌឺ លូ​កា​សិន​កូ ដែលជា​សម្ព័ន្ធមិត្ត​យ៉ាង​ជិតស្និទ្ធ របស់​លោក ពូ​ទីន បានធ្វើ​បទ​បង្ហាញ​អំពី​ផែនទី​ចលនា​ទ័ព​រុស្ស៊ី​ចូលក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​ក្នុងនោះ​មានការ​បង្ហាញថា បន្ទាប់ពី​រុស្ស៊ី​ចូលកាន់​កាប់​ក្រុង​អូ​ដេ​សា​របស់​អ៊ុយ​ក្រែ​ន ពួកគេ​នឹង​បន្ត​ការវាយប្រហារ​ចូល​ប្រទេស​ម៉ុ​ល​ដាវី ដោយ​ហាក់ដូចជា​មានបំណង​ចូលកាន់​កាប់​តំបន់​ត្រាន​នី​ស្ត្រៀ​។ ក្រោយមក​ឯកអគ្គរដ្ឋទូត​បេឡា​រុស​ប្រចាំ​ម៉ុ​ល​ដាវី បានធ្វើការ​សូម​អភ័យទោស​ចំពោះ​បទ​បង្ហាញ​របស់​ លូ​កា​សិន​កូ ដោយ​និយាយថា ​ផែនទី​នោះ​ គឺ​ខុស​។​

​នៅក្នុង​រដ្ឋាភិបាល​ម៉ុ​ល​ដាវី មន្ត្រីជាន់ខ្ពស់បាន​ពិភាក្សា​ដោយ​ស្ងាត់ៗ ពី​ព្រួយបារម្ភ​ថា ​រុស្ស៊ី​អាច​ចូល​កាន់កាប់​ប្រទេស​ម៉ុ​ល​ដាវី ​ទាំងស្រុង​។ អ្នកវិភាគ​នយោបាយ និង​អតីត​ឧ​ប​នាយករដ្ឋមន្ត្រី​ម៉ុ​ល​ដាវី​ទទួលបន្ទុក​កិច្ចការ​សមាហរណកម្ម​ត្រាន​នី​ស្ត្រៀ​លោក ​អា​ឡិច​សាន់​ឌ័​រ ហ្វ​លិ​ន​ជា បាន​និ​យាយ​ថា​៖ «​ប្រជាជន​ជាច្រើន​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង​។ មនុស្ស​ជាច្រើន​កំពុង​ពិចារណា​ការធ្វើ​អន្តោប្រវេសន៍​ចំណាក​​ស្រុក មុនពេល​ពួកគេ​ក្លាយជា​ជនភៀសខ្លួន​»​។​

​បើទោះបី​ជាមាន​ទំហំ​តូច និង​ក្រីក្រ​ក៏ដោយ ប្រទេស​ម៉ុ​ល​ដាវី គឺជា​តួអង្គ​ដ៏​ធំ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​អឺរ៉ុប​ខាងកើត​។ ក្នុង​រយៈពេល ២ សតវត្សរ៍ ប្រទេស​នេះ បាន​ក្លាយជា​រដ្ឋ​រណប​នៃ​ប្រទេស​ជាច្រើន​ដែល​រួមមាន​ចក្រភព​អូ​តូ​ម៉​ង់ ចក្រភព​រុស្ស៊ី រាជាណាចក្រ​រូ​ម៉ា​នី និង​សហភាពសូវៀត មុននឹង​ក្លាយខ្លួនជា​ប្រទេស​ឯករាជ្យ​បន្ទាប់ពី​ការដួលរលំ​នៃ​សហ​ភាព​សូ​វៀត​។

​ឥឡូវនេះ ទន្លេ​ឌី​នី​ស្ទ័​រ​របស់​ម៉ុ​ល​ដាវី អាច​ក្លាយជា​រនាំង​ដែក​បំបែក​លោកខាងលិច និង​លោក​ខាងកើត ក្នុង​សង្គ្រាម​​ត្រជាក់​ថ្មី​មួយ​៕