ក្រុម​សិទ្ធិ​មនុស្សនិង​អាជ្ញាធរ​រុស្ស៊ី​បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​បាតុករ​ជាង ៤ ៣០០ ​នាក់ ដែល​​តវ៉ា​ប្រឆាំង​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន​​​ ត្រូវ​បាន​ចាប់​ខ្លួន​​​កាល​ពី​ថ្ងៃ​អាទិត្យ។

ទីភ្នាក់ងារសារព័ត៌មាន Ria បាន​រាយការណ៍​ថា មនុស្ស​ប្រមាណ ​១ ៧០០ នាក់ ត្រូវ​បាន​ឃុំ​​ខ្លួន​នៅ​ក្នុង​ទី​ក្រុង​ម៉ូ​ស្គូ​។ក្រុម​សិទ្ធិ​មនុស្ស OVD-Info និយាយ​ថា ការ​ឃុំ​ខ្លួន ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​រុស្ស៊ី​ចំនួន​ ៥៣​។ បើ​ទោះបី​ជា​កា​ធ្វើ​បាតុកម្ម​ត្រូវ​បាន​រឹតត្បិត​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ក៏​ដោយ ការ​ប្រមូល​ផ្ដុំ​ជា​ច្រើន​បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី​ ចាប់​តាំង​ពី​ការ​លុកលុយ​ចូល​អ៊ុយក្រែន​។

ក្រុម​ OVD-Info បាន​និយាយ​ថាក្នុង​រយៈ​ពេល ១១ ថ្ងៃ​ចុង​ក្រោយ​នេះ មនុស្ស​ជាង ១ ម៉ឺន​នាក់​ ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​សារ​បាន​ចូល​រួម​ក្នុង​បាតុកម្ម​។ អ្នក​ស្រី Maria Kuznetsova អ្នក​នាំ​ពាក្យ​របស់ OVD-Info បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ពី​ទីក្រុង Tbilisi ក្នុង​ប្រទេស​ហ្សក់ហ្ស៊ី​ថា៖ «មាន​ការ​​រឹត​បន្តឹង​យ៉ាង​ពេញ​លេញសំខាន់​យើង​កំពុង​ឃើញ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ផ្នែក​យោធា​ទៀត​ផង​។យើង​កំពុង​ឃើញ​ការ​តវ៉ា​ដ៏​ធំ​នៅ​ថ្ងៃ​នេះ សូម្បី​តែ​នៅ​ក្នុង​តំបន់​ស៊ីបេរីដែល​ជា​កន្លែង​យើង​កម្រ​បាន​ឃើញ​ចំនួន​នៃ​ការ​ចាប់​ខ្លួន​បែប​នេះ​ណាស់»​៕