
លោក Rafael Mariano Grossi អគ្គនាយករដ្ឋទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅពេលទៅដល់ព្រលានយន្តហោះអន្តរជាតិទីក្រុងវីយែន កាលពីថ្ងៃទី៥ មីនា។ AFP
កិច្ចចរចាដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងប្រទេសអ៊ីរ៉ង់ និងមហាអំណាចពិភពលោកបានប្រឈមនឹងភាពស្មុគស្មាញកាលពីថ្ងៃអាទិត្យ ទី ៦ មិនា បន្ទាប់ពីរុស្ស៊ីទាមទារឱ្យសហរដ្ឋអាមេរិកធ្វើការធានាថា ការដាក់ទណ្ឌកម្មជុំវិញសង្គ្រាមជាមួយអ៊ុយក្រែន នឹងមិនប៉ះពាល់ដល់ពាណិជ្ជកម្មរបស់ខ្លួនជាមួយអ៊ីរ៉ង់។
រុស្ស៊ីបានធ្វើការទាមទារបែបនេះ ខណៈពេលដែលការចរចាដោយប្រយោលជាច្រើនខែរវាងអាមេរិក និងអ៊ីរ៉ង់ បានឈានដល់ដំណាក់កាលចុង ហើយជិតឈានដល់កិច្ចព្រមព្រៀង។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ បាននិយាយថាការដាក់ទណ្ឌកម្មរបស់អាមេរិក ជុំវិញការឈ្លានពានប្រទេសអ៊ុយក្រែនថា ជាឧបសគ្គសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ លោកនិយាយថា រុស្ស៊ីចង់បានការធានាជាលាយលក្ខណ៍អក្សរពីសហរដ្ឋអាមេរិកថា ពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធារបស់រុស្ស៊ីជាមួយអ៊ីរ៉ង់នឹងមិនត្រូវបានរារាំងដោយទណ្ឌកម្មណាមួយឡើយ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អានតូនី ប៊្លីនកែន បានព្យាយាមរំសាយការអះអាងអំពីឧបសគ្គ ដោយនិយាយថាការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើរុស្ស៊ីគឺមិនមានអ្វីទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ទេ។
លោក ប្ល៊ីនកែន និយាយថា៖ «រឿងទាំងនេះគឺខុសគ្នាទាំងស្រុង ហើយមិនជាប់ទាក់ទងគ្នាតាមវិធីណាមួយ។ ដូច្នេះខ្ញុំគិតថាមិនពាក់ព័ន្ធទេ»។ លោកបន្ថែមទៀតថាកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់គឺជិតឈានដល់ហើយ ប៉ុន្តែនៅបញ្ហាធំៗមួយចំនួននៅមិនទាន់បានដោះស្រាយ។
ភាគីអ៊ីរ៉ង់បាននិយាយថា ពួកគេចង់បានការបំភ្លឺពីក្រុងម៉ូស្គូអំពីការលើកឡើងរបស់លោក ឡាវរ៉ូវ។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូបនិយាយថា៖ «វាចាំបាច់ក្នុងការយល់យ៉ាងច្បាស់ពីអ្វីដែលក្រុងម៉ូស្គូចង់បាន។ ប្រសិនបើអ្វីដែលពួកគេទាមទារពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនោះ វានឹងមិនពិបាកក្នុងការស្វែងរកដំណោះស្រាយនោះទេ។ ប៉ុន្តែវានឹងមានភាពស្មុគស្មាញ ប្រសិនបើការធានាដែលក្រុងម៉ូស្គូបានទាមទារនោះ គឺហួសពីកិច្ចព្រមព្រៀង៕