ការ​ប្រកាស​របស់​អ៊ុយក្រែន​ថា​ ប្រទេស​ចិន ​បាន​ធានា​ប្រាប់​ក្រុង​កៀវ​ថា​ ខ្លួន​នឹង​ជួយ​បញ្ឈប់​សង្គ្រាម​ជា​មួយ​រុស្ស៊ី​ បាន​ស្ដារ​ក្ដី​សង្ឃឹម​ថា​ ក្រុង​ប៉េកាំង​នឹង​ដើរតួ​ជា​អ្នក​សម្របសម្រួល​ឱ្យ​ក្រុង​ម៉ូស្គូ​ដក​ថយ​វិញ​។ ប៉ុន្តែ​អ្នក​វិភាគ​ជា​ច្រើន​និយាយ​ថា​ជំហរ​សាធារណៈ​ ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​រុស្ស៊ី​ និង​កង្វះ​បទ​ពិសោធក្នុង​ការ​ដោះស្រាយ​វិវាទ​បែប​នេះ បាន​បង្ហាញ​ពី​ឧបសគ្គ​ដែល​ប្រទេស​ចិន​ប្រឈម​ក្នុង​តួនាទី​នេះ​។

ការ​ជជែក​អំពី​តួនាទី​របស់​ក្រុង​ប៉េកាំង​ជា​អ្នក​សម្របសម្រួល​សន្តិភាព​ បាន​ចាប់​ផ្ដើម​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន ​លោក ​ឌីមីត្រូ គូលេបា បាន​​និយាយ​កាល​ពី​សៅរ៍​ថា ​លោក​បាន​ទទួល​ការ​ធានា​ថា​ «ចិន​ចង់​បញ្ឈប់​សង្គ្រាម​នេះ​»​។

លោក​និយាយ​ថា​៖ «ការ​ទូត​ចិន​មាន​ឧបករណ៍​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ ហើយ​យើង​ចាត់​ទុក្ខ​ថា ​វា​មាន​ជាប់​ពាក់ព័ន្ធ​រួច​ហើយ ហើយ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​នឹង​ទទួល​បាន​ជោគជ័យ​»។

លោក​គូលេបា​ បាននិយាយ​បែប​នេះ​ បន្ទាប់​ពី​លោក​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក​វ៉ាង យី​កាល​ពី​ថ្ងៃ​ទី ១​ មិនា ប៉ុន្តែ​គេ​មិន​ដឹង​ថា​អ្នក​ទាំង២ បាន​ជួប​គ្នា​ទៀត​បន្ទាប់​នោះ​ដែរ​ឬ​ទេ​?

ប៉ុន្តែ​ក្រុង​ប៉េកាំង ​មិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ការទូត​របស់​ខ្លួន​​ ជុំវិញ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​ធ្វើ​ឱ្យ​អ្នក​វិភាគ​មួយ​ចំនួន​និយាយ​ថា​ ចិន​មិន​មាន​ឆន្ទៈ​ចង់​ធ្វើ​ជា​អ្នក​សម្របសម្រួល​ទេ​។

ប្រទេស​ចិន​ ក៏​ចង់​បង្ហាញ​ភាព​អព្យាក្រឹត ដោយ​ប្រកាន់​ជំហរ​អនុប្បវាទ​មិន​បោះឆ្នោត​ចំនួន​ ២ លើក​លើ​សេចក្ដី​សម្រេច​ក្រុមប្រឹក្សា​សន្តិសុខ និង​មហាសន្និបាត​អង្គការ​ថ្កោល​ទោស​ការ​ឈ្លានពាន​របស់​ក្រុង​ម៉ូ​ស្គូ​ និង​ទាមទារ​ឱ្យ​ដក​ទ័ព​រុស្ស៊ី​ចេញ​ពី​អ៊ុយក្រែន​។ ប៉ុន្តែ​ប្រទេស​ចិន ​មាន​ភាព​លម្អៀង​ទៅ​រក​រុស្ស៊ី​ដោយ​កាល​ពី​មុន​កីឡា​អូឡាំពិក​ក្រុង​ប៉េកាំង​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ថា​ ភាព​ជា​ដៃ​គូរ​របស់​ពួកគេ​គឺ​ «គ្មាន​ដែន​កំណត់»​៕