ដំណើរការ​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​កូរ៉េខាងត្បូង ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី ​៩ ខែមីនា​នេះ ខណៈ​បេក្ខជន​មកពី​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង​ធំៗ កំពុង​ប្រឈម​នឹង​រឿងអាស្រូវ និងកង្វះ​ទំនុកចិត្ត​ពី​សាធារណជន​នៅឡើយ​។​

​ក្នុងនាម​អភិបាលខេត្ត និង​ជា​អតីត​ចៅហ្វាយក្រុង​ទំហំ​មធ្យម​មួយ បេក្ខជន​គណបក្សកាន់អំណាច​លោក Lee Jae-myung ត្រូវបាន​គេ​រំពឹងទុក​យ៉ាងខ្លាំង​ថា នឹង​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​របស់​កូរ៉េ​ខាងត្បូង បើទោះបីជា​លោក​មិនមាន​បទពិសោធ​បម្រើការ​ក្នុង​សភា​ឬ​គណៈរដ្ឋមន្ត្រី​ក៏ដោយ​។​

​លោក Lee បានទទួល​​បេក្ខភាព​គណបក្ស​ប្រជា​ធិ​បតេ​យ្យ ​បន្ទាប់​គូប្រជែង​ក្នុង​បក្ស​ឈានមុខ​គេ​ចំនួន ៣ ​នាក់​ ត្រូវបាន​ដកខ្លួន​ពី​ការ​ប្រជែង​ដោយ​ម្នាក់​ត្រូវបាន​បញ្ជូនទៅ​ពន្ធ​នាគារ​ពីបទ​រំលោភ​ផ្លូវភេទ ម្នាក់ទៀត​បាន​ស្លាប់​ដោយ​ការធ្វើអត្តឃាត បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់​ដោយ​បុគ្គលិក​របស់គាត់​ពីបទ​បៀតបៀន​ផ្លូវភេទ និង​អ្នក​ទី​៣ កំពុង​ជាប់ពន្ធនាគារ​ពីបទ រំខាន​ការបោះឆ្នោត​។​

​ការធ្លាក់​បេក្ខជន​ទាំងនេះ បាន​បើកផ្លូវ​ឱ្យ​លោក Lee ដែលជា​អតីត​កម្មករ​រោងចក្រ ដែល​បំពេញ​តាម​និន្នាការ​អ្នក​​នយោបាយ​អាមេរិក​ឆ្វេង​និយម​។ លោក​បាន​ពិពណ៌នា​អំពី​មហិច្ឆតា​របស់លោក​ក្នុងការ​ក្លាយខ្លួនជា​លោក Bernie Sanders ទី​២​។​

​លោក Lee និង​គូប្រជែង​របស់លោក គឺ​លោក Yoon Suk-yeol​ ដែលជា​អតីត​រដ្ឋ​អាជ្ញា និង​ជា​អ្នក​ទើបតែ​ចូល​​ប្រឡូក​ក្នុង​នយោបាយ កំពុងមាន​សំឡេង​ស្ទើរតែ​ស្មើគ្នា​ក្នុងការ​ប្រកួតប្រជែង​ដែល​ពោរ​ពេញ​ទៅដោយ​រឿងអាស្រូវ​ជាច្រើន​ការចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅមក​ជម្លោះ​ក្នុង​គ្រួសារ និង​អះអាង​អំពី​អំពើពុករលួយ ឧក្រិដ្ឋកម្ម ការប្រកាន់​បក្ខពួក​​និយម​ការ​ក្លែងបន្លំ ទំនោរ​ផ្ដាច់​ការ ការគោរព​អ​បិ​យ​ជំនឿ និង​ការបំពាន​អំណាច​។​

​បេក្ខជន​ទាំង​ ២ រួមជាមួយ​នឹង​បក្ខពួក​របស់​ពួកគេ​បាន​ប្រើពាក្យ​កុហក​ចោទប្រកាន់​គ្នា​ទៅ​​វិញ​ទៅមក និង​ក្រុមគ្រួសារ​រៀងៗ ខ្លួន​អំពី​អំពើពុករលួយ និង​ការ​​ប្រព្រឹត្ត​ខុសសីលធម៌​។ ក្នុងពេល​ជាមួយគ្នានេះ ពួកគេ​បាន​ព្យាយាម​ទាក់ទាញ​អ្នក​បោះ​ឆ្នោត​ជាមួយនឹង​ការសន្យា​បែប​ប្រជា​និយម និង​ទទួល​សំណើ​គោលនយោបាយ ដើម្បី​ឈ្នះ​ការគាំទ្រ​ដោយ​បេក្ខជន​នី​មួយៗ​អះអាងថា ជា​មេដឹកនាំ​ដែលមាន​សមត្ថភាព​សម្រេច​​ចិត្ត​ចាំបាច់​ដើម្បី​ធ្វើឱ្យ​កូរ៉េខាងត្បូង​ក្លាយជា​ប្រទេស​ដ៏​ត្រឹមត្រូវ​ និង​យុត្តិធម៌​។​

​លោក Lee Sook-jong សាស្ត្រាចារ្យ​ផ្នែក​អភិបាលកិច្ច​សាធារណៈ​នៅ​សាកល​វិទ្យា​​ល័យ Sung Kyun Kwan នៅ​សេ​អ៊ូ​ល បាន​និយាយថា​៖ «​កូរ៉េខាងត្បូង​នៅតែមាន​ភាព​​ខ្លាំង​ជាច្រើន រួមទាំង​កា​រិ​យា​ធិបតេយ្យ​ដែលមាន​សមត្ថភាព និង​សង្គម​ស៊ី​វិ​ល័យ​ដែល​កាន់​​តែមាន​ការមិន​អត់ឱន​ចំពោះ​ការរំលោភបំពាន និង​មាន​ឆន្ទៈ​ក្នុង​ការទាមទារ​ពី​មេដឹកនាំ​។ ប៉ុន្តែ យើង​មាន​អត្រាកំណើត​ទាប​បំផុត​នៅក្នុង​ពិភពលោក ប្រព័ន្ធ​ប្រាក់​ចូលនិវត្តន៍​របស់​យើង​ក៏​ស្ថិតក្នុង​ភាព​ប្រកៀក​ប្រកិត​ហើយ​បញ្ហា​ក្នុងសង្គម ដែល​កាន់តែ​ស្មុគស្មាញ​របស់​យើង​ក៏​មិនត្រូវ​អាច​ដោះស្រាយ ស្រួលបួល​ដែរ​»​។​

​យ៉ាងណាមិញ បើ​ក្រឡេកមើល​ទស្សនវិជ្ជា​នៃ​អភិបាល​​កិច្ច​របស់​អ្នក​ទាំង ​២ មាន​លក្ខណៈ​ផ្ទុយគ្នា​ស្រឡះ​។ យុទ្ធនាការ​របស់លោក Lee ពឹង​ផ្អែកលើ​ដំណោះស្រាយ​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល ដើម្បី​គ្រប់គ្រង​ទីផ្សារ​អចលន​ទ្រព្យ លើកកម្ពស់​សុខុមាល​ភាព​សាធារណៈ​តាមរយៈ​ប្រាក់​ចំណូល​មូលដ្ឋាន​ជាស​កល លំនៅឋាន និង​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន និង​វិនិយោគ​ក្នុងការ​ផ្លាស់ប្តូរ​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ឌីជីថល និង​ថាមពល​កកើត​ឡើងវិញ​ជាដើម​។​

​ផ្ទុយទៅវិញ​យុទ្ធនាការ​របស់លោក Yoon លើកកម្ពស់​ដំណោះស្រាយ ដែល​ដឹកនាំ​ដោយ​ទីផ្សារ និង​តួនាទី​ដ៏​ស្រាល សម្រាប់​រដ្ឋាភិបាល​តាម​រយៈ​ការ​​គ្រប់គ្រង​ទីផ្សារ​អចលនទ្រព្យ​ការដកចេញ​នូវ​ឧបសគ្គ​របស់​រដ្ឋាភិបាល​លើ​អាជីវកម្ម​ខ្នាតតូច​និង​មធ្យម និង​ការគាំទ្រ​ជាថ្មី​សម្រាប់​ថាមពលនុយក្លេអ៊ែរ​។​

​ហើយ​បើ​ក្រឡេក​ទៅ​មើល​បទពិសោធ​គោលនយោបាយ​ការបរទេស​បេក្ខជន​ទាំង​ ២ មិនមាន​ជា​បទពិសោធ​ច្រើន​ឡើយ​។ សារៈសំខាន់​នៃ​សម្ព័ន្ធភាព​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េ​ខាង​ត្បូង គឺ​មិនសូវមាន​ភាពខុសគ្នារ​វាង​បេក្ខជន​ទាំង ​២ ​ទេ ដោយ​​សារ​ការគាំទ្រ​កម្រិត​ខ្ពស់​ក្នុងចំណោម​សាធារណជន​កូរ៉េ​ខាងត្បូង​។​

​វេទិកា​គោលនយោបាយ​​ការបរទេស​របស់លោក Lee គឺ​បន្ត​តាម​គោលនយោបាយ​គ្រប់​​គ្រង​របស់លោក Moon Jae-in ដោយ​គោលនយោបាយ​នេះ​សង្កត់ធ្ងន់​លើ​ស្វ័យភាព និង​ការអនុវត្ត​ជាក់ស្ដែង​ហើយ​ចៀសវាង​ការ​ផ្អៀង​ទៅ​ចិន ឬ​សហរដ្ឋអាមេរិក​ជ្រុល​។ ​គោល​នយោបាយ​របស់លោក Moon ចំពោះ​ប្រទេស​ជប៉ុន​ មានបំណងសម្របសម្រួល​កិច្ច​សហ​ប្រតិ​ប​ត្តិ​កា​រលើ​បញ្ហា​នាពេល​អ​នា​គ​ត ខណៈពេលដែល​លោក​ទទូច​ឱ្យ​ទីក្រុង​តូ​ក្យូ​ដោះស្រាយ​សោកនាដកម្ម​ប្រវត្តិសាស្ត្រ​ក៏ដូចជា​ចំពោះ​កូរ៉េខាងជើង ដែល​ផ្ដោតលើ​ការលុបបំបាត់​នុយ​ក្លេ​អ៊ែរ​ដោយ​សន្តិវិធី និង​សមា​ហរណកម្ម​ប្រទេស​ទាំង ​២ ​វិញ​។​

​ដោយឡែក​បេក្ខជន​ប្រឆាំង​លោក Yoon បានបង្ហាញ​ពី​ចក្ខុវិស័យ​គោលនយោបាយ​ការបរទេស​ដែល​កូរ៉េខាងត្បូង​នឹង​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​អន្តរជាតិ​កាន់តែខ្លាំង​តាមរយៈ​ភាពជិតស្និទ្ធ​ជាមួយ​សហរដ្ឋ​អាមេរិក ស្ដារ​ទំនាក់ទំនង​ស្ថិរភាព​ជាមួយ​ជប៉ុន​ផ្ដោតលើ​ការ​​រំសាយ​អាវុធ​នុយក្លេអ៊ែរ និង​ការ​​ផ្លាស់ប្ដូរ​របប​កូរ៉េខាងជើង និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ចិន​៕