​នៅ​ថ្ងៃ​ត្រជាក់​មួយ​កាលពី​ខែ​មុន​ ខណៈពេលដែល​ប្រទេស​ចិន ​ត្រៀម​ធ្វើ​ពិធី​បើក​កីឡា​អូឡាំពិក​ក្រុង​ប៉េកាំង ប្រធានាធិបតី​ចិន ​លោក ​ស៊ី ជីន​ភីង ​បានធ្វើ​ពិធី​ជប់​​លៀង​ជ័យជម្នះ​ការទូត​មួយ​ជាមួយ​ភ្ញៀវកិត្តិយស​របស់លោក​ គឺ​ប្រធានាធិបតី​រុស្ស៊ី​ លោក​ វ្ល៉ា​ឌី​មៀរ ពូ​ទីន​។ មេដឹកនាំ​ទាំង​ ២ ​ទើបតែ​ចេញផ្សាយ​សេចក្ដីថ្លែងការណ៍​រួមមួយ​ដែល​បានបង្ហាញ​អំពី​ចក្ខុ​​វិស័យ​របស់​ពួកគេ​អំពី​សណ្ដាប់​ធ្នាប់​អន្តរជាតិ​ថ្មី​មួយ ដែលមាន​ក្រុង​ម៉ូស្គូ និង​ក្រុង​ប៉េកាំង​ នៅ​ចំណុចកណ្ដាល ហើយ​មិនមាន​ការភ្ជាប់​ជាមួយ​អាមេរិក​។​

​បើតាម​ព័ត៌មាន​ផ្លូវការ​របស់​ចិន​នៅក្នុង​ពិធីជប់លៀង​នេះ មេដឹកនាំ​ទាំង​ ២​ បាន​ពិភាក្សា​អំពី «​បញ្ហា​ក្ដៅៗ ដ៏​ធំៗ​ក្នុងការ​ព្រួយ​បារម្ភ​រួម​របស់​ពួកគេ​»​។ ព័ត៌មាន​លម្អិត​ភាគច្រើន ​គឺ​នៅ​ជាការ​សម្ងាត់​នៅឡើយ ប៉ុន្តែ​ការពិភាក្សា​របស់​ពួកគេ​បានចាប់ផ្ដើម​នៅពេល​ដ៏​សំខាន់​មួយ ដោយ​ប្រមាណ​ជាង ២០ ​ថ្ងៃ ​ក្រោយមក​រុស្ស៊ី​បានធ្វើការ​ឈ្លានពាន​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​បង្កឱ្យមាន​សង្គ្រាម​ធំ​បំផុត​នៅ​អឺរ៉ុប​ក្នុង​រយៈពេលជាច្រើន​ទសវត្សរ៍​។​

​ជា​សាធារណៈ លោក​ ស៊ី និង​លោក ពូ​ទីន បាន​សច្ចា​ថា មិត្តភាព​របស់​ប្រទេស​ពួកគេ​ គឺ​ «​គ្មាន​ដែន​​កំណត់​»​។ មេដឹកនាំ​ចិន​ក៏បាន​ប្រកាសថា​ នឹងមិន​មាន «​ភាព​ទន់ខ្សោយ​» នៅក្នុង​ភាពជា​ដៃគូ​របស់​ពួកគេ ហើយ​លោក​បាន​បន្ថែម​ទម្ងន់​របស់លោក​ចំពោះ​ការចោទប្រកាន់​របស់លោក​ ពូ​ទីន ​អំពី​ការ​ក្បត់​របស់លោក​ខាងលិច​នៅ​អឺរ៉ុប​។​

​ឥឡូវនេះ ការបង្ហាញ​សាមគ្គីភាព​របស់លោក​ ស៊ី ដោយ​ប្រហែលជា​មិនដឹង​ខ្លួន ហាក់ដូចជា​បាន​ជំរុញ​ឱ្យ​លោក ពូ​ទីន ​មាន​ភាពក្លាហាន​ក្នុងការ​ប្រថុយធ្វើ​សង្គ្រាម ដើម្បី​បង្ក្រាប​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ការ​ត្រឡប់​ទៅ​មើល​ដាន​ចាស់​នៃ​ការសម្រេចចិត្ត​របស់​ក្រុង​ប៉េ​​កាំ​ង ​អំពី​របៀប​ដែល​ការវិនិយោគ​យ៉ាង​ស៊ីជម្រៅ​នៅក្នុង​ចំណងទាក់ទង​ផ្ទាល់ខ្លួន​ជាមួយ​លោក ពូ​ទីន ដោយ​លោក​ ស៊ី បានដាក់​កម្រិត​លើ​ជម្រើស​របស់​ប្រទេស​ចិន និង​បង្ខំ​ឱ្យ​ពួកគេ​ប្រកាន់យក​គោលនយោបាយ​ពត់​ខ្លួន​។​

​មុន និង​ភ្លាមៗ​បន្ទាប់ពី​ការ​​ឈ្លានពាន​ចាប់ផ្ដើម ប្រទេស​ចិន ​បង្ហាញ​ការគាំទ្រ​ចំពោះ​ការទាមទារ​សន្តិសុខរ​បស់​រុស្ស៊ី ចំអក​ការ​​លើកឡើង​របស់លោក​ខាងលិច​ថា ការឈ្លានពាន​នឹង​កើតឡើង ហើយ​ចោទប្រកាន់​សហរដ្ឋ​អា​មេ​​រិ​កថា ​កំពុង​បង្ក​ភាព​តានតឹង​ជាមួយ​រុស្ស៊ី​។ ប៉ុន្តែ​ ២ សប្ដាហ៍​ក្រោយមក ប្រទេស​ចិន​ បាន​ព្យាយាម​ងាក​ចេញពី​ប្រទេស​រុស្ស៊ី​ បន្តិច​។ ប្រ​​ទេស​ចិន ​បាន​បន្ទន់​សំឡេង​របស់ខ្លួន​បន្តិច ហើយ​បានបង្ហាញ​ទុក្ខ​សោក​ចំពោះ​ជន​ស៊ីវិល​ដែល​បាត់​​បង់ជីវិត​។ ពួកគេ​ក៏បាន​បង្ហាញ​ជំហរ ជា​ភាគី​មិន​លម្អៀង​ផងដែរ ដោយ​អំពាវនាវ​ឱ្យមាន​ការចរចា​សន្តិភាព និង​ការបញ្ឈប់​សង្គ្រាម​ឱ្យបាន​ឆាប់​បំផុត​។​

​បើទោះជា​យ៉ាងនេះ​ក៏ដោយ ការឈ្លានពាន​នេះ​ គឺ​នៅតែ​បន្ត​បញ្ហា​ឈឺក្បាល​សម្រាប់​ប្រទេសចិន និង​លោក​ ស៊ី​។​

​របាយការណ៍​ចារកម្ម​លោក​ខាងលិចបាន​សន្និដ្ឋានថា មន្ត្រី​ចិន​មួយចំនួន​បានដឹង​អំពី​ផែនការ​ឈ្លានពាន​របស់​រុស្ស៊ី ហើយ​បាន​ជំរុញ​ឱ្យ​ពន្យារ​ការឈ្លានពាន​រហូត​ដល់ពេល​ក្រោយ​ពិធី​បញ្ចប់​កីឡា​អូឡាំពិក​ក្រុង​ប៉េកាំង ប៉ុន្តែ​របាយ​ការណ៍​នេះ​មិនបាន​សន្និដ្ឋានថា​ លោក ពូ​ទីន និង​លោក​ ស៊ី​ បាន​ពិ​ភា​​ក្សា​លើ​រឿងនេះ​ទេ​។ រដ្ឋាភិបាល​ចិន​បាន​ច្រានចោល​របាយការណ៍​នេះ​ថា ​ជា «​ព័ត៌មាន​ប្រឌិត​»​។​

​យ៉ាងណាមិញ ជាក់ស្ដែង​ការឈ្លានពាន​របស់​រុស្ស៊ី​បានធ្វើឱ្យ​មនុស្ស​ជាច្រើន​នៅ​ក្រុង​ប៉េកាំង ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ ហើយ​មន្ត្រី​ជាច្រើន​ប្រញាប់ប្រញាល់​ធ្វើការ​ឆ្លើយតប និង​ជម្លៀស​ប្រជាជន​របស់ខ្លួន​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន​។ បើទោះបី​ក្នុងករណី​ចិន​ដឹង​អំពី​ផែនការ​របស់​លោក ពូ​ទីន ​ក៏ដោយ អ្នកជំនាញ​បាន​និយាយថា មន្ត្រី​ចិន​អាច​សន្មត ដោយ​យល់ច្រឡំ​ថា រុស្ស៊ី​គឺ​គ្រាន់តែ​ធ្វើ​ប្រតិបត្តិការ​មាន​កម្រិត​នៅត្រឹម​តំបន់​ជិត​ព្រំ​ដែន​រុស្ស៊ី និង​តំបន់​ផ្ដាច់ខ្លួន ដោយ​មិន​រំពឹងថា រុស្ស៊ី​នឹងធ្វើ​ការ​ឈ្លា​ន​ពាន​ពេញ​ខ្នាត​។ បញ្ហា​សម្រាប់​ចិន អាច​ហួស​ពី​អ៊ុយ​ក្រែ​ន នឹង​អាច​សូម្បីតែ​ទ្វីបអឺរ៉ុប​។​

​ក្នុងជំនួប​របស់​ពួកគេ​លោក ​ស៊ី និង​លោក ពូ​ទីន បាន​ប្ដេជ្ញា​បង្កើត​ពិភពលោក​ដែល​ពួកគេ​និយាយថា​ កាន់តែ​មាន​យុត្តិធម៌ និង​ប្រឆាំង​សកម្មភាព​ឯកតោភាគី​និយម​ដែល​អាមេរិក​កំពុង​ធ្វើ​។ ប៉ុន្តែ​បន្ទាប់ពី​ជំនួប​នេះ រុស្ស៊ី​បានធ្វើការ​ប្រតិ​​ប​ត្តិ​ការ​ឯកតោភាគី​និយម​ទៅ​ចូលក្នុង​ប្រទេស​ឯករាជ្យ​មួយ​ដែលជា​ប្រភេទ​សកម្មភាព​ប្រទេស​ចិន​ ថ្កោលទោស​ក្នុងករណី​អតីតកាល​។​

​លោក​ ស៊ី ក៏បាន​គាំទ្រ​ការទាមទារ​របស់​រុស្ស៊ី​ឱ្យ​បញ្ឈប់​ការពង្រីក​របស់​អង្គការ​ណា​តូ​។ ក្នុងការ​ធ្វើបែបនេះ​ប្រទេស​ចិន ​បាន​យក​ភាព​តានតឹង​របស់​រុស្ស៊ី​ជាមួយ​អឺរ៉ុប​មក​ដា​ក់លើ​ខ្លួនឯង​។​

​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បានធ្វើ​ឱ្យមាន​ស្នាម​ប្រឡាក់​លើ​រូបភាព​របស់លោក ​ស៊ី ខណៈពេលដែល​ចៀសវាង​បញ្ហា​ធំដុំ​នៅ​ឆ្នាំនេះ​ក្នុង​ដំណើរ​របស់លោក​ទៅរក​ការ​កាន់អំណាច​ក្នុង​អាណត្តិ​ទី​៣​។​

​សង្គ្រាម​របស់​លោក ពូ​ទីន ​បាន​អូស​ចិន​ទៅកាន់​កន្លែង​ដែល​ខ្លួន​មិន​ចង់ទៅ​។ អស់​ជាច្រើន​ទសវត្សរ៍​មកហើយ​ដែល​ចិន​បាន​ស្វែងរក​ការកសាង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ខណៈពេលដែល​រក្សា​ភាព​ជិត​​ស្និទ្ធ​ជាមួយ​អ៊ុយ​ក្រែ​ន​ផងដែរ​។​

​ក្នុង​ឆ្នាំ ​១៩៩២ ប្រទេស​ចិន ​គឺ​ក្នុងចំណោម​ប្រទេស​ដំបូង​គេ ​ដែល​បង្កើត​ទំនាក់ទំនង​ជាមួយអ៊ុយ​ក្រែ​ន ដែល​ទើបតែ​ប្រកាសឯករាជ្យ ​បន្ទាប់ពី​ការដួលរលំ​នៃ​សហភាពសូវៀត​។ ចិន​ក៏បាន​ងាក​ទៅរក​អ៊ុយ​ក្រែ​ន ជា​អ្នក​ផ្គត់ផ្គង់​ដ៏​សំខាន់​នៃ​ពោត និង​ប្រេង​ផ្កាឈូករ័ត្ន ក៏ដូចជា​បច្ចេក​​វិទ្យា​អាវុធ​។ ខណៈពេលដែល​អ៊ុយ​ក្រែ​ន​បង្ហាញ​បំណង​ចង់​ចូល​ជា​សមាជិក​អង្គការ​ណា​តូ ប្រទេស​ចិន​ មិនបាន​បង្ហាញ​ការប្រឆាំង​រហូតដល់​ពេល​ជំនួប​ជាមួយ​លោក ពូ​ទីន​៕