នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​​ Boris Johnson បាន​ច្រាន​ចោល​ការ​អំពាវ​នាវ​កាល​ពី​ថ្ងៃ​ចន្ទ សម្រាប់​ចក្រភព​អង់គ្លេសដើម្បី​បន្ធូរបន្ថយ​តម្រូវ​ការ​ទិដ្ឋាការ​សម្រាប់​ជន​ភៀស​ខ្លួន​អ៊ុយក្រែន​ ដោយ​និយាយ​ថា ចក្រភព​អង់គ្លេស​ គឺ​ជា​ប្រទេស​ដ៏​សប្បុរស​មួយ ប៉ុន្តែ​ចាំ​បាច់​ត្រូវ​រក្សា​ការ​ត្រួត​ពិនិត្យ​ថា​ តើ​អ្នក​ណា​នឹង​មក​ដល់​។​

អង្គការ​សហប្រជាជាតិ​ បាន​ប៉ាន់ស្មាន​ថា ​មនុស្ស​ជាង​ ១,៥ លាន​នាក់​ បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​អ៊ុយក្រែន ​ចាប់​តាំង​ពី​ប្រទេស​រុស្ស៊ី​ បាន​ចាប់​ផ្ដើម​ទម្លាក់​គ្រាប់​បែក​លើ​ប្រទេស​ជិត​ខាង​របស់​ខ្លួនដោយ​មនុស្ស​រាប់​សែន​នាក់ ​បាន​ហូរ​ចូល​ទៅ​ក្នុង​ប្រទេស​ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី និង​កន្លែង​ផ្សេង​ទៀត​។

រដ្ឋាភិបាល​អង់គ្លេស បាន​រង​ការ​ថ្កោល​ទោស​ដោយ​អង្គការ​សប្បុរសធម៌សមាជិក​បក្ស​ប្រឆាំង​និង​ប្រទេស​បារាំង ​បន្ទាប់​ពី​មាន​ការ​ទទូច​ថា ​ជនភៀសខ្លួន​ដំបូង​ត្រូវ​ទទួល​ទិដ្ឋាការ​ជាមុន​សិនធ្វើ​ឱ្យ​ជនជាតិ​អ៊ុយក្រែន​មួយ​ចំនួនជាប់​គាំង​នៅ​ក្នុង​ទីក្រុង​ Calais របស់​បារាំងដោយ​មិន​អាច​ឆ្លង​ចូល​អង់គ្លេស​បាន។

ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​រិះគន់​ លោក Johnson បាន​និយាយ​ថា៖ «យើង​ជា​ប្រទេសដែល​មា​ន​ចិត្ត​ទូលាយ​ណាស់​។អ្វី​ដែល​យើង​ចង់​បាន ​គឺ​ការ​គ្រប់គ្រងហើយ​យើង​ចង់​ត្រួតពិ​និត្យ»​។

សហភាព​អឺរ៉ុបបាន​យល់​ព្រម​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ដល់​​ជនជាតិ​អ៊ុយក្រែនដែល​ភៀស​ខ្លួន​ពី​ការ​ឈ្លានពាន​រុស្ស៊ី​ ហើយ​ផ្ដល់​ឱ្យ​ពួកគេ​នូវ​លទ្ធភាព​ទទួល​បាន​ការងារ​ធ្វើសុខុមាលភាព​សង្គម និង​លំនៅឋាន​រហូត​ដល់​ ៣ ឆ្នាំ​៕