អ៊ីរ៉ង់​និយាយ​ថា ខ្លួន​នឹង​មិន​អនុញ្ញាត​ឱ្យ​មហាអំណាច​បរទេស​បង្ខំ​ឱ្យ​ខ្លួន​ធ្វើ​តាម​នោះ​ទេ​ ខណៈ​ពួកគេ​កំពុង​រង​ចាំ​ការ​បំភ្លឺ​ពី​ក្រុង​ម៉ូស្គូ​ បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ធ្វើ​ការ​ទាមទារ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ទណ្ឌកម្ម​លើ​ការ​ឈ្លានពាន​អ៊ុយក្រែន​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ការ​រំពឹង​ទុក​អំពី​ការ​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​ ២០១៥​។

រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក​ ហូសេន អាមីរ៉ាប់ដូឡាហាន​ បាន​និយាយ​ប្រាប់​សមាជិក​សភា​អ៊ីរ៉ង់​ថា​៖ «ខណៈ​ពេល​ដែល​ឈរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​រក្សា​បន្ទាត់​ក្រហម​របស់​យើង យើង​នឹង​មិន​អនុញ្ញាត​ឱ្យ​កត្តា​បរទេស​ណា​មួយ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​របស់​យើង​ឡើយ​»​។

ការ​លើកឡើង​របស់​លោក​ អាមីរ៉ាប់ដូឡាហាន ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក​ សឺហ្គេ ឡាវរ៉ូវ​ ធ្វើ​ការ​ទាមទារ​ឱ្យ​អាមេរិក​ធ្វើ​ការ​ធានា​ជា​លាយលក្ខណ៍​អក្សរ​ថា ​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ជុំវិញ​ការ​ឈ្លានពាន​អ៊ុយក្រែន​ គឺ​នឹង​មិន​ប៉ះពាល់​ពាណិជ្ជកម្ម​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុង​ម៉ូស្គូ និង​ក្រុង​តេអេ​រ៉ង់​ មុន​នឹង​រុស្ស៊ី​អាច​គាំទ្រ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​បាន​។

បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​អ៊ីរ៉ង់ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ក្រុង​តេអេរ៉ង់​លោក​ លេវ៉ាន់ ចាហ្គារីយ៉ាន​ បាន​និយាយ​ថា​មាន​ «ការ​យល់​ច្រឡំ​» អំពី​ការ​លើកឡើង​របស់​លោក ​ឡាវរ៉ូវ​ ប៉ុន្តែ​លោក​មិន​បាន​ធ្វើ​ការ​បំភ្លឺ​បន្ថែម​ទៀត​ទេ​។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​ អាន់តូនី ប្លីនខែន​ បាន​និយាយ​ថា ​ការ​ទាមទារ​របស់​លោក ​ឡាវរ៉ូវ​ គឺ​មិន​មាន​ «ពាក់ព័ន្ធ​» នឹង​ការ​ចរចា​ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​ នុយក្លេអ៊ែរ​អ៊ីរ៉ង់​​ទេ​។

កាល​ពី​ថ្ងៃ​ចន្ទ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក​ សាអ៊ីដ កាទីបហ្សាដា​ និយាយ​ថា​ ក្រុង​តេអេរ៉ង់​គឺ​កំពុង​រង់​​ចាំ​ការ​បំភ្លឺ​ព័ត៌មាន​លម្អិត​ពី​ក្រុង​ម៉ូស្គូ​ តាម​រយៈ​ច្រក​ទំនាក់ទំនង​ការទូត​ផ្លូវ​ការ​ ហើយ​កំពុង​ព្យាយាមចៀស​​វាង​ពិភាក្សា​បញ្ហា​មិន​ពាក់ព័ន្ធ​នឹង​ការ​ចរចា​នុយក្លេអ៊ែរ​៕