នាយករដ្ឋមន្ត្រី​ហុង​គ្រី ​លោក Viktor Orban ​តែង​បង្ហាញឱ្យឃើញ​នូវ​ជំហរ​ច្បាស់​បំផុត​ក្នុងការ​គាំទ្រ​ប្រទេស​រុស្ស៊ី ប៉ុន្តែ​ក្រោយ​មាន​សង្គ្រាម​លុកលុយនៅ​អ៊ុយ​ក្រែ​ន ហុង​គ្រី​ត្រូវ​ផ្លាស់ប្ដូរ​ជំហរ​របស់ខ្លួន​ដោយ​ងាក​មក​គាំទ្រ​អ៊ុយ​ក្រែ​ន​វិញ​។​

​ក្នុងអំឡុងពេល​ ១​ ទសវត្សរ៍ នៃ​ការ​កាន់អំណាច​លោក Orban បាន​លើកកម្ពស់​ការបើកចំហ​ភាគ​ខាងកើត​នៃ​ទំនាក់​ទំនង​ពាណិជ្ជកម្ម និង​ន​យោ​បាយ​ជិតស្និទ្ធ​ជាមួយ​ប្រទេស​រុស្ស៊ី និង​ធ្វើការ​រារាំង​មហិច្ឆតា​ចូល​ជា​សមាជិក​ណា​តូ និង​សហភាព​អឺរ៉ុប​របស់​អ៊ុយ​ក្រែ​ន ដោយសារតែ​ជម្លោះ​ជាមួយ​ទីក្រុង​កៀវ​ទាក់ទិន​នឹង​បញ្ហា​សិទ្ធិ​ជនជាតិ​ហុង​គ្រី​នៅក្នុង​ប្រទេស​នេះ​។​

​ប៉ុន្តែ​ចាប់តាំងពី​ទីក្រុង​មូ​៉​ស្គូ បាន​បើក​ការវាយលុក​លើ​អ៊ុយ​ក្រែ​ន​នៅ​ចុងខែ​កុម្ភៈ លោក Orban ​បាន​ថ្កោលទោស​រុស្ស៊ី​ និង​បង្ហាញ​ពី​សាមគ្គីភាព​ខ្លះ​ជាមួយ​ទីក្រុង​កៀវ​ ដែលជា​ការ​​ទទួលស្គាល់​យ៉ាងច្បាស់​លាស់ថា ជម្លោះ​បាន​ផ្លាស់ប្ដូរ​ជំហរ​ខ្លួន ​១៨០ ​ដឺ​ក្រេ និង​អាច​បណ្ដាលឱ្យមាន​ការបាត់បង់​ប្រជាប្រិយ​​ភាព​ចំពោះ​ការបោះឆ្នោត​នៅក្នុង​ពេលខាងមុខ​។​

​លោក Robert Laszlo អ្នក​ជំនាញការ​បោះឆ្នោត​នៅ​អង្គ​ការ Political Capital ក្នុង​ទី​​ក្រុង​ប៊ុ​យ​ដា​ប៉ែស បាន​និយាយថា​៖ «​គណបក្ស​ Fidesz​ មិនបាន​គិតគូរ​ពី​ស្ថានភាព​លំបាក​បែបនេះ​ ដែល​កើតឡើង​នៅក្នុង​យុទ្ធនាការ​នោះទេ​។ ពួកគេបង្ហាញ​អំពី​ជំហរ​មិន​ច្បាស់​​លាស់​របស់ខ្លួន​ដែល​ពិតជា​មាន គ្រោះថ្នាក់​សម្រាប់​ពួកគេ​»​។​

​ការស្ទង់មតិ​ចុងក្រោយ​មុន​ការបោះឆ្នោត​ថ្ងៃទី ​៣ ខែមេសា បង្ហាញថា លោក​ Orban ​និង​គណបក្ស ​Fidesz ​នាំមុខ​សំឡេងគណបក្សប្រឆាំង​ដោយ​ប្រកៀក​ប្រកិត​ជាមួយនឹង​បេក្ខជន​តែមួយគត់​ គឺ​លោក Peter Marki-Zay​ សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​។ ​អ្នក​ស្ទង់​មតិ​មួយចំនួន កំពុង​រាយការណ៍​អំពី​ការធ្លាក់ចុះ​នៃ​ការគាំទ្រ​របស់​គណបក្ស ​Fidesz ​ហើយ​អ្នក​ផ្សេងទៀត​មានការ​កើន​​ឡើង​ដោយមាន​អ្នកបោះឆ្នោត​ប្រហែល​ ១ ​ភាគ ​៤ ​មិនទាន់​សម្រេចចិត្ត​។​

​យោងតាម​ការសិក្សា​ឆ្នាំ ​២០១៩ ចេញផ្សាយ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ Tarki ​ការ​​បង្ហាញ​ជំហរ​ច្បាស់ៗ​របស់​ហុង​គ្រី បានធ្វើឱ្យ​រុស្ស៊ី​មាន​ភាពកក់ក្ដៅ​យ៉ាងខ្លាំង​នៅក្រោម​ការដឹកនាំ​របស់​លោក​Orban ​ជាមួយនឹង​ការគាំទ្រ​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​ ចាប់តាំងពី​សម័យ​កុម្មុយនីស្ត​។​

​ប៉ុន្តែ​នៅក្នុង​ការស្ទង់មតិ​រប​ស់ Euronews​ ដែល​បានចេញ​ផ្សាយ​នៅ​សប្ដាហ៍​នេះ​ អ្នកឆ្លើយ​សំណួរ ៦០ ​ភាគរយបាន​និយាយថា ប្រទេស​នេះ​បាន​បង្កើន​ភាពជិតស្និទ្ធ​នឹង​រុស្ស៊ី​ពេក​។​

​គណបក្សប្រឆាំង កំពុង​ស្វែង​​រក​ការទាញយក​ប្រយោជន៍​ពី​ភាពកក់ក្ដៅ​ពីមុន​របស់លោក ​Orban ​ចំពោះ​ទីក្រុង​មូ​៉​ស្គូ ដោយនិយាយថា នាយករដ្ឋមន្ត្រី​រូប​​នេះ​បាន​ទុកឱ្យ​ប្រទេស​ហុង​គ្រី​បើកចំហ​សម្រាប់ «​ភ្នាក់ងារ​​ចារកម្ម​រុស្ស៊ី​»​។ លោក ​Marki-Zay បេក្ខជន​របស់​គណបក្ស​ប្រឆាំង​បាន​ហៅ​លោក​ Orban ថា «Putin''s poodle» ឬ​ឆ្កែ​របស់​ពូ​ទីន ហើយ​បាន​រិះគន់​គោល​ជំហរ​មិនសូវ​ច្បាស់លាស់​របស់លោក​ចំពោះ​សហភាព​អឺរ៉ុប​។​

​លោក​ Marki-Zay បាន​ប្រាប់​ហ្វូង​បាតុករ​នៅ​ខាងក្រៅ​ធនាគារ​រុស្ស៊ី​មួយ​ថា​៖ «​នាយក​រដ្ឋមន្ត្រី​ដំបូង​បាន​គាំទ្រ​អ្វី​គ្រប់យ៉ាង​ដែល​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បានធ្វើ បន្ទាប់មក មើលចុះ​! គាត់​បានប្រកាសថា លោក Putin ជា​អ្នក​លុកលុយ​។ យើង​ទាមទារ​ឱ្យ​គាត់​បញ្ឈប់​គោ​លន​យោ​បាយ​របស់គាត់​ដែល​មិន​នៅទីនេះ ឬ​នៅ​ទីនោះ​»​។​

​ឥឡូវនេះ​លោក​ Orban បាន​គាំទ្រ​ការផ្ដល់​សមាជិកភាព​ស​ហ​ភាព​អឺរ៉ុប​ឱ្យ​អ៊ុយ​ក្រែ​ន​ឱ្យបាន​ឆាប់ និង​ការដាក់ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំងនឹង​រុស្ស៊ី ប៉ុន្តែ​លោក​បាន​និយាយថា ទីក្រុង Budapest នឹង​ឈរលើ​កិច្ច​​ព្រមព្រៀង​ផ្គត់ផ្គង់​ឧស្ម័ន​តម្លៃថោក​របស់​រុស្ស៊ី​ «​ដរាបណា​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី​» ហើយ​នៅ​​តែ​ប្រឆាំងនឹង​ការចូលរួម​របស់​ហុង​គ្រី​ក្នុងការ​ផ្ដល់ជំនួយ​យោធា​ឱ្យ​អ៊ុយ​ក្រែ​ន​។​

​បើទោះបី​ជាការ​លុកលុយ​របស់​រុស្ស៊ី កំពុងដំណើរការ​ក៏ដោយ ក៏​លោក ​Orban ​បានការ​ពារ​កិច្ចព្រមព្រៀង​ហិរញ្ញវត្ថុ​លើ​គម្រោង​ថាមពល ​Paks 2 តម្លៃ ​១២,៥ ​ពាន់​លាន​អឺរ៉ូ​របស់​ប្រទេស​ហុង​គ្រី​ជាមួយនឹង​ក្រុមហ៊ុន​នុយក្លេអ៊ែរ​រដ្ឋ​រុស្ស៊ី​ Rosatom ​សម្រាប់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ថ្មី​មួយ​។ ​កាលពី​សប្ដាហ៍​មុន សភា​អឺរ៉ុប​បានអនុម័ត​សេចក្ដីសម្រេច​ដែល​ហាមឃាត់​កិច្ច​សហ​ប្រតិបត្តិការ​ណាមួយ​ជាមួយ​ក្រុមហ៊ុន​ Rosatom ​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​គ​ម្រោ​ង​ខាងលើ​៕