ឆន្ទៈ​របស់​រដ្ឋបាល​លោក ​ចូ បៃ​ដិ​ន ​ក្នុង​ការចរចា​ជាមួយ​ប្រទេសមួយ​​ចំនួន​ដូចជា​វ៉េ​ណេ​ស៊ុយ​អេ​ឡា អុី​រ៉ង់ និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ដើម្បី​បំពេញ​ចន្លោះប្រហោង​នៃ​ការផ្គត់ផ្គង់​ បន្ទាប់​ការហាមឃាត់​មិនឱ្យ​នាំចូល​ប្រេង​រុស្ស៊ី បានធ្វើឱ្យ​សមាជិកសភា​អាមេរិក​មួយចំនួន​ភ្ញាក់ផ្អើលដោយ​និយាយថា សេត​វិមាន​បាន​ផ្ដាច់ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​ផ្ដាច់ការ​មួយ ហើយ​ទៅធ្វើ​ចំណងទាក់ទង​ជាមួយ​មេ​ដឹក​នាំ​ផ្ដាច់ការ​ផ្សេងទៀត​។​

​មន្ត្រី​សេត​វិមានបាន​និយាយ​នៅ​មិនទាន់មាន​ការសម្រេចចិត្ត​អំពីការ​នាំចូល​ប្រេង​ពី​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ប៉ុន្តែ​ការ​ពិ​ភា​​ក្សា​បែបនេះ បានបង្ហាញ​អំពី​បញ្ហា​ដ៏​លំបាក​មួយ​ដែល​សេត​វិមាន​ប្រឈម​នឹង ខណៈពេលដែល​ពួកគេ​ចង់​រក្សា​តុល្យភាព​នៃ​ការដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការឡើង​ថ្លៃ​ថាមពល​ទាំង​នៅក្នុង​ស្រុក និង​ជុំវិញ​ពិភពលោក​។​

​សមាជិកសភា​តំណាង​មកពី​គណបក្ស​សាធារណរដ្ឋ​លោក​ ម៉ាក ហ្គ្រី​ន ​ដែលជា​សមាជិក​នៃ​អនុគណៈ​ក​ម្មា​ធិ​ការ​អឌ្ឍគោល​ខាងលិច​នៃ​គណៈកម្មាធិការ​ការបរទេស​របស់​សភា​តំណាង​បាន​និយាយថា​៖ «​សហរដ្ឋអាមេរិក​មិនគួរ​ផ្ដល់​មូល​និ​ធិ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ចំពោះ​ការ​លុកលុយ​របស់ វ្ល៉ា​ឌី​មៀរ ពូ​ទីន លើ​អ៊ុយ​ក្រែ​ន ដោយ​ការទិញ​ប្រេង និង​ឧស្ម័ន​របស់​ពួកគេ​។ ក្នុងពេល​ជាមួយគ្នានេះ វា​នឹង​ជា​រឿង​ហួសហេតុ​ក្នុងការ​ពិចារណា​ទិញ​ប្រេង​ពី​អ៊ី​រ៉ង់ ឬ​វេ​ណេ​ស៊ុយ​អេ​ឡា​។ វា​ជា​រឿង​ហួស​ហេតុដែល​រដ្ឋបាល​លោក​ បៃ​ដិ​ន ថែមទាំង កំពុង​ពិ​ចារ​ណា​លើ​ការស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អុី​រ៉ង់​»​។​

​មានការ​រាយការណ៍​នៅ​សប្ដាហ៍​នេះ​ថា មន្ត្រី​ការបរទេស​អាមេរិក​បាន​ធ្វើដំណើរ​ទៅ​រដ្ឋធានី​កា​រ៉ា​កាស ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា ​ដើម្បី​ចរចា​ការបំពេញ​ចន្លោះប្រហោង​ក្នុងការ​​ផ្គត់ផ្គង់​ប្រេង​។ ការរាយការណ៍​បែបនេះ​ធ្វើឱ្យមាន​ប្រតិកម្ម​យ៉ាងខ្លាំង​​ពី​សមាជិកសភា​មួយចំនួនធំ​។ សេត​វិមានបាន​និយាយថា មាន​បញ្ហា​​ជាច្រើន​ផ្សេងទៀត​ពី​ប្រេង ដែល​ត្រូវ​ចរចា​ជាមួយ​ក្រុង​កា​រ៉ា​កាស ដែល​រួមមាន​ការចរចា​ឱ្យ​ដោះលែង​ពលរដ្ឋ​អាមេរិក​ជាប់ពន្ធនាគារ​នៅ​​ទីនោះ​៕ ​