ខណៈពេលដែល​អ្នកចរចា​ទាំង​​អស់​ស្ទើរតែ​បង្ហើយ​ការងារ​រួចរាល់​អស់ ​ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នុយ​​ក្លេ​អ៊ែរ ការ​លុកលុយ​របស់​រុស្ស៊ី​ទៅលើ​អ៊ុយ​ក្រែ​ន​បានធ្វើឱ្យ​កិច្ច​ព្រមព្រៀង​ត្រូវការ​ជាបន្ទាន់ ប៉ុន្តែ​ក៏​ធ្វើឱ្យ​លំបាក​ក្នុងការ​សម្រេច​ផងដែរ​។​

​លោកខាងលិច​បាន​និយាយថា ពួកគេ​បាន​ចង់​កាត់បន្ថយ​ការរំពឹង​លើ​ការ​នាំចូល​ប្រេង​ពី​រុស្ស៊ី​ដែល​នៅតែ​បន្ត​បង្កើត​ចំណូល​សម្រាប់​ប្រទេស​នេះ ​បើទោះបីជា​មានការ​​រឹតបន្តឹង​យ៉ាងខ្លាំង​លើ​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​ដោយ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​។​

​ប៉ុន្តែ​ដើម្បី​កាត់ផ្ដាច់​ការនាំ​ចូល​ប្រេង​ពី​រុស្ស៊ី លោកខាងលិច​ត្រូវ​ស្វែងរក​ប្រភព​ផ្គត់ផ្គង់​ថ្មី ដែល​អាច​មានន័យថា ការដក​ទណ្ឌកម្ម​លើ​ប្រេង​អុី​រ៉ង់​ជា​ផ្នែក​មួយ​នៃ​ការស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​។ រុស្ស៊ី​បាន​បង្ក​ភាពស្មុគស្មាញ​ក្នុងការ​​ស្ដារ​កិច្ចព្រមព្រៀង ហើយ​ធ្វើឱ្យ​អ្នកវិភាគ​ព្រួយបារម្ភ​ពី​ថា កិច្ច​ព្រម​ព្រៀង​នេះ​អាច​បរាជ័យ​។​

​មុន​សង្គ្រាម​នេះ មាន​បញ្ហា ៣ ​ឬ ​៤ ​រវាង​អុី​រ៉ង់ និង​សហរដ្ឋអាមេរិក ដែល​ត្រូវការ​ការលះបង់​នយោបាយ​ដោយ​ភាគី​ទាំងសងខាង​អំពី​ទណ្ឌ​កម្ម​ដែល​នឹង​នៅ​សេសសល់​។​

​កិច្ចព្រមព្រៀង​នេះ​នឹងដាក់​កម្រិត​យ៉ាងខ្លាំង​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អុី​រ៉ង់ ជា​ថ្នូរ​នៃ​ការដក​ទណ្ឌកម្ម​ដើម្បី​អនុញ្ញាត​អុី​រ៉ង់​ជួញ​ប្រេង​របស់​ពួកគេ​លើ​ទីផ្សារ​ពិភពលោក​ចំពេល​ដែល​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ​បង្ក​ការគំរាមកំហែង​ដល់​ការផ្គត់ផ្គង់​ថាមពល​នៅ​ជុំវិញ​ពិភពលោក​។ ប៉ុន្តែ​ដើម្បី​សម្រេច បាន​គោលដៅ​នេះ អុី​រ៉ង់បានទាមទារ​ឱ្យ​អាមេរិក​ដក​ការកំណត់​កងកម្លាំង​ឆ្មាំ​ប​ដិ​វត្ត​ន៍​អ៊ិ​ស្លាម​របស់​អុី​រ៉ង់​ថា ​ជា​«​អង្គការ​ភេរវកម្ម​បរទេស​»​។ ការដក​ការកំណត់​បែប​ទំនងជា​នឹង​បង្ក​ការ​រិះ​​គន់​យ៉ាងខ្លាំង​ពី​សភា​អាមេរិក​ហើយ​ក្រោយមក​នៅ​ថ្ងៃ​សៅរ៍​ សប្ដាហ៍​មុន​រុស្ស៊ី​បាន​បង្កឱ្យមាន​ភាព​ស្មុគ​​ស្មាញ​បន្ទាប់​រដ្ឋមន្ត្រីការបរទេស​ប្រទេស​នេះ​លោក ​ស៊ើ​ហ្គេ​យ៍ ឡាវ​រ៉ូ​វ បានធ្វើការ​ទាមទារ​ឱ្យ​សហរដ្ឋ​អា​​មេ​រិ​ក​ធ្វើការ​ធានាថា​ ការដាក់​ទណ្ឌ​កម្ម​របស់លោក​ខាងលិច​នឹងមិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពាណិជ្ជ​​កម្ម​រុស្ស៊ី និង​អុី​រ៉ង់​។​

​លោក ​ឡាវ​រ៉ូ​វ បានទាមទារ​ឱ្យមាន​ការធានា​ជា​លាយលក្ខណ៍អក្សរ​ថា​ «​ទណ្ឌកម្ម​ដែល​អាមេរិក​ដាក់ចេញ​នឹងមិន​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​របស់​យើង​ក្នុងការ​​ធ្វើ​ពាណិជ្ជកម្ម និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​វិនិយោគ​ពេញលេញ និង​កិច្ច​សហប្រតិបត្តិ​​ការ​បច្ចេកទេស​យោធា​ជាមួយ​អុី​រ៉ង់​ឡើយ​»​។​

​បន្ទាប់​លោក ​ឡាវ​រ៉ូ​វ បាន​សន្ទនា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អុី​រ៉ង់​លោក ​ហូ​សេន អា​មៀ​អាប់​ឌុល​ឡា​ហាន ក្រសួងការបរទេស​រុស្ស៊ីនិយាយថា ការស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ត្រូវតែ «​ធានាថា​អ្នក​ចូល​​រួមទាំង​អស់​មាន​សិទ្ធិ​ស្មើគ្នា​» ដើម្បី​អភិវឌ្ឍ «​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​» ជាមួយ​អុី​រ៉ង់​។​

​អ្នកវិភាគ​និយាយថា ការទាមទារ​របស់​រុស្ស៊ី គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើត​ចន្លោះប្រហោង​ ដើម្បី​អនុញ្ញាតឱ្យ​ខ្លួន​ចៀសវាង​ការដាក់ទណ្ឌកម្ម​របស់​លោកខាងលិច​។​

​អាមេរិក​បាន​ច្រាន​ចោលការ​ទាម​​ទារ​របស់​រុស្ស៊ី​ភ្លាមៗ​។ រដ្ឋមន្ត្រី​ការ​​បរទេស​អាមេរិក​លោក​ អាន​តូ​នី ប្ល៊ី​ន​កែន​ និយាយថា ការដាក់​ទណ្ឌ​​កម្ម​លើ​រុស្ស៊ី​ជុំវិញ​ការឈ្លានពាន​ប្រទេស​អ៊ុយ​ក្រែ​ន ​គឺ «​មិនមាន​អ្វី​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​នុយ​​ក្លេ​អ៊ែរ​អុី​រ៉ង់​ទេ​»​។​

​យ៉ាងណាមិញ ប្រសិនបើ​ភាគី​ទាំងអស់​បានទទួល​ជោគជ័យ​ក្នុងការ​ស្ដារ​កិច្ចព្រមព្រៀង​អុី​រ៉ង់ ហើយ​ប្រេង​អុី​រ៉ង់​វិល​ត្រឡប់មក​ទីផ្សារ​ពិភពលោក​វិញ នោះ​វា​នឹង​ជាស​ញ្ញា​ដ៏​សំខាន់​សម្រាប់​ក្រុង​ម៉ូស្គូ​ថា ការពឹងផ្អែក​របស់​ពិភព​​លោក​លើ​ថាមពល​រុស្ស៊ី អាច​នឹង​ថយចុះ​។​

​អុី​រ៉ង់​មាន​សមត្ថភាព​អាច​ផលិត​ប្រេង​ចំនួន​ ២ លាន​បារ៉ែល​ ក្នុង ​១ ​ថ្ងៃ ហើយ​ប្រសិនបើ​ប្រេង​ទាំងនេះ​ធ្វើដំណើរ​ចូល​ទីផ្សារ​អន្តរជាតិ​នោះ​ការ​ឡើងថ្លៃ​ប្រេង​អាច​ថយចុះ​វិញ​។

​ប៉ុន្តែ​អ្នកវិភាគ​និយាយថា ​ការ​អនុ​​វត្ត​នឹង​ត្រូវការ​ចំណាយពេល​យូរ អាច​ឈានដល់​ខែមិថុនា​ឯណោះ​។ ដំបូង​អាមេរិក​ត្រូវ​ដក​ទណ្ឌកម្ម ហើយ​អុី​រ៉ង់​ត្រូវ​នាំចេញ​ស្តុក​អ៊ុយ​រ៉ានី​ញ៉ូ​ម​របស់​ពួកគេ ​និង​បិទ​ដំណើរការ​ម៉ាស៊ីន​បន្សុទ្ធ​ដែល​ត្រូវបាន​ហាម​​ឃាត់​ដោយ​កិច្ចព្រមព្រៀង​។​

​យ៉ាងណាមិញ​កាលពី​សប្ដាហ៍​មុន​ អ្នកចរចា​បាន​ជឿជាក់ថា ពួកគេ​បាន​ឈានដល់​ការ​ព្រមព្រៀងគ្នា ដោយមាន​គម្រោង​ធ្វើ​ការចុះ​ហត្ថ​លេខា​នៅ​ថ្ងៃ​សៅរ៍ ឬ​អាទិត្យ​។​ ផែន​​ការ​នេះ ​ត្រូវបាន​ផ្អាក​ហើយ​ភាគី​ធំៗ​បាន​វិលត្រឡប់​ទៅ​រដ្ឋធានី​រៀងខ្លួន​ ដើម្បី​ធ្វើការ​ពិគ្រោះ​យោបល់​។​

​អ្នកវិភាគ​ជាច្រើន​និយាយថា ​ប្រសិនបើ​រុស្ស៊ី​ចង់បាន​ការកាត់បន្ថយ​កាតព្វកិច្ច​ក្នុង​កិច្ចព្រមព្រៀង នោះគេ​នៅមាន​ផ្លូវ​ទៅមុខ ប៉ុន្តែ​ប្រសិនបើ​រុស្ស៊ី​ចង់បាន​ការធានា​ការលើកលែង​ទណ្ឌកម្ម​លោកខាងលិច នោះ​កិច្ចព្រមព្រៀង​នេះ អាច​បរា​ជ័យ​យ៉ាង​រហ័ស​។​

អុី​រ៉ង់ដែល​បានបង្ហាញ​ឆន្ទៈ​ចង់​ស្ដារ​កិច្ចព្រមព្រៀង​ឱ្យបាន​ឆាប់​​បំផុត ដើម្បី​ជួយសង្គ្រោះ​សេដ្ឋកិច្ច​របស់ខ្លួន​ពី​ផលប៉ះពាល់​ទណ្ឌកម្ម​អាមេរិក​បាន​រិះគន់​ការទាមទារ​របស់​រុស្ស៊ី​។ លោក​រដ្ឋមន្ត្រី ​អា​មៀ​អាប់​-ឌុល​ឡា​ហាន បាន​និយាយ​កាល​​ពីថ្ងៃ​ចន្ទថា អុី​រ៉ង់ «​នឹងមិន​អនុញ្ញាត​កត្តា​ខាងក្រៅ​ណាមួយ​ជះឥទ្ធិពល​ដល់​ផលប្រយោជន៍​ជាតិ សម្រាប់​ការដក​ទណ្ឌកម្ម​នោះទេ​»​។​

​ការចរចា​រយៈពេល​ ១១ ​ខែ​ចុង​ក្រោយនេះ​ ភាគច្រើន គឺ​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​តេ​អេ​រ៉ង់ ហើយ​ការអនុម័ត​កិច្ចព្រមព្រៀង គឺ​មិនមាន​ទម្ងន់​ផ្លូវច្បាប់​ទេ ប៉ុន្តែ​ប្រទេស​ចិន ​និង​អុី​រ៉ង់​មិន​ទំនងជា​ទៅមុខ​ជាមួយ​កិច្ចព្រមព្រៀង​នេះ​ទេ​ ប្រសិនបើ​រុស្ស៊ី​មិន​ព្រម​។

​កិច្ចព្រមព្រៀង នេះ​ក៏​នឹង​តម្រូវឱ្យ​អុី​រ៉ង់​នាំចេញ​ស្តុក​អ៊ុយ​រ៉ានី​ញ៉ូ​ម​របស់ខ្លួន ដែល​លើសពី​ការកំណត់ ដោយ​រុស្ស៊ី​ត្រូវបាន​គេ​រំពឹងថា នឹង​ទិញ​ចំណែក​ភាគច្រើន​នៃ​ស្តុក​នេះ ខណៈពេលដែល​ភាគី​ដទៃទៀត​នៅ​មិនទាន់​បង្ហាញ​ជំហរ​ច្បាស់​ថា ពួកគេ​នឹង​ទិញ​ដែរឬទេ​។ ចក្រភព​អង់គ្លេស និង​បារាំង ក៏​ជា​អំណាច​នុយក្លេអ៊ែរ​ផងដែរ ហើយ​អាច​នាំចូល​ស្តុក​អ៊ុយ​រ៉ានី​​ញ៉ូ​មរ​បស់​អុី​រ៉ង់ ដោយ​អ្វីដែល​សំខាន់​នោះ គឺ​ការដក​ស្តុក​ទាំងនេះ​ចេញពី​ទឹកដី​អុី​រ៉ង់​។​

​ប្រសិនបើ​កិច្ចព្រមព្រៀង​នេះ​បានសម្រេច នោះគេ​នឹង​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​សមាជិក​គណៈកម្មការ​ចម្រុះ​នៃ​កិច្ច​ព្រម​​ព្រៀង​នេះ ដែល​រួមមាន​អុី​រ៉ង់ ចិន រុស្ស៊ី អង់គ្លេស បារាំង អាល្លឺម៉ង់ និង​សហភាព​អឺរ៉ុប​។ នៅពេលនោះ​អាមេរិក​នឹង​ផ្ញើលិខិត​ជូន​គណៈកម្មការ​ដើម្បី​បង្ហាញ​ពី​ការ​​ព្រមព្រៀង​របស់ខ្លួន​ ដើម្បី​ចូលរួម​កិច្ចព្រមព្រៀង​នេះ​វិញ​។ រដ្ឋមន្ត្រី​អុី​រ៉ង់ អាមេរិក និង​សហភាព​អឺរ៉ុប​ នឹងចូលរួម​កម្មវិធី​នេះ​ដោយផ្ទាល់ ខណៈ​សមាជិក​ដទៃទៀត​នឹង​ចូល​​រួម​ពី​ចម្ងាយ ប៉ុន្តែ​គេ​មិនទាន់​ដឹងថា លោក ​ឡាវ​រ៉ូ​វ ​នឹងចូលរួម​កម្មវិធី​នេះដែរ ឬទេ​៕