អឺរ៉ុបកំពុង​រៀប​ចំ​ផែន​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ឧស្ម័ន​ធម្មជាតិ​របស់​រុស្ស៊ី​នៅ​ឆ្នាំនេះ ខណៈ​ដែល​ខ្លួន​រៀប​ចំ​សម្រាប់​ផ្អាក​ការ​នាំចូល​ពី​អ្នក​ផ្គត់ផ្គង់​ថាមពល​ដ៏​ធំ​បំផុត​របស់​ខ្លួន​ជុំវិញ​សង្គ្រាម​នៅ​អ៊ុយក្រែន​។​

មន្ត្រី​សហភាព​អឺរ៉ុបកាលពី​ថ្ងៃ​អង្គារ បាន​គូស​បញ្ជាក់​អំពី​ផែនការដើម្បី​សម្រេច​បាន​ឯករាជ​ភាព​ថាមពល​ពី​ទីក្រុង​ម៉ូ​ស្គូ​យ៉ាង​ល្អ​មុនឆ្នាំ​ ២០៣០​។ សហភាព​អឺរ៉ុប នឹង​ចាប់​ផ្ដើមដោយ​កាត់​បន្ថយ​តម្រូវ​ការ​ឧស្ម័ន​ធម្មជាតិ​របស់​រុស្ស៊ី​ចំ​នួន ២ ភាគ​ ៣​ ឬ​ជាង​ ៦៦ ភាគ​រយ​នៅ​ឆ្នាំនេះ។​ ផែនការ​​​ទាំង​​​នោះ​ នឹង​​ត្រូវ​លើក​យក​មក​​​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​បន្ទាន់​​មួយ​របស់​មេដឹកនាំ​សហភាព​​អឺរ៉ុប​នៅ​ប្រទេស​​​បារាំង​​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​។

ប្រធាន​គណៈកម្មការ​អឺរ៉ុប​អ្នកស្រី​ Ursula von der Leyen បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖​ «យើង​ត្រូវ​តែ​ក្លាយ​ជា​ឯករាជ្យ​ពី​ប្រេងធ្យូងថ្ម និង​ឧស្ម័ន​របស់​រុស្ស៊ី​។យើង​មិន​អាច​ពឹង​ផ្អែក​លើ​អ្នក​ផ្គត់​ផ្គង់ដែល​គំរាម​កំហែង​យើង​ដូច​នេះ​ទេ»​។

សហភាព​អឺរ៉ុប​ពឹង​ផ្អែក​លើ​ប្រទេស​រុស្ស៊ី​សម្រាប់​ការ​នាំចូល​ ៤០ ភាគ​រយ​នៃ​ឧស្ម័ន​ធម្មជាតិ​ដែល​ខ្លួន​ប្រើ ប្រាស់​។ប្រទេស​រុស្ស៊ី​ ក៏​បាន​ផ្គត់​ផ្គង់​ប្រហែល ២៧ ភាគរយ​នៃ​ការ​នាំចូល​ប្រេង​របស់​ប្លុក​ ២៧​នេះ​ផង​ដែរ​។ សរុប​មកពាណិជ្ជកម្ម​នោះ​បាន​បង្កើត​ចំណូល​រាប់​សិប​ពាន់​លាន​ដុល្លារ​ក្នុង ​១ ឆ្នាំ​ដល់​រុស្ស៊ីដែល​ជួយ​ផ្ដល់​ហិរញ្ញប្បទាន​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​សង្គ្រាម​របស់​លោក​ប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន​៕