កាល​ពី​ថ្ងៃ​អង្គារ ទី ​៨ មី​នា ​ប្រធានាធិបតី​អាមេរិក​លោក ​ចូ បៃដិន ​បាន​បញ្ជា​ឱ្យ​ហាមឃាត់​ការ​នាំ​ចូល​ប្រេង​របស់​រុស្ស៊ី​ ជា​ការ​ឆ្លើយ​តប​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន​ ក្នុង​វិធានការ​ពាណិជ្ជកម្ម​មួយ​តាម​សំណើ​របស់​មេដឹកនាំ​អ៊ុយក្រែន​។

លោក​ បៃដិន​ បាន​ទទួល​ស្គាល់​ថា​វិធានការ​នេះ​ នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាជន​អាមេរិក​ ដោយ​ផល​វិបាក​ដំបូង​គឺ​ការ​ឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ​នៅ​តាម​ស្ថានីយ​ទូទាំង​ប្រទេស​។ លោក​បាន​ប្រកាស​ថា​៖ «ការ​ការពារ​សេរីភាព​ នឹង​ត្រូវ​មាន​ការ​ចំណាយ»​។

ការ​ហាមឃាត់​មិន​ឱ្យ​នាំ​ចូល​ប្រេង​រុស្ស៊ី គឺ​មិន​មាន​ក្នុង​កញ្ចប់​ទណ្ឌកម្ម​ដំបូង​ដែល​លោក​ខាង​លិច​បាន​អនុវត្ត​បន្ទាប់​ពី​រុស្ស៊ី​បើក​ការវាយប្រហារ​​។ ការ​នាំ​ចេញ​ថាមពល ​បាន​រក្សា​រំហូរ​ចំណូល​មួយ​ចំនួន​ធំ​ទៅ​កាន់​រុស្ស៊ី បើ​ទោះ​បី​ជា​មាន​ការ​កៀប​សង្កត់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ក៏​ដោយ​។

លោក​ បៃដិន​ បាន​និយាយ​ថា​សហរដ្ឋ​អាមេរិក​បាន​ចាត់​វិធានការ​បន្ទាប់​ពី​ពិគ្រោះ​យោបល់​ជា​មួយ​ប្រទេស​នៅ​អឺរ៉ុប ដែល​រំពឹង​យ៉ាង​ខ្លាំង​លើ​ការ​នាំ​ចូល​ថាមពល​ពី​រុស្ស៊ី​ ដែល​លោក​ទទួល​ស្គាល់​ថា​នឹង​មិន​អាច​ចូល​រួម​ក្នុង​ការ​ហាម​ឃាត់​នេះ​ភ្លាមៗ​បាន​ទេ​។

សហភាព​អឺរ៉ុប​បាន​ប្រកាស​នៅ​សប្ដាហ៍​នេះ​ថា​ ពួកគេ​នឹង​កាត់​បន្ថយ​ការ​រំពឹង​លើ​ឧស្ម័ន​ធម្មជាតិ​នាំ​ចូល​ពី​រុស្ស៊ី ប៉ុន្តែ​ការ​រក​ប្រភព​ផ្គត់ផ្គង់​ថ្មី​ដោយ​មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ពួកគេ​ ទំនង​នឹង​ចំណាយ​ពេល​យូរ​។ ចក្រភព​អង់គ្លេស ដែល​បាន​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ បាន​ប្ដេជ្ញា​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រេង និង​ផលិតផល​ប្រេង​របស់​រុស្ស៊ី​ជា​ដំណាក់​កាល ដោយ​មាន​គោល​បំណង​កាត់​ផ្ដាច់​ទាំង​ស្រុង​នៅ​ចុង​ឆ្នាំ​នេះ​។

នៅ​ឆ្នាំ​ ២០២១ សហរដ្ឋអាមេរិក​បាន​នាំចូល​ប្រេង​រុស្ស៊ី​ចំនួន​ ២៤៥ លាន​បារ៉ែល​ ដែល​បាន​កើន​ឡើង​ ២៤ ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២០​ ប៉ុន្តែ​អាមេរិក​មិន​បាន​នាំចូល​ឧស្ម័នធម្មជាតិ​ទេ​។ រីឯ​សហភាព​អឺរ៉ុប​វិញ​ពឹង​ផ្អែក​លើ​ការ​នាំ​ចូល​យ៉ាង​ខ្លាំង​ ដោយ​ ៩០ ភាគរយ​ឧស្ម័នធម្មជាតិ និង​ ៩៧ ភាគរយ​នៃ​ប្រេង​ ដែល​ពួកគេ​ប្រើប្រាស់​គឺ​នាំ​ចូល​ពី​បរទេស​។ រុស្ស៊ី​ផ្គត់ផ្គង់​ជាង​ ៤០ ភាគរយ​នៃ​តម្រូវ​ការ​ឧស្ម័ន​ធម្មជាតិ​របស់​អឺរ៉ុប និង​ជាង​ ២៥ ភាគរយ​នៃ​តម្រូវ​ការ​ប្រេង​៕