រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន​ បាន​ទៅ​ដល់​ប្រទេស​តួកគី​ សម្រាប់​ការ​ចរចា​ទល់​មុខ​គ្នា​នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ នៅ​ក្នុង​ទំនាក់ទំនង​កម្រិត​ខ្ពស់​លើក​ដំបូង​រវាង​ភាគី​ទាំង​ ២ ​ចាប់​តាំង​ពី​ទី​ក្រុង​ម៉ូ​ស្គូ​ បាន​លុកលុយ​អ្នក​ជិត​ខាង​របស់​ខ្លួន​។

មន្ត្រី​មក​ពី​ទីក្រុង​កៀវ​ និង​ទីក្រុង​ម៉ូ​ស្គូ បាន​ធ្វើ​ការ​ពិភាក្សា​ជាច្រើន​លើក​ក្នុង​ប្រទេស​បេឡារុស ប៉ុន្តែ​កិច្ច​ប្រជុំ​នៅ​ទី​ក្រុង Antalya ភាគ​ខាង​ត្បូង​ប្រទេស​តួកគី​ ចាត់​ទុក​ជា​​​លើក​ដំបូងដែល​រុស្ស៊ី​ បាន​បញ្ជូន​រដ្ឋមន្ត្រី​មក​ពិភាក្សា​អំពី​វិបត្តិ​នេះ​។​

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​ លោក Dmytro Kuleba បាន​ចុះចត​នៅ​ទីក្រុង ​Antalya សម្រាប់​កិច្ច​ពិភាក្សា​«ស្តី​ពី​រុស្ស៊ី​បញ្ឈប់​អរិភាពនិង​បញ្ចប់​សង្គ្រាម​ប្រឆាំង​នឹង​អ៊ុយក្រែន»។ មន្ត្រី​តួកគី​ម្នាក់បាន​ប្រាប់​សារព័ត៌មាន​ AFP ថា សមភាគី​រុស្ស៊ី​លោក​ Sergei Lavrov ក៏​បាន​មក​ដល់​សម្រាប់​កិច្ចពិភា​ក្សា​ផង​ដែរ​។

កិច្ច​ចរចា​ទល់មុខ​គ្នា​នេះធ្វើ​ឡើង​នៅ​ពេលដែល​ប្រធានាធិបតី​តួកគី​លោក​ Recep Tayyip Erdogan ជំរុញ​ឱ្យ​ទីក្រុង​អង់ការ៉ា​ដើរ​តួ​ជា​អ្នក​សម្រុះ​សម្រួល។ លោក Erdogan បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធថា៖ «យើង​កំពុង​ធ្វើ​កា​រដើម្បី​បញ្ឈប់​វិបត្តិ​នេះ​ទៅ​ជា​សោកនាដកម្ម​ដ៏​អាក្រក់​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ ជំនួប​រវាង​រដ្ឋមន្ត្រី​ទាំង ២ នឹង​បើក​​ផ្លូវ​ទៅ​រក​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍»៕