ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លុក​លុយ​របស់​រុស្ស៊ីដែល​កំពុង​បន្តអ៊ុយក្រែន​បាន​ហាម​ឃាត់​ការ​នាំ​ចេញ​អាហារ​ផ្សេងៗ​ពី​ប្រទេស​របស់​ខ្លួន ដែល​រួមមាន​ស្រូវសាលី​ដោយ​វិធានការ​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​មាន​ផល​ប៉ះ ពាល់​យ៉ាង​សំខាន់​លើ​ការ​ផ្គត់ផ្គង់​អាហារ​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​អាហ្វ្រិក និង​អាស៊ី។

ទីភ្នាក់ងារ​ព័ត៌មាន Reuters រាយការណ៍​ថា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ និង​គោលនយោបាយ​ស្បៀង​អាហារ​របស់​ប្រទេស​អ៊ុយក្រែនលោក Roman Leshchenko បាន​ពន្យល់​ថា ការ​សម្រេច​ចិត្ត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ក្នុង​ការ​រក្សា​អាហារ​ដល់​ជន​ស៊ីវិល​របស់​ខ្លួន​ក្នុង​អំឡុង​ពេល​សង្គ្រាម​។ នៅ​ពេល​ដែល​កង​កម្លាំង​រុស្ស៊ី​ផ្លាស់​ទី​បន្តិច​ម្តង​ៗ​នៅ​ទូទាំង​ប្រទេស ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ធម្មតា​កំពុង​ត្រូវ​បាន​កាត់​ផ្ដាច់​នៅ​តំបន់​ផ្សេង​ៗ​។

អ៊ុយក្រែន​​​ត្រូវ​បាន​គេ​ហៅ​ជា​ញឹក​ញាប់​​​ថា​ ជា​ធុង​ស្បៀង​របស់​​ពិភពលោកហើយ​ការ​បញ្ឈប់​ការ​នាំ​ចេញ​ស្រូវ​សាលីនិង​គ្រាប់​ធញ្ញជាតិ​​​របស់​ខ្លួន​អាច​គំរាម​កំហែង​​​ដល់​ការ​ផ្គត់ផ្គង់​ស្បៀង​នៅ​ទូទាំង​​អឺរ៉ុប និង​តំបន់​ផ្សេង​ទៀត។

ប្រទេស​​នេះ​​ក៏​បាន​ហាមប្រាម​ការ​នាំ​ចេញ​​អង្ករ​បបរស្ករ គោក្របី និង​សាច់​ផ្សេង​ទៀតរួម​ទាំង​អនុផល​សាច់​ពី​គោក្របី។​

កាល​ពី​ថ្ងៃសុក្រសប្តាហ៍​មុន​ អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោកលោក Ngozi Okonjo-Iweala បាន​ពន្យល់​ថា ​ស្ថានភាព​នេះ នឹង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​តម្លៃ​នំប៉័ង និង​ផលិតផល​ស្រូវសាលី​ផ្សេង​ទៀត​សម្រាប់​មនុស្ស​ធម្មតា​។ ក្រុមហ៊ុន​ផលិត​ស្រាបៀរ​តូច​ៗ​មួយ​ចំនួនក៏​អាច​ឃើញ​ការ​កើន​ឡើង​នៃ​តម្លៃ​ស្រូវ​សាលី និង​គ្រាប់​ធញ្ញជាតិ​មួយ​ចំនួន​ដែល​ប្រើ​ក្នុង​ស្រាបៀ​ផង​ដែរ​៕