​ចាប់ពី​តំបន់​កំពង់ផែ​សមុទ្រ​ខាងជើង​របស់​ប្រទេស​អាល្លឺម៉ង់​ ទៅដល់​តំបន់​ឆ្នេរសមុទ្រ​មេ​ឌី​​ទែ​រ៉ា​ណេ​របស់​បារាំង​រដូវ​កាល​ប្រមាញ់​នាវា​មហាសេដ្ឋី​ត្រូវបាន​គេ​ប្រកាស ​ខណៈពេលដែល​អា​​ជ្ញា​ធរ​នៅ​ទូទាំង​ទ្វីបអឺរ៉ុប កំពុង​តាមដាន​ស្វែងរក​និង​រឹបអូស​កប៉ាល់​ប្រណីតៗ​ដែល​ចងភ្ជាប់​ជាមួយ​សេដ្ឋី​រុស្ស៊ី​។​

​នៅ​ទីក្រុង Marina di Carrara ដែលជា​ទីក្រុង​តូច​មួយ​របស់​អ៊ី​តា​លី​នៅលើ​ឆ្នេរសមុទ្រ​ខេត្ត Tuscan មាន​នាវា​ទំនើប​បំផុត​ថ្មី​បំផុត និង​ថ្លៃ​បំផុត​របស់​ពិភពលោក​ឈ្មោះថា Scheherazade មាន​វត្ត​មាននៅ​និង​កំពុងស្ថិត​នៅក្រោម​ការ​​ត្រួតពិនិត្យ​ដោយ​ប៉ូលិស​អ៊ីតា​លី​។ ​នាវា​នេះ​ គ្របដណ្ដប់​លើ​មាត់ទឹក​ស្ទើរ​តែមាន​ទំហំ​ធំ​ស្មើនឹង​នាវាចម្បាំង​របស់​សហរ​ដ្ឋអាមេរិក​ទៅហើយ​។​

​គេហទំព័រ​ Super Yacht Fan បាន​ប៉ាន់ស្មាន​តម្លៃ​របស់​នាវា​ទំនើប​នេះ​ថា មានតម្លៃ​ប្រហែល ៧០០​ លាន​ដុល្លារ​អាមេរិក​មាន​កន្លែង​ដាក់​ឧ​ទ្ធ​ម្ភាគ​ចក្រ​ចំនួន ​២ និង​ត្រូវបាន​បំពាក់​ដោយ​អង់​តែ​ន​ផ្កាយរណប​។ បើតាម​រូបថត​ដែល​ចែកចាយ​ដោយ​អតីត​សមា​ជិ​ក​បុគ្គលិក​ម្នាក់ បានបង្ហាញ​ឱ្យឃើញ​នូវ​អាង​ហែល​ទឹក​ដែលមាន​គម្រប​បើក​បិទ​ និង​អាច​ប្រែខ្លួន​ទៅជា​កន្លែង​រាំ​ ឬ​ជប់លៀង​បាន​។​ បន្ទាប់មក មាន​កន្លែង​ហាត់ប្រាណ​ដែលមាន​បំពាក់​យ៉ាង​ពេញលេញ​ និង​ឧបករណ៍​ធ្វើ​ពី​មាស​នៅក្នុង​បន្ទប់ទឹក​។​

​នៅក្នុង​ពិភព​ដ៏​តូ​ចនៃ​នាវា​យក្ស​ដ៏​ធំ​បំផុត (​ដែលមាន​ចំនួន​ត្រឹមតែ​ ១៤ គ្រឿង​ប៉ុណ្ណោះ ក្នុង​ពិភពលោក​ដែលមាន​ប្រវែង​យ៉ាងតិច​ ១៤០ ម៉ែត្រ​) មានតែ​នាវា Scheherazade តែឯង​ប៉ុណ្ណោះ​ដែល​មិនទាន់មាន​ម្ចាស់​ណាមួយ​ចេញ​មុខមក​អះអាង​ជា​ម្ចាស់​ជា​សា​ធា​រណៈ​នៅឡើយ​។​ អ្នកវិភាគ​ភាគច្រើន​បាន​គិតថា នាវា​នេះ​អាចជា​កម្មសិទ្ធិ​របស់​ម​ហាសេដ្ឋី​នៅ​មជ្ឈិមបូព៌ា​ ឬ​ជាមហា សេដ្ឋី​រុស្ស៊ី​ដូចជា លោក ពូ​ទីន ជាដើម​។​

​កា​ពី​តែ​ន​នាវា​នេះ​ឈ្មោះ Guy Bennett-Pearce ជា​ជនជាតិ​អង់គ្លេស បាន​បដិសេធថា​ លោក ពូ​ទីន ​មិនមែនជា​ម្ចាស់​នាវា​នេះ​ទេ ​ហើយក៏​មិន​ធ្លាប់​ជិះ​នាវា​នេះ​ទេ​។ លោក​បាន​និយាយថា​៖ «​ខ្ញុំ​មិនដែល​ឃើញ​គាត់​ទេ​។ ​ខ្ញុំ​មិនដែល​បាន​ជួប​គាត់​ទេ​»​។​

​លោក​បាន​បន្ថែមថា ម្ចាស់​របស់​នាវា​នេះ មិន​ស្ថិតក្នុង​បញ្ជី​ទណ្ឌកម្ម​ណាមួយ​ទេ​។​លោក​មិនបាន​ច្រានចោល​ថា បុគ្គល​នោះ​អាចជា​ជនជាតិ​រុស្ស៊ីទេ ប៉ុន្តែ​បាន​បដិសេធ​មិន​និយាយ​បន្ថែម​អំពី​អត្តសញ្ញាណ​របស់​ម្ចាស់​ដោយ​លើកឡើង​ពី «​កិច្ច​ព្រមព្រៀង​មិន​បញ្ចេញ​ព័ត៌មាន​ទាក់ទិន​នឹង​ម្ចាស់​កម្មសិទ្ធិ​»​។​

​កា​ពី​តែ​ន Bennett-Pearce បាន​និយាយថា អ្នកស៊ើប​​អង្កេត​អ៊ី​តា​លីបានមក​លើ​នា​វា​នេះ​ កាលពី​ថ្ងៃ​សុក្រ ហើយ​បាន​ពិនិត្យ​ឯកសារ​បញ្ជាក់ មួយចំនួន​របស់​កប៉ាល់​។​ លោក​បាន​និយាយថា​៖ «​ពួកគេ​មើល​ល្អិតល្អន់​ណាស់​ហើយ​ពួកគេ​កំពុង​មើល​គ្រប់​ទិដ្ឋភាព​ទាំង​​អស់​។ ​នេះ​មិនមែនជា​ប៉ូលិស​ធម្មតា​ចុះមក​ទេ ពួកគេ គឺជា​បុគ្គល​ពាក់​អាវធំ​» ​មនុស្ស​ម្នាក់​ដែល​ដឹង​ពី​បញ្ហា​នេះ​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា ដោយ​​សារ​តែ​គាត់​មិន​ត្រូវបាន​អនុ​ញ្ញាត​ឱ្យ​ពិភាក្សា​នោះបាន​បញ្ជាក់ថា ប៉ូលិស​ហិរញ្ញវត្ថុ​អ៊ី​តា​លី បាន​បើក​ការ​ស៊ើប​អង្កេត​ជា​បណ្ដើរៗ​ហើយ​។​

​កាលពី​យប់​ថ្ងៃ​ចន្ទ លោក Bennett-Pearce បាន​និយាយថា គាត់​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ប្រគល់​ឯកសារ​ដែល​បង្ហាញ​អត្តសញ្ញាណ​ម្ចាស់​ទៅ​អាជ្ញាធរអ៊ី​តា​លី​។ លោក​បាន​និយាយថា លោក​នឹងធ្វើ​ដូច្នេះ​នៅ​ថ្ងៃ​អង្គារ ហើយ​ត្រូវបាន​គេ​ប្រាប់ថា ឯកសារ​នេះ​នឹង​រក្សា​ជា «​ការសម្ងាត់​»​។​

​គាត់​បាន​សរសេរ​នៅក្នុង​សារ​មួយ​ទៅកាន់​អ្នកយក​​ព័ត៌មាន New York Times ថា​៖ «​ខ្ញុំ​មិនមាន​ការងឿងឆ្ងល់​នៅក្នុង​ចិត្ត​របស់ខ្ញុំ​អ្វី​ទាំងអស់​ដោយសារ​ការស៊ើបអង្កេត​នេះ​នឹង​ជម្រះ​ចោល​នូវ​ពាក្យ​ច​ចាម​អា​រ៉ា​ម ​និង​ការរំពឹងទុក​អ​វិ​ជ្ជមាន​ទាំងអស់​»​។​

​ចម្ងល់​អំពី​ម្ចាស់​នាវា​នេះ​បានកើត​ឡើង​ដោយ​កម្រិត​នៃ​ភាព​​សម្ងាត់​មិន​ប្រក្រតី​សូម្បីតែ​មិន​ប្រក្រតី​នៅក្នុង​ពិភព​ឯកជន​ភាពខ្លាំង​នៃ​ម្ចាស់​នាវា​បែបនេះ​។ អ្នកម៉ៅការ​និង​បុគ្គលិក​នាវា​នេះ​ទាំងអស់​សុទ្ធតែ​បាន​ចុះ​​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លើ​មិន​បញ្ចេញ​ព័ត៌មាន​ហើយ​កប៉ាល់​នេះ​ទៀតសោត​ក៏មាន​គម្រប​សម្រាប់​លាក់បាំង​ស្លាក​ឈ្មោះ​ផងដែរ ហើយ​នៅពេល ដែល​វា​មកដល់​កំពង់ផែ​ដំបូង កម្មករ​បាន​ដំឡើង​របាំង​ដែក​ខ្ពស់​នៅលើ​ផែ ​ដើម្បី​បិទបាំង​ផ្នែក​ខ្លះ​នៃ​នាវា​។ ​អ្នកស្រុក​ខ្លះ​បាន​កត់​សម្គាល់ថា​ មិនដែល​ឃើញ​នាវា​ផ្សេង​ណា​ដូច​នាវា​នេះ​ទេ​។​

​នៅក្នុង​សុន្ទរកថា​សភា​ពនៃ​ប្រទេស​កាលពី​សប្ដាហ៍​មុន ​ប្រ​ធានា​ធិបតី​អាមេរិក​លោក ​ចូ បៃ​ដិ​​ន ​បានប្រកាសថា ក្រុម​​ការងារ​របស់​ក្រសួងយុត្តិធម៌ គឺ​កំពុង​តាមដាន​សេដ្ឋី​ពាក់ព័ន្ធ​នឹង​លោក ពូ​ទីន ហើយនឹង​រឹប​អូស​ទ្រព្យសម្បត្តិ​ពួកគេ​ទាំង​​អស់​។ ទណ្ឌកម្ម​ត្រូវបាន​ដាក់​ប្រឆាំងនឹង​សេដ្ឋី​រាប់រយ​នាក់ ហើយ​បញ្ជី​បន្ត​កើនឡើង​៕