នៅពេលដែល​លោក​ លី កេ​ឈាង ធ្វើ​សន្និសីទ​សារព័ត៌មាន​ជា​​មួយ​អ្នកព័ត៌មាន​ក្នុងស្រុក ​និង​បរ​​ទេស​នៅ​ថ្ងៃ​សុក្រ​នេះ វា​អាច​ទំនងជា​ការបង្ហាញ​ខ្លួន​ចុងក្រោយ​របស់លោក​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​ប្រទេស​ចិន​។ សន្និសីទ​សារព័ត៌​​មាន​របស់​លោកនាយក​រដ្ឋមន្ត្រី​នៅ​ចុងបញ្ចប់​នៃ​សម័យប្រជុំ​ប្រចាំឆ្នាំ​នៃ​សភា​ប្រជាជន​ចិន ​គឺជា​ឱកាស​​សម្រាប់​អ្នកសារព័ត៌មាន​សួរ​សំណួរ​ដោយផ្ទាល់​ទៅកាន់​មេដឹកនាំ​ចិន​។​

​តាម​ទំនៀមទម្លាប់​បក្ស​កុម្មុយនីស្ត​ចិន ​បន្ទាប់ពី​កាន់អំណាច​រយៈពេល​ ១០ ​ឆ្នាំ លោក ​លី នឹងត្រូវ​ចូលនិវត្តន៍ ហើយ​អ្នក​ស្នង​តំណែង​ថ្មី​នឹងត្រូវ​បានជ្រើសរើស​នៅ​សមាជ​បក្ស​កុម្មុយនីស្ត​ចិន​នៅ​ចុងឆ្នាំ​នេះ​ ដោយ​នឹង​ចូលកាន់​អំណាច​នៅ​ចុងបញ្ចប់​នៃ​សម័យប្រជុំ​សភា​ប្រជាជន​ចិន​នៅ​ឆ្នាំក្រោយ​។ ប៉ុន្តែ​អ្នកឃ្លាំមើល​វិមាន​ជុង ណាន​ហៃ​បាន​និយាយថា ករណី​ផ្ទុយ​ពីនេះ កំពុង​កើតឡើង​។​

​ប្រភព​មួយ​និយាយថា​៖ «​ដោយមិន​នឹកស្មាន​ដល់​អំណាច​របស់​លោកនាយក​រដ្ឋមន្ត្រី​លើ​គោល​​នយោបាយ​សេដ្ឋកិច្ច​ប្រចាំថ្ងៃ ​គឺ​កំពុង​ពង្រឹង​បន្តិច​»​។ ប្រភព​មួយទៀត​និយាយថា​៖ «​ស្ថានភាព​សេដ្ឋកិច្ច​ដ៏​តានតឹង​កំពុង​បង្ខំ​ឱ្យ​រដ្ឋា​ភិ​​បាល​ប្រកាន់យក​គោលនយោបាយ​ប្រកបដោយ​តុល្យភាព​។ មនុស្ស​កំពុងនិយាយ​ល្អ​អំពី​នាយក​រដ្ឋ​មន្ត្រី​សព្វថ្ងៃ​»​។​

​តម្រុយ​នៃ​ការវិវត្ត​បែបនេះ​បានបង្ហាញ​ខ្លួន​ក្នុង​របាយការណ៍​ការ​​ងារ​ប្រចាំឆ្នាំ​របស់​រដ្ឋាភិបាល​ចិន ដែល​លោក​លី​បញ្ជូនទៅ​សភា​ប្រជាជន​ចិន​កាលពី​ថ្ងៃ​សៅរ៍​។ ការ​ថ្លែង​សុន្ទរកថា​បើក​សម័យប្រជុំ​របស់​សភា​ចិន បានលើកឡើង​អំពី​គោលនយោបាយ​ចម្បង «​វិបុល​​ភាព​រួម​» របស់លោក​ប្រធានាធិបតី​ ស៊ី ជីន​ភីង តែ​ ១​ ដង​គត់​។​

​ផែនការ​កំណត់​ទីក្រុង​ហាន់​ចូ​វ ដែលជា​កន្លែង​លោក ​ស៊ី បម្រើការ​ជាច្រើន​ឆ្នាំថា ​ជា «​តំបន់​គំរូ​» នៃ​វិបុលភាព​រួម ក៏​មិនត្រូវ​បានលើកឡើង​នោះទេ​ ហើយក៏​គ្មាន​ការលើកឡើង​ពាក់ព័ន្ធ​នឹង​គោ​លន​យោ​​បាយ «​ការ​ចែកចាយ​ថ្នាក់​ទី​៣» ដែល​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ធំៗ​ដូចជា​ក្រុមហ៊ុន Alibaba ធ្វើការ​បរិច្ចាគ​ចំណូល​របស់​ពួកគេ​។​

​គោលនយោបាយ​ធំៗ​របស់លោក ​ស៊ី ជីន​ភីង ​ទាំងនេះ គឺ​ត្រូវបាន​សង្កត់ធ្ងន់​ជា​ញឹកញាប់​ក្នុងការ​ថ្លែង​សុន្ទរកថា​មុនៗ ហើយ​ការ​​លុប​មិន​លើកឡើង​ពី​វា​បាន គឺ​គួរឱ្យភ្ញាក់ផ្អើល​ណាស់​។​

​ទន្ទឹមនឹងនោះ​ក្នុងចំណោម​គោលនយោបាយ​ដែល​ទទួលបាន​ម៉ោង​ផ្សាយ​គ្រប់គ្រាន់​គឺ «​ផែនការ​នគ​​រូបនីយកម្ម​ប្រភេទ​ថ្មី​» ដែល​លោក​ លី និង​ទីប្រឹក្សា​របស់គាត់​កំពុង​ជំរុញ​ឱ្យ​សភា​អនុម័ត​។ ផែនការ​នេះ​អំពាវនាវ​ឱ្យ​ទីក្រុង និង​តំបន់​ជនបទ​ត្រូវបាន​អភិវឌ្ឍ​ក្នុង​លក្ខណៈ​សមា​ហ​រណកម្ម​។​

​គោលដៅ​របស់លោក ​ស៊ី ដើម្បី​ជួសជុល​វិសមភាព​សង្គម ដែល​ដើមឡើយ​ត្រូវបាន​គេ​គិតថា ជា​គោលដៅ​ចម្បង​សម្រាប់​ឆ្នាំនេះ គឺ​ហាក់ដូចជា​ត្រូវបាន​គេ​ទុក ​១ ​កន្លែង​សិន​។​

​សូម្បីតែ​លោក​ ស៊ី​ ខ្លួន​លោក​ក៏​និ​​យាយ​តិចជាង​មុន​អំពី​វិបុលភាព​រួម​។​

​នៅពេលដែល​លោក​ ស៊ី​ ចូលរួម​កិច្ចប្រជុំ​ជាមួយ​សមាជិក​តំណាង​តំបន់​ស្វយ័ត​ម៉ុង​ហ្គោ​លីខាងក្នុង នៅ​ថ្ងៃ​បើក​សម័យប្រជុំ​សភា​ចិន លោក​បាន​និយាយ​អំពី​វិបុលភាព​រួម​តែម្ដង​ប៉ុណ្ណោះ​។ នៅ​ថ្ងៃ​បន្ទាប់​លោក​បាន​ជួប​ជាមួយ​សន្និសីទ​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន ដែលជា​ស្ថាប័ន​ពិគ្រោះ​យោបល់​កំពូល​របស់​ប្រទេស​ចិន​។ ការលើកឡើង​តែមួយគត់​អំពី​វិបុលភាព​រួម​ចេញពី​កិច្ចប្រជុំ​នេះ​គឺ​ចេញ​នៅក្នុង​មតិ​នៃ​សមាជិក​មួយរូប​នៃ​សន្និសីទ​នេះ​។​

​នេះ​គឺ​ខុសគ្នា​យ៉ាងខ្លាំង​ធៀប​នឹង​ឆ្នាំមុន នៅពេលដែល​លោក ​ស៊ី ទាមទារ​ឱ្យ​មានការ​ផ្ដោតលើ​វិបុលភាព​រួម​នៅ​កិច្ចប្រជុំ​គណៈ​​ក​ម្មា​ធិ​ការ​មជ្ឈិមបក្ស​សម្រាប់​កិច្ច​​ការ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​។​របាយ​ការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​នៅថ្ងៃនោះ​បាន​ប្រើពាក្យ «​វិបុល​​ភាព​រួម​» រហូតដល់ ១៦ ​ដង​។​

​ការអនុវត្ត​គោលនយោបាយ​កាលនោះ​ ដើម្បី​សម្រេចបាន​នូវ​គោលដៅ គឺមាន​កម្រិត​ខ្លាំង ធ្វើឱ្យ​អ្នកវិភាគ​មួយចំនួន​គិតថា​ ប្រទេស​ចិន ​នឹង​ឆ្លងកាត់​បដិវត្តន៍មួយទៀត​។ ក្នុង​រយៈពេល​ជាង​១ ​ឆ្នាំ​ក្រោយមក សេចក្ដីប្រាថ្នា​សម្រាប់​វិបុលភាព​រួម គឺ​ហាក់ដូចជា​ធ្លាក់ចុះ​។​

​លោក​ ស៊ី ត្រូវបាន​គេ​គិតថា ​មិនមាន​នរណា​ហ៊ាន​ប្រជែង​លោក​ក្នុងការ​ចូលកាន់​អំណាច​ក្នុង​អាណត្តិ​ទី​៣ ​ទេ​។ ប៉ុន្តែ​ឥឡូវ​លោក​កំពុង​ជួបនឹង​ឧបសគ្គ​ដ៏​ធំ​មួយ គឺ​ការធ្លាក់​សម្ទុះ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ចិន ធ្លាក់​កម្រិត​មួយ​ដែល​គណបក្ស​កុ​ម្មុយ​​នី​ស្ត​អាច​មិន​ទទួលយកបាន​។​

​ការធ្លាក់​សម្ទុះ​នេះ គឺ​មួយផ្នែក​បង្កដោយ​គោលនយោបាយ​អនុ​​វត្ត​ដោយ​លោក​ ស៊ី ដើម្បី​សម្រេចបាន​នូវ «​វិបុលភាព​រួម​»​។​

​សូម្បីតែ​មន្ត្រី​អាជីព​ក្នុង​រដ្ឋាភិ​បាល​លោក ​លី បានបង្ហាញ​ការ​​ព្រួយបារម្ភ​។ មន្ត្រី ​១ ​រូប​និយាយថា​៖ «​ក្រុមហ៊ុន​ឯកជន​ទំហំ​តូច និង​មធ្យម គឺ​កំពុង​បាត់បង់​សម្ទុះ​ទៅហើយ​។ ប្រសិនបើ​ស្ថានភាព​នេះ មិន​ផ្លាស់ប្ដូរ​សេដ្ឋកិច្ច​ដ៏​មាន​ឥទ្ធិ​​ពល​របស់​ប្រទេស​ចិន ​ដែល​យើង​ចំណាយពេល​សាងសង់​ជាច្រើន​ឆ្នាំ អាច​ដួលរលំ​ភ្លាមៗ​»​។​

​ក្នុង​របាយការណ៍​ការ​ងារ រដ្ឋា​ភិ​​បាល​ចិន​បានប្រកាស​គោលដៅ​កំណើន ៥,៥ ភាគរយ​សម្រាប់ឆ្នាំនេះ​។ នេះ​គឺ​ទាប​ជាង​កំណើន​ជាង ៨ ភាគរយ​កាលពី​ឆ្នាំមុន ប៉ុន្តែ​ខ្ពស់ជាង​ការ​ព្យាករ ៤,៨ ភាគរយ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​។​

​ការកំណត់​គោលដៅ​ត្រឹមតែ ៤ ភាគរយ​ គឺ​មិនអាច​ទៅរួច​ទេ សម្រាប់​គណបក្ស​កុម្មុយនីស្ត​ចិន​។ គោលដៅ ៥,៥ ភាគរយ​ គឺអាច​ទទួលយកបាន ប៉ុន្តែ​លោក​ ស៊ី​ ត្រូវតែ​ចៀសវាង​គោ​លន​យោ​បាយ​ដែល​អាច​ប៉ះពាល់​ដល់​កំណើន​។​

​ជំហរ​ផ្លូវការ​របស់​គណៈកម្មកា​រ​អចិ​ន្រៃ្ត​យ៍​នៃ​ការិយាល័យ​ន​យោ​​បាយ ដែលជា​អំណាច​កំពូល​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន គឺថា​គោលដៅ «​វិបុលភាព​រួម​» គឺជា​គោលដៅ​វែងឆ្ងាយ មិនមែនជា​គោលដៅ​ប្រចាំថ្ងៃ​ទេ​៕