មន្ទីរ​បញ្ចកោណ​កាល​ពី​ថ្ងៃពុធ បាន​ច្រាន​ចោល​ផែនការ​របស់​ប៉ូឡូញ​ដែល​ចង់​បញ្ជូន​យន្ត​ហោះ​ចម្បាំង​សម័យ​សូវៀត​ទៅ​ឱ្យ​អ៊ុយក្រែន​​តាមរយៈ​អាមេរិកដោយ​អះអាង​ថា សំណើ​នេះ​ គឺ​ជា​ការ​​ប្រថុយ​​ប្រថាន​នឹង​ការ​បង្ក​ឱ្យ​មាន​​សង្គ្រាម​កាន់​តែ​ទូលំ​ទូលាយ​បន្ថែម​ទៀត​រវាង​រុស្ស៊ីនិង​អង្គការ​ណាតូ​។

សេចក្ដី​ប្រកាស​របស់​ប៉ូឡូញ​កាលពី​ថ្ងៃអង្គារ បាន​ធ្វើ​ឱ្យ​គេ​មាន​ក្ដី​សង្ឃឹម​ខ្ពស់​បំផុត​សម្រាប់​ស្ថានភាព​នៅ​​​ប្រទេស​អ៊ុយក្រែន​ថា​ ការ​អំពាវ​នាវ​របស់​ប្រធានាធិបតី Volodymyr Zelenskyy ក្នុង​ការ​ស្នើសុំ​​យន្តហោះ​ចម្បាំង​បន្ថែម​ទៀតនឹង​ទទួល​បាន​ផល​ក្នុង​ពេល​ឆាប់ៗ​ ប៉ុន្តែ​ក៏​បាន​ធ្វើ​ឱ្យ​មន្ត្រី​អាមេរិក​ភ្ញាក់ផ្អើល។

សំណើ​របស់​ប៉ូឡូញ បាន​ដាក់​ទំនួល​ខុស​ត្រូវ​ឱ្យ​សហរដ្ឋអាមេរិក​ ដោយ​អំពាវនាវ​ឱ្យ​អាមេរិកគ្រប់​គ្រង​យន្តហោះ​ចម្បាំង MiG-29 នៅ​ឯ​មូលដ្ឋាន​ទ័ព​អាកាស​អាមេរិក​ក្នុង​ប្រទេស​អាល្លឺម៉ង់ ហើយ​បន្ទាប់​មក​បញ្ជូន​យន្ត​ហោះ​នោះ​ទៅ​ឱ្យ​អ៊ុយក្រែន​វិញ​ ដែល​ការ​លើក​លើង​នេះ​ត្រូវ​បាន​មន្ទីរ​បញ្ចកោណច្រាន​ចោល​ទាំង​ស្រុង​ថា ​«​មិន​អាច​ទ្រាំទ្រ​បាន​»​។

ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​សេតវិមានបាន​បើក​ចំហ​ចំពោះ​ការ​ចរចា​កិច្ចព្រមព្រៀង​មួយ​កាល​ពី​ថ្ងៃ​ពុធ ដោយ​និយាយ​ថា​ ព័ត៌មាន​លម្អិត​អំពី «ភ័ស្តុភារនិង​ប្រតិបត្តិការ» កំពុង​ត្រូវ​បាន​ពិភាក្សា​រវាង​​សហរដ្ឋអាមេរិក​សម្ព័ន្ធមិត្ត​ណាតូ និង​អ៊ុយក្រែន​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​ទៀត ដោយមន្ទីរ​បញ្ចកោណបាន​ច្រាន​ចោល​គំនិត​នេះ​ទាំង​ស្រុង​។​​

អ្នក​នាំ​ពាក្យ​មន្ទីរ​បញ្ចកោណ​លោក ​John Kirby បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធថា៖ «យើង​មិន​គាំទ្រ​ការ​ផ្ទេរ​យន្តហោះ​ចម្បាំង​ទៅ​កង​កម្លាំង​អាកាស​អ៊ុយក្រែន​នៅ​ពេល​នេះ​ទេហើយ​ដូច្នេះ​ក៏​មិន​ចង់​ឃើញ​ពួកគេ​នៅ​ក្នុង​ដៃ​របស់​យើង​ដែរ​»​។

ភាព​មិន​ប្រាកដ​ប្រជា​រវាង​​​សម្ព័ន្ធមិត្ត​ណាតូ​ទាំង​២​ បាន​បង្ក​ឱ្យ​មាន​ភាព​​​ច្របូក​ច្របល់​និង​ការ​ហួស​ចិត្ត​។ ប៉ូឡូញពី​ដើម​បាន​ជំទាស់​នឹង​ការ​ផ្ទេរ​ដូច្នេះ​ខណៈ​ពេល​ដែល​សហរដ្ឋអាមេរិក​បាន​គាំទ្រ​វាក្រោយ​មក​ពេល​​ថ្មីៗ​នេះនៅ​ពេល​ប៉ូឡូញ​បាន​យល់ព្រម​ ​​សហរដ្ឋអាមេរិក​បែរជា​ប្រឆាំង​នឹង​វា​វិញ​។​

លោក Zelenskyy បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​កាល​ពី​ថ្ងៃពុធថា​៖ «នេះ​មិនមែន​ជា​ល្បែង​ប៉េងប៉ុង​ដែល​ត្រូវ​រុញ​ទៅ​រុញ​មក​ដូច​នេះ​ទេ​។នេះ​គឺ​រឿង​ជីវិត​របស់​មនុស្ស។យើង​សួរ​ម្តង​ទៀត ហើយ​សូម​ឱ្យ​មាន​ការ​សម្រេច​ចិត្ត​ឱ្យ​លឿន។ កុំ​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ។ បញ្ជូន​យន្តហោះ​មក​ពួក​យើង​មក»។

ប្រធាន​សភា​តំណាង​របស់​អាមេរិក​លោក​ស្រី​ Nancy Pelosi បាន​និយាយ​ក្នុង​ទូរស័ព្ទ​រយៈពេល ៤៥ នាទី​ជា​មួយ​លោក ​Zelenskyy​ អំពី​ការ​ផ្ដល់​ជំនួយ​អាវុធ​របស់​សហរដ្ឋអាមេរិក​។ ​ក្រោយ​មក​លោក​ស្រី​និយាយ​ថា៖ «គាត់​ចង់​បាន​តែ​យន្ត​ហោះ យន្តហោះ យន្តហោះ»​។

យ៉ាងណាមិញរុស្ស៊ី​បាន​ព្រមាន​ប្រទេស​ណា​មួយ​​ដែលអនុញ្ញាត​ឱ្យ​អ៊ុយក្រែន​ប្រើ​ប្រាស់​អាកាស​យានដ្ឋាន​របស់​ខ្លួន ដើម្បី​គាំទ្រ​យន្តហោះ​យោធាដោយ​អ្នកនាំ​ពាក្យ​វិមាន​ក្រឹមឡាំងលោក Dmitry Peskov បាន​និយាយ​កាល​ពី​ថ្ងៃពុធថា​៖ «នេះ​គឺ​ជា​សេណារីយោ​ដែល​មិន​គួរ​ឱ្យ​ចង់​បាន និង​គ្រោះថ្នាក់​បំផុត»​។

យោង​តាម​លោក Kirby ការ​បញ្ជូន​យន្តហោះ​ចម្បាំង​របស់​អ៊ុយក្រែន​មិនមែន​ជា​អ្វី​ ដែល​ទីក្រុង​កៀវ​ ត្រូវ​ការ​នៅ​ពេលនេះ​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​កង​កម្លាំង​រុស្ស៊ី និង​ការ​ទម្លាក់​គ្រាប់​បែក​ដ៏​លើស​លប់​របស់​ពួកគេ​ទេ​។

លោក Kirby បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃពុធថា៖ «យើង​នៅ​មាន​ជម្រើស​ជំនួសដែល​សម​ស្រប​ជាង​ក្នុង​ការ​ជួយ​ដល់​យោធា​អ៊ុយក្រែន​ក្នុង​ការ​ប្រយុទ្ធ​របស់​ពួកគេ​ប្រឆាំង​នឹង​រុស្ស៊ី​។ យើង​នឹង​បន្ត​ស្វែង​រក​ជម្រើស​ទាំង​នោះ»​។

លោកបាន​បន្ថែម​ថា​ កង​កម្លាំង​ទ័ព​អាកាស​របស់​អ៊ុយក្រែន​មានកងវរសេនាតូច​យន្តហោះ​ជា​ច្រើន​ដែល​មាន​សមត្ថភាព​បេសកកម្ម​ពេញលេញ​រួច​ហើយ ហើយ​ជំនួស​មក​វិញ សហរដ្ឋអាមេរិក​គ្រោងនឹង​បន្ត​ផ្តល់ ប្រព័ន្ធដែល​ពួកគេ​ត្រូវ​ការ​បំផុត ដើម្បី​កម្ចាត់​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ីជា​ពិសេស ប្រឆាំង​គ្រឿង​សឹកនិង​ការពារ​ដែន​អាកាស។​

សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ឱ្យ​អ៊ុយក្រែន​នូវ​កាំជ្រួច​ប្រឆាំង​យន្តហោះ​ Stinger។ ចក្រភព​អង់គ្លេសបាន​ប្រកាស​កាល​ពី​ថ្ងៃពុធថា ​ខ្លួន​នឹង​ផ្ដល់​ប្រព័ន្ធ​ស្រដៀង​គ្នា​របស់​ខ្លួនដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​Starstreak​។

ប៉ុន្តែ​សម្រាប់​ពេល​នេះអាមេរិក​កំពុង​​គូស​ខ្សែបន្ទាត់​ប្រឆាំង​នឹង​​យន្តហោះ​ចម្បាំងដែល​មន្ត្រី​អាមេរិក​និយាយ​​​ថា​​ ជា​រឿង​​​​ពិបាក​ក្នុង​ការ​បញ្ជូន​​ទៅ​​​អ៊ុយក្រែន​​ ដោយ​​​សារ​ភាព​​ប្រថុយប្រថាន​​នឹង​ការ​​​សងសឹក​របស់​រុស្ស៊ី​មាន​កម្រិត​ខ្ពស់​។

យ៉ាង​ណា​មិញប៉ុន្មាន​ថ្ងៃ​មុន​នេះរដ្ឋ​មន្ត្រី​ការ​បរទេស​លោក Antony Blinken បាន​និយាយ​ថា សហរដ្ឋ​អា មេរិក​​បាន​ផ្ដល់ «ភ្លើង​ខៀវ» ដល់​ប៉ូឡូញ ដើម្បី​ផ្ដល់​យន្តហោះ​ផ្ទាល់​ដល់​​អ៊ុយក្រែន បើ​ទោះ​ជា​លោក​បាន​និយាយ​ថា វា​ជា​ជម្រើស​របស់​​ប៉ូឡូញ​ក៏​​ដោយ៕

វីដេអូ៖