បេក្ខជន​អភិរក្សនិយម​មកពី​គណបក្សប្រឆាំង​លោក ​យូ​ន ស៊ុ​ក​-​យល បាន​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​កូរ៉េខាងត្បូង ដោយ​គម្លាត​សំឡេង​ដ៏​តូច​មួយ បន្ទាប់ពី​យុទ្ធនាការ​បោះឆ្នោត​ដ៏​ជូរចត់​ដែល​ពោរពេញ​ទៅដោយ​ការចោទប្រកាន់​ទៅវិញ​ទៅ​​មក​អំពី​អំពើពុករលួយ​។​

​លោក ​យូ​ន អតីត​អគ្គ​អយ្យការ​នៃ​ប្រទេស​កូរ៉េខាងត្បូង​ ដែល​ទើបតែ​ចូលប្រឡូក​ក្នុង​នយោបាយ​កាលពី​ឆ្នាំមុន បាន​យកឈ្នះ​លើ​បេក្ខជន​គណបក្សកាន់អំណាច​លោក​ លី ជេ​ម្យុ​ង ដោយ​គម្លាត​សំឡេង​តិចជាង ១ ​ភាគរយ បន្ទាប់​សន្លឹកឆ្នោត ៩៨ ភាគរយ​ត្រូវបាន​រាប់​។ លោក​ លី បានប្រកាស​ចុះចាញ់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។​

​លោក ​យូ​ន បាន​ប្រាប់​អ្នកគាំទ្រ និង​មន្ត្រី​នៃ​គណបក្ស​អំណាច​ប្រជាជន​ថា​៖ «​ការប្រកួត​បាន​ចប់​ហើយ ឥឡូវ​យើង​ត្រូវ​រួបរួមគ្នា​ដើម្បី​ប្រជាជន និង​ដើម្បី​ប្រទេស​»​។​

​ដូច​ប្រធានាធិបតី​អភិរក្សនិយម​មុនៗ គេ​រំពឹងថា​លោក​ យូ​ន បង្ហាញ​ជំហរ​មិនសូវ​ផ្សះផ្សា​ជាមួយ​ប្រទេស​ចិន និង​កូរ៉េខាងជើង ហើយនឹង​បង្វែរ​ក្រុង​សេ​អ៊ូ​ល ឱ្យខិត​កាន់តែ​ជិត​ជាមួយ​ក្រុង​វ៉ាស៊ីនតោន និង​បង្កើន​ការប្រកួតប្រជែង​ជាមួយ​ក្រុង​ប៉េកាំង​។​

​ក្នុង​តំណែង​ជា​អយ្យការ ​១ ​រូប លោក​យូ​ន​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ស៊ើបអង្កេត​អំពើពុករលួយ​ដែល​ឈានដល់​ការ​​ទម្លាក់​លោកស្រី​ប្រធានាធិបតី​ ផាក ហ្យុ​ន​ហេ ​ចេញពី​តំណាង​នៅ​ឆ្នាំ ២០១៧​។​

​លោក ​យូ​ន ត្រូវបានតែងតាំង​ជា​អគ្គ​អយ្យការ​ក្នុង​រដ្ឋបាល​របស់លោក​ប្រធានាធិបតី​ មូ​ន ជេ​អ៊ី​ន ប៉ុន្តែ​ជម្លោះ​បាន​កើតឡើង​ស្ទើរតែ​ភ្លាមៗ រវាង​រដ្ឋាភិបាល និង​លោក​ យូ​ន បន្ទាប់ពី​លោក​បើក​ការស៊ើបអង្កេត​លើ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក ​ឆូ កុក និង​ក្រុមគ្រួសារ​របស់លោក​ជុំវិញ​រឿងអាស្រូវ​ជាច្រើន ដែល​រួមមាន​ការចោទប្រកាន់​អំពី​សកម្មភាព​អាជីវកម្ម​ខុសច្បាប់ និង​ការ​​ចោទប្រកាន់ថា​ កូនស្រី​របស់លោក​ ឆូ បាន​ក្លែងបន្លំ​ឯកសារ​ដាក់ពាក្យ​ចូលរៀន​សាកលវិទ្យាល័យ​។ ការស៊ើបអង្កេត​ទាំងនេះ​បានធ្វើឱ្យ​លោក​ឆូ​លាលែង​ពី​តំណែង បន្ទាប់​ចូល​បម្រើការ​បានត្រឹមតែ ៣៥​ ថ្ងៃ​ប៉ុណ្ណោះ​៕

វីដេអូ៖