រុស្ស៊ី​បាន​អះអាង​ថា ​ខ្លួន​បាន​រក​ឃើញ​ឯកសារ​សម្ងាត់​ដែល​បង្ហាញ​ពី​ផែនការ​របស់​អ៊ុយក្រែន​ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​លើ​ក្រុម​ផ្ដាច់​ខ្លួន​នៅ​តំបន់​ដុនបាស​នៅ​ខែ​មីនា។​ នេះ​បើ​តាម​ការ​លើកឡើង​របស់​ក្រសួង​ការពារ​ជាតិ​ និង​ក្រសួង​ការបរទេស​រុស្ស៊ី​។

ក្រសួង​ការពារ​ជាតិ​ និង​ក្រសួង​ការបរទេស​រុស្ស៊ី​ បាន​ចេញ​ផ្សាយ​ឯកសារ​មួយ​ ដែល​បង្ហាញ​ពី​ការ​បញ្ជា​សម្ងាត់​មួយ​ ចុះ​ហត្ថលេខា​ដោយ​មេបញ្ជាការ​កម្លាំង​ឆ្មាំ​ជាតិ​អ៊ុយក្រែន​ លោក​ឧត្ដមសេនីយ៍​ឯក​ នីកូឡៃ បាឡាន​ នៅ​ថ្ងៃ​ទី​ ២២​ មករា​ ដើម្បី​ត្រៀម​កង​កម្លាំង​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុម​ផ្ដាច់​ខ្លួន​នៅ​តំបន់​ដុនបាស​នៅ​ខែ​មីនា​។

រុស្ស៊ី​មិន​បាន​និយាយ​ថា ​ពួកគេ​រក​ឃើញ​ឯកសារ​នេះ​នៅ​ឯណា​ទេ​។

អ្នក​នាំ​ពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​លោក​ឧត្ដមសេនីយ៍​ត្រី​ អ៊ីហ្គ័រ កូណាសេនកូវ បាន​និយាយ​ថា​៖ «ឯកសារ​អនុម័ត​លើ​រចនាសម្ព័ន្ធ​អង្គភាព និង​បុគ្គលិក​នៃ​ក្រុម​យុទ្ធវិធី​ទំហំ​កងវរសេនាតូច​នៃ​កង​ពល​តូច​ប្រតិបត្តិការ​ទី​៤ នៃ​ឆ្មាំ​ជាតិ​អ៊ុយក្រែន​ ការ​រៀប​ចំ​រចនាសម្ព័ន្ធ​ការ​គាំទ្រ​ដ៏​ទូលំ​ទូលាយ និង​ការ​ផ្ទេរ​វា​ទៅ​បម្រើការ​ជាមួយ​កង​ពល​តូច​វាយ​ប្រហារ​តាម​អាកាស​ទី៨០»​។

លោក​បន្ថែម​ទៀត​ថា​៖ «ខ្ញុំ​សូម​បញ្ជាក់​ថា អង្គភាព​ទ័ព​វាយប្រហារ​តាម​អាកាស​របស់​អ៊ុយក្រែន​នេះ​ត្រូវ​បាន​បណ្ដុះបណ្ដាល​តាំងពី​ឆ្នាំ ២០១៦ ដោយ​គ្រូ​បង្ហាត់​ជនជាតិ​អាមេរិក និង​អង់គ្លេស​»។

រុស្ស៊ី​បាន​ធ្វើ​ការ​អះអាង​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​សកម្មភាព​របស់​អ៊ុយក្រែន​ប្រឆាំង​នឹង​ក្រុម​ផ្ដាច់​ខ្លួន​នៅ​តំបន់​ដុនបាស​ ដែល​រួមមាន​ការ​អះអាង​របស់​លោក​ប្រធានាធិបតី ​វ្ល៉ាឌីមៀរ​ ពូទីន​ ថា​អ៊ុយក្រែន​កំពុង​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​រុស្ស៊ី​នៅ​ទី​នោះ​។ រុស្ស៊ី​បាន​ប្រើ​លេស​ទាំង​នេះ​ដើម្បី​ធ្វើ​ការ​លុកលុយ​ចូល​ក្នុង​ទឹកដី​អ៊ុយក្រែន៕

វីដេអូ៖